en     km
en     km

​លោក​ ឈាង​ វុន​ ៖​ ការ​បកស្រាយ​រឿង​ផែនទីរបស់​លោក​ អ៊ុំ​ សំ​អាន​ អាច​នាំ​ឱ្យ​អ​ស្ថេ​រ​ភាព​ជាតិ​

Share

ភ្នំពេញ​៖​ លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​​សារ​ព័ត៌​​មាន​ ក្រោយ​​កិច្ចប្រជុំ​គណកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​ ១២​ ខែមេសា​នេះ​ថា​ ការ​​បកស្រាយ​រឿង​ផែនទី​កម្ពុជា​-​វៀតណាម​ របស់​លោក​ អ៊ុំ​ សំ​អាន​ នា​ពេល​កន្លង​​មក​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​​ភាន់​ច្រឡំ​ និង​អាច​បណ្តាល​ឱ្យ​មានការ​ប្រឈម​​មុខ​ដាក់​គ្នា​រវា​ង​ប្រ​ទេស​ជិតខាង​ ដែល​អាច​​នាំ​ឱ្យ​អ​ស្ថេ​រ​ភាព​​ក្នុង​សង្គម​ជាតិ​។​ តែ​យ៉ាងណា​​មន្ត្រីជា​ន់ខ្ពស់​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ លើក​ឡើង​ថា​ ការ​បក​ស្រា​យ​​នានា​របស់​លោក​ អ៊ុំ​ សំ​អាន​ ពី​រឿង​បញ្ហា​ព្រំដែន​ គឺ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​។​

CCHANG-VOUN-WMC
លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្សប្រជាជនកម្ពុជា

​លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្សកាន់អំណាច​ បាន​អះអាង​ថា​ ការ​បកស្រាយ​រឿង​ផែនទី​កម្ពុ​ជា​ វៀតណាម​ ពី​សំណាក់​លោក​ អ៊ុំ​ សំ​អាន​ នា​ពេល​កន្លង​មក​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់​ច្រ​លំ​ និង​អាច​ធ្វើ​បណ្តាល​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ជិតខាង​ ដែល​អាច​នាំ​ឱ្យ​អ​ស្ថេ​រ​ភាព​ក្នុង​សង្គម​ជាតិ​។​

លោក​ ឈាង​ វុន​ បាន​ថ្លែង​ដូចនេះ​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដែល​មាន​របៀប​វារៈ​​ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​លើ​របាយការណ៍​ស្តី​ពី​ការ​ចោទប្រកាន់​លើ​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​រួម​ត្រូវ​បាន​ចាប់ខ្លួន​។​

​លោក​ អ៊ុំ​ សំ​អាន​ ជាស​កម្ម​នឹង​បញ្ហា​ព្រំដែន​ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ក្នុង​ខេត្តសៀមរាប​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។​ លោក​បាន​ចាក​ចេញពី​ប្រទេស​អស់​រយៈពេល​ជាង​ ០៧​ ខែ​ ហើយ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

កាលពី​ម៉ោងជាង​ ១២​ ថ្ងៃត្រង់​ សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​លោក​ទៅ​ខ្លួន​នៅ​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ពីរ​ករណី​ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ (​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​)​ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​ ៤៩៥​ និង​ ៤៩៦​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៥​ និង​រហូត​ដល់​ថ្ងៃ​ទី​ ១០​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

លោក​ ឈាង​ វុន​ បន្ត​ថា​ ទ​ង្វើ​របស់​លោក​ អ៊ុំ​ សំ​អាន​ គឺជា​អំពើ​ឧក្រិដ្ឋ​ ព្រោះ​ក្រោយ​ពី​លោក​ អ៊ុំ​ សំ​អាន​ បាន​បំផុស​ និង​ញុះញង់​ពលរដ្ឋ​ពី​បញ្ហា​ព្រំដែន​រួច​មក​ ក៏​មាន​កើតហេតុ​ការណ៍​ហិង្សា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

“ត្រូវ​ហើយ​!​ ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​គឺជា​អំពើ​លើ្ម​ស​មួយ​ធំ​ណាស់​ ដែល​គាត់​បំផុស​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សង្ស័យ​ អាច​មាន​សភាព​ជ្រួលច្របល់​ យើង​បានឃើញ​ហើយ​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ន​អី​មក​ កន្លង​មានការ​វ៉ៃ​គ្នា​តាម​ទល់ដែន​យើង​ឃើញ​ស្រាប់​ហើយ​…​”​ ។

ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ សុ​ន​ ឆ័​យ​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បើក​សន្និសីទ​សារព័ត៌​មា​ន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​នៅ​ព្រឹក​នេះ​ បាន​បញ្ជាក់​ថា​ សកម្មភាព​របស់​លោក​ អ៊ុំ​ សំ​អាន​ គឺ​ស្រប​តាម​ច្បា​ប់​រដ្ឋធម្មនុញ្ញ​ ដែល​ចែង​អនុញ្ញាត​ឱ្យ​អ្នកតំណាង​រាស្ត្រ​អាច​បញ្ចេញមតិ​ សម្តែង​យោបល់​ផ្សេងៗ​ទាក់ទង​អំពើ​ពុក​រលួ​យ​ ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​ ករណី​រំលោភសិទ្ធិ​ពលរដ្ឋ​ និង​បញ្ហា​ជាតិ​ធំៗ​ដូច​ជា​ បញ្ហា​ឯករាជ្យ​ជាតិ​ បញ្ហា​បូរ​ណ​ភាព​ទឹកដី​ជាដើម​។​ លោក​ សុ​ន​ ឆ័​យ​ បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​យក​បញ្ហា​ព្រំដែន​មក​ធ្វើ​អាជីវ​កម្ម​ដើម្បី​ទាញ​យក​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ព្រោះ​បញ្ហា​ព្រំដែន​ជា​កិច្ចការ​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​។​

“​សូម​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​យក​បញ្ហា​ព្រំដែន​ធ្វើ​អាជីវកម្ម​នយោបាយ​ទេ​ ព្រោះ​វា​ជា​រឿង​ប្រទេស​ជាតិ​ទាំងអស់​គ្នា​ ហើយ​វា​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទៅ​ទៀត​ ដែល​ខ្លួន​កើតមក​មាន​ឈាមជ័រ​ជា​ខ្មែរ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ បើ​អត់​ប្រទេស​ អត់​ជាតិ​របស់​ខ្លួន​មិនដឹង​ជា​យើង​រស់នៅ​យ៉ាងម៉េច​ ”​។​

​ជុំវិញ​រឿង​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក​ អ៊ុំ​ សំ​អាន​ គឺ​មិន​ប្រាសចាក់​ពី​ច្បាប់​អ្វី​នោះ​ទេ​ ព្រោះ​ការ​លើក​ឡើង​នោះ​ គឺ​ដើម្បី​ការពារ​ទឹកដី​ចៀសវាង​បាត់បង់​ទៅ​ប្រទេស​ជិតខាង​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ កន្លង​មក​អ្នកនយោបាយ​បាន​យក​ច្បាប់​មក​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គេង​ចំណេញ​ផ្នែក​នយោបាយ​ ហើយ​បានជា​អ្នកនយោបាយ​ព្យាយាម​ធ្វើការ​បកស្រាយ​តាម​អ្វី​ដែល​ពួក​គេ​មើលឃើញ​។​

“​ប្រសិនបើ​លោក​ អ៊ុំ​ សំ​អាន​ គាត់​ការពារ​អ្វី​ដែល​គាត់​ធ្វើ​ ហើយ​ធ្វើ​ឱ្យ​បាត់​ទឹកដី​ ខ្ញុំ​គិត​ថា​ នោះ​ជា​ទ​ង្វើ​ប្រាសចាក​ពី​ផលប្រយោជន៍​ជាតិ​។​ តែបើ​គាត់​ព្យាយាម​លើក​ឡើង​ជាមួយ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​ទឹកដី​ ការ​ពារ​​បូរណភាព​តាម​ព្រំដែន​ជាដើម​ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​ ហើយ​រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​អ្នក​ដែល​ចូលរួម​ការ​ពារ​នោះ​…”​។​

សូម​បញ្ជាក់​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​ខេត្តសៀមរាប​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ យោធិន​ពិការ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ៣១៧​ គូ​លេ​ន​ ថាស​ម្តេច​នឹង​មិន​បោះ​ឆ្នោត​ឱ្យ​តុលាការ​ផ្អាក​នីតិវិធី​ទេ​ ទៅ​លើ​ករណី​លោក​ អ៊ុំ​ សំ​អាន​ នេះ​។​ សម្ដេច​ហ៊ុន​ សែន​ ក៏​ប្រកាស​ព្រមាន​ចាប់ខ្លួន​ភ្លាមៗ​ ប្រសិនបើ​បុគ្គល​ណា​នៅ​តែ​ហ៊ាន​និយាយ​ថា​ផែនទី​ក្លែងក្លាយ​នោះ​។​

បញ្ហា​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​ នាំ​ឱ្យ​មានការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ គឺ​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សមរ​ង្ស៊ី​ និង​ ចុង​ក្រោយ​លោក​ អ៊ុំ​ សំ​អាន​ ៕​

Share

Image
Image
Image