ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅថ្ងៃទី ១២ ខែមេសានេះថា ការបកស្រាយរឿងផែនទីកម្ពុជា-វៀតណាម របស់លោក អ៊ុំ សំអាន នាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសជិតខាង ដែលអាចនាំឱ្យអស្ថេរភាពក្នុងសង្គមជាតិ។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ការបកស្រាយនានារបស់លោក អ៊ុំ សំអាន ពីរឿងបញ្ហាព្រំដែន គឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សកាន់អំណាច បានអះអាងថា ការបកស្រាយរឿងផែនទីកម្ពុជា វៀតណាម ពីសំណាក់លោក អ៊ុំ សំអាន នាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រលំ និងអាចធ្វើបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសជិតខាង ដែលអាចនាំឱ្យអស្ថេរភាពក្នុងសង្គមជាតិ។
លោក ឈាង វុន បានថ្លែងដូចនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានរបៀបវារៈពាក់ព័ន្ធនឹងការពិនិត្យលើរបាយការណ៍ស្តីពីការចោទប្រកាន់លើលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរួមត្រូវបានចាប់ខ្លួន។
លោក អ៊ុំ សំអាន ជាសកម្មនឹងបញ្ហាព្រំដែនត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យកន្លងទៅ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង ០៧ ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
កាលពីម៉ោងជាង ១២ ថ្ងៃត្រង់ សាលារាជធានីភ្នំពេញបានបញ្ជូនលោកទៅខ្លួននៅពន្ធនាគារ ក្រោមបទចោទពីរករណី គឺបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៥ និងរហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៦ ។
លោក ឈាង វុន បន្តថា ទង្វើរបស់លោក អ៊ុំ សំអាន គឺជាអំពើឧក្រិដ្ឋ ព្រោះក្រោយពីលោក អ៊ុំ សំអាន បានបំផុស និងញុះញង់ពលរដ្ឋពីបញ្ហាព្រំដែនរួចមក ក៏មានកើតហេតុការណ៍ហិង្សាតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
“ត្រូវហើយ! ក្នុងហ្វេសប៊ុករបស់គាត់គឺជាអំពើលើ្មសមួយធំណាស់ ដែលគាត់បំផុសញុះញង់ឱ្យប្រជាពលរដ្ឋមានភាពសង្ស័យ អាចមានសភាពជ្រួលច្របល់ យើងបានឃើញហើយ ក្រោយពីបានទទួលព័ត៌មានតាមហ្វេសប៊ុនអីមក កន្លងមានការវ៉ៃគ្នាតាមទល់ដែនយើងឃើញស្រាប់ហើយ…” ។
ពាក់ព័ន្ធក្នុងរឿងនេះ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានបើកសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់នៅព្រឹកនេះ បានបញ្ជាក់ថា សកម្មភាពរបស់លោក អ៊ុំ សំអាន គឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងអនុញ្ញាតឱ្យអ្នកតំណាងរាស្ត្រអាចបញ្ចេញមតិ សម្តែងយោបល់ផ្សេងៗទាក់ទងអំពើពុករលួយ ការរំលោភដីធ្លីពលរដ្ឋ ករណីរំលោភសិទ្ធិពលរដ្ឋ និងបញ្ហាជាតិធំៗដូចជា បញ្ហាឯករាជ្យជាតិ បញ្ហាបូរណភាពទឹកដីជាដើម។ លោក សុន ឆ័យ បន្តថា គណបក្សសង្គ្រោះជាតិមិនបានយកបញ្ហាព្រំដែនមកធ្វើអាជីវកម្មដើម្បីទាញយកសន្លឹកឆ្នោតពីពលរដ្ឋដូចការចោទប្រកាន់នោះទេ ព្រោះបញ្ហាព្រំដែនជាកិច្ចការរបស់ពលរដ្ឋទាំងអស់គ្នា។
“សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនយកបញ្ហាព្រំដែនធ្វើអាជីវកម្មនយោបាយទេ ព្រោះវាជារឿងប្រទេសជាតិទាំងអស់គ្នា ហើយវាជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់រូបទៅទៀត ដែលខ្លួនកើតមកមានឈាមជ័រជាខ្មែរមានកាតព្វកិច្ចក្នុងការធានាការពារបូរណភាពទឹកដីរបស់ខ្លួន បើអត់ប្រទេស អត់ជាតិរបស់ខ្លួនមិនដឹងជាយើងរស់នៅយ៉ាងម៉េច ”។
ជុំវិញរឿងនេះ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យានយោបាយយល់ឃើញថា ការលើកឡើងរបស់លោក អ៊ុំ សំអាន គឺមិនប្រាសចាក់ពីច្បាប់អ្វីនោះទេ ព្រោះការលើកឡើងនោះ គឺដើម្បីការពារទឹកដីចៀសវាងបាត់បង់ទៅប្រទេសជិតខាងតែប៉ុណ្ណោះ។ លោកបន្តថា កន្លងមកអ្នកនយោបាយបានយកច្បាប់មកធ្វើជាឧបករណ៍ដើម្បីគេងចំណេញផ្នែកនយោបាយ ហើយបានជាអ្នកនយោបាយព្យាយាមធ្វើការបកស្រាយតាមអ្វីដែលពួកគេមើលឃើញ។
“ប្រសិនបើលោក អ៊ុំ សំអាន គាត់ការពារអ្វីដែលគាត់ធ្វើ ហើយធ្វើឱ្យបាត់ទឹកដី ខ្ញុំគិតថា នោះជាទង្វើប្រាសចាកពីផលប្រយោជន៍ជាតិ។ តែបើគាត់ព្យាយាមលើកឡើងជាមួយរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីការពារទឹកដី ការពារបូរណភាពតាមព្រំដែនជាដើម ខ្ញុំគិតថាវាជារឿងល្អ ហើយរដ្ឋាភិបាលគួរតែលើកទឹកចិត្តអ្នកដែលចូលរួមការពារនោះ…”។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីខេត្តសៀមរាប ក្នុងពិធីសំណេះសំណាលជាមួយ យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧ គូលេន ថាសម្តេចនឹងមិនបោះឆ្នោតឱ្យតុលាការផ្អាកនីតិវិធីទេ ទៅលើករណីលោក អ៊ុំ សំអាន នេះ។ សម្ដេចហ៊ុន សែន ក៏ប្រកាសព្រមានចាប់ខ្លួនភ្លាមៗ ប្រសិនបើបុគ្គលណានៅតែហ៊ាននិយាយថាផែនទីក្លែងក្លាយនោះ។
បញ្ហារឿងព្រំដែនជាមួយប្រទេសវៀតណាមនេះ នាំឱ្យមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូប គឺ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង ចុងក្រោយលោក អ៊ុំ សំអាន ៕