ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង ១២ ថ្ងៃត្រង់នេះ បានបញ្ជូនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ទៅឃុំខ្លួននៅពន្ធនាគារព្រៃសបន្ទាប់ពីទទួលយកការចោទប្រកាន់របស់ព្រះរាជអាជ្ញាចំនួនពីរបទចោទ ទាក់ទិនបញ្ហានឹងព្រំដែនជាមួយប្រទេសវៀតណាមប្រឆាំងសកម្មជនព្រំដែនរូបនេះ។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង ០៧ ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។
តាមប្រភពព័ត៌មានដីកាបង្គាប់ឲ្យឃុំខ្លួនធ្វើឡើងដោយ ចៅក្រមស៊ើបសួរលោក តុប ឈុនហេង បានសម្រេចឲ្យលោក អ៊ុំ សំអាន ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
គណបក្សសង្គ្រោះជាតិចាត់ទុកការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានសាជាថ្មីចាប់ខ្លួនជនណាដែលហ៊ានចេញមុខនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ សម្ដេចបានសរសេរលើ ទំព័រហ្វេសប៊ុករបស់លោកទៀតថា លោកមិនគាំទ្រដាច់ខាត ការរារាំងនីតិវិធីរបស់តុលាការ ហើយលោកចូលប្រជុំសភា ដើម្បីទាមទារឱ្យសភាបើកភ្លើងឱ្យតុលាការបន្តនីតិវិនេះទៀត។
បញ្ហារឿងព្រំដែនជាមួយប្រទេសវៀតណាមនេះ នាំឱ្យមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ២ រូប គឺ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង ចុងក្រោយលោក អ៊ុំ សំអាន ៕