en     km
en     km

ឆាក​ជីវិត​តស៊ូ និង​ ការ​ស្លាប់​​ដ៏​អាថ៌​កំបាំង​​របស់​​​កំពូល​​តារា​​សម្ដែង​​ក្បាច់​គុន ​​លី ស៊ាវ​ឡុង

Share

រស់រាន​មាន​ជីវិត​តែ ៣៣ ​ឆ្នាំក៏ដោយ តែ​អ្វី​ដែល​កំពូល​តារា​សម្ដែង លី ស៊ាវឡុង​ បាន​បន្សល់​ឲ្យ​វិស័យ​ភាព​យន្ត​​ចិន​គឺ​គ្មាន​អ្នកណា​​អាច​ធ្វើ​បាន​នោះ​ទេ។

តស៊ូ​ពី​បាត​ដៃ​ទទេ​

លី ស៊ាវ​ឡុង ឈ្មោះ​អង់គ្លេស Bruce Lee មាន​ឈ្មោះ​ពិត​ថា Lee Jun Fan កើត​នៅ​ថ្ងៃ​ទី ២៧ ​ខែ​វិច្ឆិកា​ឆ្នាំ ១៩៤០​។ លី ស៊ាវឡុង ចាប់​កំណើត​នៅ​អាមេរិក​តែ​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង​ហុងកុង។ កាល​នៅ​តូច ស៊ាវឡុង ​​មាន​រូបរាង​ស្គម​ស្គាំង​​និង​ទន់ខ្សោយ។ នៅ​ពេល​មាន​អាយុ ៧​ឆ្នាំ កុមារា​នេះ​ត្រូវ​បាន​ឪពុក​បង្រៀន​ក្បាច់គុន​តៃជិ​ក្នុង​គោល​បំណង​ហ្វឹកហាត់​សុខភាព។

អាយុ ១៣​ឆ្នាំ លី ស៊ាវឡុង​ ចាប់​ផ្ដើម​តាម​រៀន​ក្បាច់​គុន​ជាមួយ​លោកគ្រូ Yip Man។ ក្រៅ​ពី​ប្រឹងប្រែង​ហាត់រៀន​ក្បាច់​គុន​ចិន លី ស៊ាវឡុង​ ក៏​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ក្បាច់​គុន​របស់​លោក​ខាង​លិច​ផង​ដែរ។ ឆ្នាំ ១៩៥៩ លី ស៊ាវ​ឡុង​ ត្រូវ​បាន​គ្រួសារ​បញ្ជូន​មក​សហរដ្ឋ​អាមេរិក​វិញ។ ឆ្នាំ​បន្ទាប់​មក​ទៀត លោក​បាន​ចូល​រៀន​មហាវិទ្យា​ល័យ។ ក្រៅ​ពី​ពេល​សិក្សា លី ស៊ាវឡុង​ ក៏​បាន​ចំណាយ​ពេល​ដើម្បី​បំប៉ន​​ចំណេះ​ដឹង​ខាង​ក្បាច់​គុន​ផង​ដែរ។ នៅ​ក្នុង​សា​លា លី ស៊ាវឡុង​ បង្កើត​ក្លឹប​ក្បាច់​គុន​បុរាណ​ចិន​និង​ឧស្សាហ៍​ហាត់​ក៏​ដូច​ជា​ សម្ដែង​ជា​ក្រុម។

long-8846-1384578146
លី ស៊ាវឡុង​ជាមួយលោកគ្រូ Yip Man

ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​ចិន ឆ្នាំ​ទី​២​ក្នុង​មហាវិទ្យាល័យ លី ស៊ាវឡុង ​បាន​ជួល​ដី​មួយ​ជ្រុង​នៅ​ក្នុង​ចំណត​យាន​យន្ត​​សាលា​ដើម្បី​ពង្រីក​ ក្លឹប​របស់​ខ្លួន។ លោក​ខំប្រឹង​រៀន​ក្បាច់​គុន​បណ្ដើរ ផ្ទេរ​ចំណេះ​ដឹង​ឲ្យ​កូន​សិស្ស​បណ្ដើរ​។ នៅ​ក្នុង​ក្លឹប​ក្បាច់​គុន​របស់​ខ្លួន លី ស៊ាវ​ឡុង ​បាន​ស្គាល់ Linda Emery នារី​វ័យ​ក្មេង​ម្នាក់​ចង់​រៀន​ក្បាច់​គុន​ចិន។ ពួក​គេ​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​ជាមួយ​គ្នា។ ឆ្នាំ ១៩៦៤ អ្នក​ទាំង​២​បាន​រៀបការ​ជាមួយ​គ្នា។ ក្រោយ​មង្គលការ ប្ដី​ប្រពន្ធ លី​ ស៊ាវឡុង​ ព្យាយាម​​ពង្រឹង​សាលា​គុន​របស់​ខ្លួន។

long1-6360-1384578146
លី ស៊ាវឡុងនិង ភរិយា

លី ស៊ាវ​ឡុង បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​វ័យ​ក្មេង។ ឆ្នាំ ១៩៤៨ នៅ​ពេល​មាន​អាយុ ៨​ឆ្នាំ Bruce Lee បាន​សម្ដែង​តួ​តូច​មួយ​ក្នុង​រឿង “Fu Gui Fu Yun” ដោយ​យក​រហស្សនាម​ថា Lee Ham។ រដូវ​ក្ដៅ​ឆ្នាំ ១៩៧១ លី ស៊ាវឡុង បាន​ទទួល​ពាក្យ​អញ្ជើញ​​ពី​ផលិតកម្ម​ភាពយន្ត​ហុងកុង​មួយ​ដើម្បី​ចុះ​កុងត្រា ​ថត​រឿង “The Big Boss” និង “Fist of Fury” ជាមួយ​តម្លៃ​ខ្លួន​១៥​ម៉ឺន​ដុល្លារ​អាមេរិក។ ភាពយន្ត​ទាំង​២​ខាង​លើ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​ចំនួន​អ្នក​​ចូល​ ទស្សនា រុញ​កេរ្តិ៍​ឈ្មោះ​របស់ លី ស៊ាវ​ឡុង​ឲ្យ​ល្បី​សព្វ​អាស៊ី។ ក្រោយ​មក​តារា​សម្ដែង​ល្បី​ឈ្មោះ​នេះ​បាន​សហការ​ជាមួយ​ហូលីវូដ​ដើម្បី​ផលិត​ ភាពយន្ត “Enter the Dragon”។

វត្តមាន​របស់​លី ស៊ាវឡុង​នៅ​ក្នុង​វិស័យ​សិល្បៈ​ហូលីវូដ​បាន​បើក​ទំព័រ​ថ្មី​ឲ្យ​សិល្បករ​ជា​ ច្រើន​របស់​ចិន​​មាន​ឱកាស​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ដ៏​ទូលាយ​មួយ​នេះ។ ជា​អកុសល ខណៈ​កំពុង​ស្ថិត​នៅ​លើ​កំពូល​ក្នុង​អាជីព​របស់​ខ្លួន ជាមួយ​នឹង​គម្រោង​ភាពយន្ត​ធំ​ៗ​ជា​ច្រើន​នោះ ថ្ងៃ​ទី​២០​ខែ​កក្កដា​ឆ្នាំ ១៩៧៣ លី ស៊ាវឡុង​បាន​ទទួល​មរណភាព​នៅ​ទីក្រុង​ហុងកុង នៅ​ពេល​ដែល​មាន​អាយុ​មិន​ទាន់​គ្រប់​៣៣​ឆ្នាំ​ផង។ កំពូល​តារា​សម្ដែង​ក្បាច់គុន​រូប​នេះ​ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ទីក្រុង Seattle សហរដ្ឋ​អាមេរិក។

អាថ៌​កំបាំង​ជុំវិញ​ការ​ស្លាប់​របស់ លី ស៊ាវឡុង

ថ្ងៃ​ទី ២០​ខែ​កក្កដា​ឆ្នាំ ១៩៧៣ ព័ត៌មាន​ លី ស៊ាវឡុង​ លា​ចាក​លោក​បែក​ចេញ​បាន​ធ្វើ​ឲ្យ​ទីក្រុង​ទាំង​ហុងកុង​ទាំង​មូល​ ត្រូវ​កក្រើក​រញ្ជួយ។ ដើម​ឡើយ បណ្ដាញ​ព័ត៌មាន​បាន​សរសេរ​ថា៖ “កំពូល​តារា​សម្ដែង​ក្បាច់​គុន លី ស៊ាវ​ឡុង​ បាន​ដួល​សន្លប់​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់។ ប្រពន្ធ​លី ស៊ាវឡុង​ បាន​បញ្ជូន​ប្ដី​ទៅ​មន្ទីរពេទ្យ Queen’s Elizabeth ដើម្បី​សង្គ្រោះ​បន្ទាន់​តែ​មិន​ទាន់​ពេល។ ខាង​មន្ទីរ​ពេទ្យ​មិន​ទាន់​ហ៊ាន​បញ្ជាក់​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះ”។

ទន្ទឹម​​នឹង​ការ​អាណិត​​ស្ដាយ​ក្រោយ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​សង្ស័យ​​ដល់​ការ​ស្លាប់​របស់​របស់ ​លី ស៊ាវឡុង ។ គេ​យល់​ឃើញ​ថា​វា​ជា​រឿង​ចម្លែក​នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​មាន​សុខភាព​ល្អ និង​​មាន​ក្បាច់​ខ្លួន​ពេញ​ខ្លួន​នោះ នៅ​សុខ​ៗ​ហេតុ​អី​បាន​ជា​ស្លាប់​លឿន​ដូច​នេះ? មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់ លី ស៊ាវឡុង ។ អ្នក​ខ្លះ​និយាយ​ថា លោក​បាន​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​របស់​តារា​សម្ដែង Betty Ting ដោយ​សារ​​ផឹក​ថ្នាំ​សម្រើប​ច្រើន​ជ្រុល។ អ្នក​ខ្លះ​បាន​លាន់​មាត់​ថា​លោក​ត្រូវ​ក្រុម​សង្គម​ងងឹត​ហុងកុង​ធ្វើ​ឃាត។ ឯ​មតិ​មួយ​ចំនួន​ទៀត​បាន​លេច​ឮ​ថា​លោក​ត្រូវ​កំពូល​អ្នក​ហាត់​ក្បាច់​គុន​ ម្នាក់​ចុច​ជីពចរ។ ចំណែក​ខាង​មន្ទីរ​ពេទ្យ​វិញ​បាន​បញ្ជាក់​ថា លោក​ត្រូវ​ស្លាប់​ដោយ​សារ​ជំងឺ​ហើម​ខួរ​​ក្បាល​ដោយ​មាន​ប្រតិកម្ម​ជាមួយ​ ថ្នាំ​បន្ថយ​ការ​ឈឺចាប់។​​​

d0dc5efe10f7d3fa7afe5e5c3e56e367
លី ស៊ាវឡុងនិង Betty Ting

យ៉ាងណាក៏ដោយ កាសែត The Star របស់​ហុងកុង​បាន​អះអាង​ថា តារា​សម្ដែង​រូប​នេះ​មិន​បាន​ស្លាប់​នៅ​ផ្ទះ​ផ្ទា​ល់​​ខ្លួន​នោះ​ទេ គឺ​​ស្លាប់​នៅ​ផ្ទះ​របស់​តារា​សម្ដែង​ស្រី Betty Ting។ តាម​បណ្ដាញ​ព័ត៌មាន​មួយ​នេះ ហេតុការណ៍​ត្រូវ​​បាន​កើត​ឡើង​ដូច​តទៅ៖ ប្រហែល​ម៉ោង​១៣​ថ្ងៃ​ទី​២០​ខែ​កក្កដា ប្រពន្ធ​លី ស៊ាវឡុង​បាន​ចេញ​ទៅ​ក្រៅ លោក​ក៏​បាន​ណាត់​ជួប​ជាមួយ​ផលិតករ​ភាពយន្ត Raymond Chow ដើម្បី​ពិភាក្សា​ពី​រឿង “Game of Death”។ ប្រហែល​ជា​ម៉ោង​ ១៤ Raymond បាន​មក​ដល់​ផ្ទះ​របស់ ​លី ស៊ាវឡុង ។

អ្នក​ទាំង​ពីរ​បាន​និយាយ​គ្នា​មួយ​សន្ទុះ​ពី​សាច់​រឿង​របស់​ភាពយន្ត​នេះ។ ប្រមាណ​ជា​ម៉ោង​១៦ អ្នក​ទាំង​២បាន​មក​ដល់​ផ្ទះ​របស់ Betty Ting តារា​សម្ដែង​មួយ​រូប​​ក្នុង​ភាពយន្ត​ខាង​លើ​ហើយ​ក៏​ស្រី​កំណាន់​របស់​ លី ស៊ាវឡុង​ ផង​ដែរ។ មក​ដល់​ម៉ោង​១៩ លី ស៊ាវឡុង ​បាន​និយាយ​ថា​លោក​មិន​សូវ​ស្រួល​ខ្លួន​ឈឺ​ក្បាល​បន្តិច។ Betty Ting បាន​យក​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​ដែល​នាង​ធ្លាប់​ប្រើ​ឲ្យ ​លី ស៊ាវ​ឡុង ​លេប​។ ក្រោយ​មក លី ស៊ាវឡុង ​បាន​ចូលគេង​​នៅ​ក្នុង​បន្ទប់​របស់ Betty Ting។ ប្រហែល​ម៉ោង ​២០ Raymond បាន​ចេញ​ទៅ​ក្រៅ​ដោយ​មាន​ធុរៈ​ផ្ទាល់​ខ្លួន។ កន្លះ​ម៉ោង​ក្រោយ​មក​នៅ​ពេល Betty Ting ចូល​ក្នុង​បន្ទប់​ក៏​ឃើញ​ថា លី ស៊ាវឡុង ​កំពុង​គេង​​លក់។

li1-6082-1384578147
ការស្លាប់របស់លី ស៊ាវឡុងបាន​ធ្វើឲ្យកក្រើកក្រុងហុងកុង

ដល់​ម៉ោង២១ លី ស៊ាវឡុង​នៅ​តែ​មិន​ទាន់​ភ្ញាក់​ឡើង​វិញ។ ម៉ោង​២១ និង៤៥​នាទី Raymond ត្រលប់​មក​វិញ លោ​ក​បាន​ដាស់​ លី ស៊ាវឡុង ​តែ​គេ​មិន​កម្រើក។ ម៉ោង​២២​ជាង វេជ្ជបណ្ឌិត​បាន​មក​ដល់​ផ្ទះ​របស់ Betty Ting និង​ដឹង​ថា​លោក​បាន​សន្លប់​បាត់​ស្មារតី។ លី​ ស៊ាវឡុង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​តែ​នៅ​តែ​សង្គ្រោះ​មិន​ ទាន់។

Raymond Chow គឺ​ជា​អ្នក​ទម្លាយ​ព័ត៌មាន ​លី ស៊ាវឡុង ​​ស្លាប់​មុន​គេ។ លោក​បាន​ឲ្យ​ដឹង​ថា លី ស៊ាវឡុង​ បាន​ស្លា​ប់​​នៅ​ផ្ទះ​ខ្លួនឯង​ហើយ​មាន​ប្រពន្ធ​នៅ​ក្បែរ​នៅ​ពេល​កើត​ហេតុ។ បង​ប្រុស​របស់​តារា​ក្បាច់គុន​នេះ​ក៏​ប្រាប់​ដូច​គ្នា​។ យ៉ាងណាមិញ អ្នក​ទាំង​២​ត្រូវ​​គេ​ដឹង​ថា​និយាយ​កុហក ដោយ​សារ​កំណត់​ហេតុ​របស់​ឡាន​សង្គ្រោះ​បន្ទាន់​បាន​សរសេរ​ថា​ លី ស៊ាវឡុង ​ត្រូវ​បាន​ដឹក​ចេញ​ពី​ផ្ទះ​របស់ Betty Ting។ មហាជន​បាន​នាំ​គ្នា​ជេរ​តិះដៀល Raymond Chow តែ​ក្រោយ​មក​ទើប​គេ​ដឹង​ថា​លោក​ធ្វើ​នេះ​គឺ​ក្នុង​ន័យ​ល្អ។ លី ស៊ាវឡុង​ តែងតែ​ជួប​​ពាក្យ​ចចា​ម​អា​រ៉ាម​មាន​ស្នេហា​លួចលាក់​ជាមួយ​តារា​សម្ដែង Betty Ting ដូចនេះ​ហើយ បើ​សិន​ជា​រឿង​លោក​ស្លាប់​នៅ​ផ្ទះ​របស់​នាង នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ត្រូវ​ខូច​ទាំង​ស្រុង។

​មិន​ខុស​ពី​ការ​ប៉ាន់​ស្មាន រាល់​ការ​ស្អប់​ខ្ពើម​​ទាំង​ឡាយ​ត្រូវ​ធ្លាក់​លើ​តារា​សម្ដែង Betty Ting។ នាង​ត្រូវ​គេ​តិះដៀល​មិន​អាសូរ។ មហាជន​បាន​នាំគ្នា​ដាក់​រហស្សនាម​ឲ្យ​នាង​ថា “ឃាត​ករ” ឬ “កញ្ជ្រោង​បិសាច” ជាដើម​៕

ប្រភព៖ www.news.sabay.com

Share

Image
Image
Image