ក្រុមសកម្មជនចលនាមាតាធម្មជាតិ៣នាក់ និងមន្រ្តីឃ្លាំមើលសិទ្ធិមនុស្សម្នាក់ទៀតរបស់សមាគមអាដហុក ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួននៅក្បែរវិមានរដ្ឋសភានៅម៉ោងប្រមាណ៩ព្រឹកនាថ្ងៃទី២៥ ខែមិថុនានេះ ខណៈដែលពួកគេព្យាយាមដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភាជាតិឲ្យប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់មួយក្នុងខេត្តកោះកុង។
ដូចការគ្រោងទុក នៅព្រឹកមិញនេះ ក្រុមចលនាមាតាធម្មជាតិ និងក្រុមយុវជនមហានគរបានយកញត្តិដាក់ទៅរដ្ឋសភាជាតិ ឲ្យជួយអន្តរាគមន៍បញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុនInternational Renbow Co.Ltd ។ ប៉ុន្តែពួកគេមិនអាចចូលទៅដល់រដ្ឋសភាបាននោះទេ ដោយសារកងកម្លាំងសមត្ថកិច្ចបានដាក់របាំងបិទផ្លូវនៅតំបន់នេះ។ បន្ទាប់ពីមានការប៉ះទង្គិចពាក្យសំដីគ្នាបន្តិចបន្តួច កងកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនពួកគេទាំង៤នាក់ បញ្ជូនទៅខណ្ឌដូនពេញភ្លាមៗ។
លោក សន ចាន់តារ៉ា គឺជាសកម្មជនចលនាមាតាធម្មជាតិមួយរូប ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ មុនសមត្ថកិច្ចឃាត់ខ្លួនលោកបានប្រាប់ឲ្យដឹងថា «យើងចង់ដាក់ញ្ញតិទៅគណៈកម្មការទី៣ទទួលបន្ទុកបរិស្ថាន ដើម្បីឲ្យចាប់ផ្តើមស៊ើបអង្កេតលើការបូមខ្សាច់ខុសច្បាប់នៅស្រុកគីរីសាគរ ខេត្តកោះកុង។ យើងចង់ប្រាប់សាធារណជនផងដែរថា ការបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាមនេះកំពុងបំផ្លាញប្រទេសកម្ពុជា»។
សកម្មជនរូបនេះបន្តថា ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់កំពុងបំផ្លាញព្រៃកោងកាង នៅតំបន់សមុទ្រ និងមុខរបរប្រជានេសាទជាង៣០០គ្រួសារ ហើយប្រសិនបើរដ្ឋាភិបាលនៅតែបណ្តែតបណ្តាយឲ្យមានការបូមខ្សាច់បែបនេះ ធនធានធម្មជាតិខេត្តជាប់មាត់សមុទ្រមួយនេះ នឹងត្រូវបំផ្លាញអស់នាពេលអនាគត។
លោក យី សុខសាន មន្ត្រីស៊ើបអង្កេតការពារសិទ្ធិមនុស្សសមាគមនអាដហុក ដែលតាមឃ្លាំមើលសកម្មភាពការដាក់ញត្តិនេះយល់ឃើញថា ការឃាត់ខ្លួននេះមិនសមហេតុផលនោះទេ។ លោកសង្កត់ធ្ងន់ថា បើគ្រាន់តែដាក់ញត្តិ និងសម្តែងមតិ គឺមិនខុសច្បាប់ទេ ហើយទង្វើរបស់កម្លាំងសមត្ថកិច្ចដែលបានចាប់ខ្លួនយុវជនទាំងនោះ គឺជាការរំលោភសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ។
ទាក់ទិននឹងបញ្ហានេះដែរ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលចុះបញ្ជាផ្ទាល់អះអាងថា វិធានការចាប់ខ្លួនគឺដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សារធារណៈឲ្យមានរបៀបរៀបរយតែប៉ណ្ណោះ។
សូមបញ្ជាក់ថា យុវជន៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ឌឹម គុណឌីសន ចាន់ដារ៉ា និងលោក ចិត្រា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុកមួយរូបដែលត្រួវបានគេឃាត់ខ្លួនក្នុងពេលនោះដែរគឺលោក ឌិត សុធី។ សមត្ថកិច្ចបានដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីការឃាត់ខ្លួនប្រមាណ៣ម៉ោង៕