en     km
en     km

សមត្ថកិច្ចចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ៣នាក់នៅរដ្ឋសភា

Share

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ និង​មន្រ្តី​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​របស់​​សមាគម​​អាដ​ហុ​ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ក្បែរវិមានរដ្ឋ​​​សភា​​​នៅ​ម៉ោង​ប្រមាណ​៩​​ព្រឹក​​នា​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​នេះ​ ខណៈ​ដែល​ពួក​គេ​ព្យាយាម​ដាក់​​ញត្តិ​​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា​ជាតិ​ឲ្យ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បូម​ខ្សាច់​មួយ​ក្នុង​ខេត្ត​កោះ​កុង​។

ដូច​ការ​គ្រោង​ទុក​ នៅព្រឹក​មិញ​នេះ​ ក្រុម​​ចលនា​មាតា​ធម្មជាតិ​ និង​ក្រុម​យុវជ​ន​មហា​នគរ​បាន​យក​ញត្តិ​​ដាក់​ទៅ​​រដ្ឋ​សភា​ជាតិ​ ឲ្យ​​ជួយ​​អន្តរាគមន៍​​បញ្ឈប់​​ការ​​​បូ​ម​​ខ្សាច់​របស់​​ក្រុម​ហ៊ុ​ន​​International​ ​Renbow​ ​Co.Ltd​ ​។ ប៉ុន្តែ​ពួក​គេ​មិន​អាច​ចូល​ទៅ​ដល់​រដ្ឋ​សភា​បាន​នោះ​ទេ​ ដោយ​សារ​កង​កម្លាំង​​សមត្ថកិច្ច​បាន​​ដាក់​​របាំង​​បិទ​ផ្លូវ​​​នៅ​តំបន់​នេះ​​។ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​​គ្នា​បន្តិច​បន្តួច​ កង​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន​ពួក​គេ​ទាំង​៤​នាក់​ បញ្ជូន​ទៅ​ខណ្ឌ​ដូន​ពេញ​ភ្លាមៗ​។

កងកម្លាំងសមត្ថកិច្ចកំពុងប៉ះទង្គិចជាមួយក្រុមចលនាមាតាធម្មជាតិ និងក្រុមយុវជនមហានគរ
កងកម្លាំងសមត្ថកិច្ចកំពុងប៉ះទង្គិចជាមួយក្រុមចលនាមាតាធម្មជាតិ និងក្រុមយុវជនមហានគរ

លោក​ សន​ ចាន់​តារ៉ា​​ គឺ​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​រូប​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ មុន​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ «យើង​ចង់​ដាក់​ញ្ញតិ​ទៅ​គណៈកម្មការ​ទី៣​ទទួល​បន្ទុក​បរិស្ថាន​ ដើម្បី​ឲ្យ​​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​ការ​​​បូម​​ខ្សាច់​ខុស​ច្បាប់​នៅ​​ស្រុក​​គី​រី​​សាគរ​ ខេត្ត​កោះកុង​។ យើង​ចង់​ប្រាប់​សាធារណជន​ផង​ដែរ​ថា​ ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​​វៀតណាម​នេះ​កំពុង​​បំផ្លាញ​ប្រទេស​កម្ពុជា​»។

សកម្មជន​រូប​នេះ​បន្ត​ថា​ ក្រុម​ហ៊ុន​​ធ្វើ​​អា​ជីវ​កម្ម​​បូម​​ខ្សាច់​​​កំ​ពុង​​បំផ្លាញ​ព្រៃ​កោងកាង​ នៅ​​តំបន់​​សមុទ្រ​ និង​​មុខ​របរ​​ប្រជា​​នេសាទ​​ជាង​​៣០០​​គ្រួសារ​ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បណ្តែត​បណ្តាយ​ឲ្យ​មាន​ការ​បូម​ខ្សាច់​បែប​នេះ​ ធន​ធាន​ធម្មជាតិ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ នឹង​ត្រូវ​បំផ្លាញ​អស់​នា​ពេល​អនាគត​។

លោក​ យី​ សុខសាន​ មន្ត្រី​ស៊ើប​អង្កេត​ការ​ពារ​សិទ្ធិ​មនុស្ស​សមាគមនអាដហុក​ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​ការ​ដាក់​ញត្តិ​នេះ​យល់​ឃើញ​ថា​ ការ​ឃាត់​ខ្លួន​នេះ​មិន​សម​ហេតុ​ផល​នោះ​ទេ​។ លោក​សង្កត់​ធ្ងន់​ថា​ បើ​គ្រាន់តែ​​ដាក់​ញត្តិ​ និង​សម្តែង​មតិ​ គឺ​មិន​ខុស​ច្បាប់​ទេ​ ហើយ​ទង្វើ​របស់​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ចាប់​ខ្លួន​យុវជន​ទាំង​នោះ​ គឺ​ជា​ការ​រំលោភ​សិទ្ធ​សេរីភាព​ក្នុ​ង​ការ​បញ្ចេញ​មតិ​។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ​ អភិបាល​ខណ្ឌ​ដូន​ពេញ​ លោក​ គួច​ ចំរើន​ ដែល​ចុះ​បញ្ជា​ផ្ទាល់​អះ​អាង​ថា​ វិធាន​ការ​ចាប់​ខ្លួន​គឺ​ដើម្បី​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ សារធារណៈ​ឲ្យ​មាន​របៀប​រៀប​រយ​តែ​ប៉ណ្ណោះ​។

សូមបញ្ជាក់ថា​ យុវជន​៣​នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ មាន​ឈ្មោះ​ ឌឹម​ គុណឌីសន​ ចាន់ដារ៉ា​ និងលោក​ ចិត្រា​។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​​អាដហុក​មួយ​រូប​ដែល​ត្រួវ​បាន​គេ​ឃាត់​ខ្លួ​​ន​ក្នុង​ពេល​នោះ​ដែរ​គឺ​លោក​ ​ឌិត​ សុធី​។ សមត្ថកិច្ច​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​ការ​​ឃាត់​ខ្លួ​ន​ប្រមាណ​៣​ម៉ោង​៕

Share

Image
Image
Image