ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារនេះ អំពាវនាវឲ្យបញ្ឈប់ហែកហួរគ្នាស្របពេលរដ្ឋាភិបាលបានចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ដែលសកម្មរឿងព្រំដែន។ លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះថា៖ «ឆ្នាំថ្មី ខ្ញុំសូមអំពាវនាវដល់ ខ្មែរគ្រប់និន្នាការ បញ្ឈប់ការហែកហួរគ្នា បែកបាក់គ្នាពីពេលនេះតទៅ ដោយចាប់យកការផ្សះផ្សាជាតិ បង្រូបបង្រួមជាតិខ្មែរពិតប្រាកដវិញ»។
ការថ្លែងរបស់លោក កឹម សុខា ធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យកន្លងទៅក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយចាត់ទុកថាជាការរំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។
ស្ថានភាពនយោបាយកម្ពុជាចាប់ផ្តើមឡើងកម្តៅឡើងវិញមួយរយៈពេលចុងក្រោយនេះ ស្របពេលមានការចាប់ខ្លួនតំណាងរាស្ត្រ។ ចំណែកលោក កឹម សុខា កំពុងប្រឈមនឹងការចោទប្រកាន់រឿងអាស្រូវស្នេហាហើយអង្គភាពប្រឆាំងអំពើពុករលួយកំពុងស៊ើបអង្កេតករណីនេះក្នុងបទពុករលួយ ។
បញ្ហារឿងព្រំដែនជាមួយប្រទេសវៀតណាមនេះ នាំឱ្យមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ០២ រូប គឺ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី និង ចុងក្រោយលោក អ៊ុំ សំអាន ៕