en     km
en     km

​អ្នក​ច្បាប់​និង​បក្ស​ប្រឆាំង​ថា​ ការ​ចាប់ខ្លួន​​លោក​ អ៊ុំ​ សំ​អា​ន​ ជា​​កា​រ​រំលោ​ភ​​អភ័យ​ឯក​សិទ្ធិ​​តំណា​ង​រាស្ត្រ​

Share

​ភ្នំពេញ​៖​ អ្នក​ច្បាប់​ និង​ មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ទ្បើ​ង​ថា​ ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​លោក​  អ៊ុំ​ សំ​អាន​ ជា​ការ​រំលោភ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ ពីព្រោះ​ សភា​មិន​ទាន់​បាន​ដក​អភ័យឯកសិទ្ធិ​លោក​ទ្បើ​យ​។​ ការ​លើក​ឡើង​ដូច្នេះ​ បន្ទាប់​ពី​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​ ១១​ ខែមេសា​ ឆ្នាំ​ ២០១៦​ ទាក់ទង​នឹង​សំណុំរឿង​បង្ហោះ​ផែនទី​ក្លែងក្លាយ​។​ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ថា​ លោក​ អ៊ុំ​ សំ​អាន​ មាន​ពិរុទ្ធភាព​រួច​ហើយ​។​

Om-SAMATH-CAMNEWS-WMC
លោក អ៊ុំ សំអាន ពេល​ពិនិត្យ​ផែន​ទី​កន្លង​មក (រូបភាពភ្នំពេញប៉ុស្ដិ៍)

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប​លោក​ អ៊ុំ​ សំ​អាន​ បន្ទាប់​ពី​បាន​គេចខ្លួន​ទៅ​រស់នៅ​បរទេស​មួយ​រយៈពេល​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​ដែល​រាជរដ្ឋាភិបាល​ បាន​លើក​ទ្បើ​ង​ថា​ការ​បង្ហោះ​ផែនទី​នោះ​ អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កើត​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ បាន​វិល​ត្រ​ទ្ប​ប់​ចូល​មក​ទឹកដី​កម្ពុជា​វិញ​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​រូប​លោក​មក​ដល់​ទឹកដី​ខេត្តសៀមរាប​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ក្រុម​ផ្នែក​ស៊ើបអង្កេត​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ យល់​ឃើញ​ថា​ ការ​ចាប់ខ្លួន​ លោក​ អ៊ុំ​ សំ​អាន​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​។​ ផល​ប៉ះពាល់​នេះ​ ដោយសារ​តែ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ទាំង​មិន​បាន​ដក​អភ័យឯកសិទ្ធិ​នៅ​ទ្បើ​យ​។​

​លោក​ អំ​ សំអាត​ បន្ត​ថា​រឿង​នេះ​ទំនងជា​រឿង​នយោបាយ​ ហើយ​ប្រទេស​កម្ពុជា​ហាក់បីដូចជា​យក​រឿង​នយោ​បា​យ​​ជា​ធំ​ ជាង​ផ្លូវច្បាប់​។​ «​ខ្ញុំ​យល់​ឃើញ​ថា​ការ​ចាប់ខ្លួន​លោក​ អ៊ុំ​ សំ​អាន​ នេះ​គឺ​វា​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិ​ប្រ​ជា​​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ ពីព្រោះ​ លោក​  អ៊ុំ​ សំ​អាន​ គឺជា​អ្នកតំណាង​រាស្ត្រ​ បាន​ន័យ​ថា​ ស​មាជិក​រដ្ឋសភា​ដែល​មាន​អភ័យឯកសិទ្ធិ​ ហើយ​ការ​ចាប់ខ្លួន​មិន​ទាន់​មាន​ស្នើ​សុំ​ដក​អភ័យឯកសិទ្ធិ​អំពី​រដ្ឋសភា​ នេះ​យើង​មើលទៅ​ថា​វា​រំលោភ​បំពាន​អភ័យឯកសិទ្ធិ​នៃ​តំណាងរាស្ត្រ​ឬ​ក៏​សមាជិក​រដ្ឋសភា​យ៉ាងធ្ងន់ធ្ងរ​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​ចាប់ខ្លួន​ លោក​ អ៊ុំ​ សំ​អាន​ វា​ជា​រឿង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ​នៃ​ព្រះរាជា​ជា​ចក្រ​កម្ពុជា​។​ លោក​បន្ត​ថា​ ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ​នោះ​ព្រោះ​តំណាងរាស្ត្រ​អាច​ឃាត់ខ្លួន​ ឬ​ ឃុំខ្លួន​បាន​នោះ​ លុះត្រាតែ​បាន​ដក​អភ័យឯកសិទ្ធិ​ជា​តំណាង​រា​ស្ត្រ​ជា​មុន​សិន​ ប៉ុន្តែ​ករណី​នេះ​ សភា​មិន​ទាន់​បាន​ដក​អភ័យឯកសិទ្ធិ​លោក​ អ៊ុំ​ សំ​អាន​ នៅ​ទ្បើ​យ​ទេ​។​

«​ខ្ញុំ​យល់​ឃើញ​ថា​ការ​ចាប់ខ្លួន​ទាំង​ប្រថុចញ៉ុច​ដោយ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ​ គឺ​យើង​មិន​គួរ​ធ្វើ​ទាល់តែ​សោះ​ហើ​យ​ មិន​ត្រូវ​តែ​ធ្វើ​ថែម​ទៀត​ …​ផ្ទុយ​ពី​រដ្ឋធម្មនុញ​ទាំងអស់​ដល់​ពេល​យើង​ធ្វើ​អ៊ី​ញ្ចឹ​ង​ទៅ​ វា​ប៉ះពាល់​ទៅ​ដល់​ប្រ​ព័ន្ធ​​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ ដែល​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​គ្មាន​ន័យ​អី​ទាំងអស់​…»​។​

​ស្រ​ប​​ពេល​ជាមួយ​គ្នា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទូច​ឱ្យ​ដោះ​លែង​លោក​ អ៊ុំ​ សំ​អាន​ ជា​បន្ទាន់​ហើយ​ប្រកាស​ថ្កោលទោស​ថា​បាន​រំលោភ​បំពាន់​យ៉ាង​ខ្លាំង​ល​រដ្ឋធម្មនុញ្ញ​មាត្រា​ ៨០​ ដែល​ការពារ​អ្នកតំណាង​រាស្ត្រ​។​

​គេ​សង្កេត​ឃើញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ បាន​សរសេរ​វាយប្រហារ​បក្ស​កាន់​អំណាច​ ដោយ​ពួក​គេ​សុទ្ធតែ​ប្រើ​ពាក្យ​ប្រមាថ​ទៀត​ផង​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​របស់​លោក​ អ៊ុំ​ សំ​អាន​ នេះ​ដោយ​ផ្អែក​ទៅ​លើ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​ លោក​ សុខ​ ឥ​សាន​ បន្ត​ថា​ កាលដែល​លោក​ អ៊ុំ​ សំ​អាន​ បង្ហោះ​ផែនទី​កន្លង​មក​នេះ​គឺ​បាន​រំលោភ​រដ្ឋធម្មនុញ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ជាតិ​ផង​ដែរ​។​

«​ការ​ចាប់​ឯកឧត្តម​ អ៊ុំ​ សំ​អាន​ នេះ​គឺ​ផ្អែក​ទៅ​លើ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ដែល​កន្លង​ទៅ​គាត់​បង្ហោះ​នៅ​ផែ​ន​ទី​ក្លែង​ក្លាយជា​ច្រើន​ផ្ទាំង​ ដើម្បី​បំភាន់​មតិ​សាធារណៈ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ចេញពី​បញ្ហា​ហ្នឹង​ ធ្វើ​ឱ្យ​ដុត​កំហឹ​ង​​ប្រ​ជាជន​ នេះ​ចងកំហឹង​ជាមួយនឹង​រដ្ឋាភិបាល​..»​។​

​សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​និង​ចាប់ខ្លួន​ រួម​​មាន​លោក​ ហុង​ សុខ​ហួរ​ ករណី​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម​ និង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ស្ថិត​នៅ​ក្រៅប្រទេស​ក៏​រង​ការ​កោះហៅ​ចូលខ្លួន​ករណី​នេះ​។​

​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​  ដោយ​គេ​រំពឹង​ថា​ ការ​ឃោសនា​របស់​បក្ស​ប្រឆាំង​ធំ​នេះ​ នឹង​ចាត់​ទុក​បញ្ហា​ព្រំដែន​គឺ​អាយុជីវិត​របស់​ខ្លួន​ដើម្បី​បានការ​គាំទ្រ​ពី​ប្រ​ជា​ពលរដ្ឋ​ ៕​

Share

Image
Image
Image