ភ្នំពេញ៖ លោក អ៊ុំ សំអាន ជាសកម្មជននិងជាអ្នកតំណាងរាស្ដ្រសកម្មបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាម ត្រូវបាននាំខ្លួនទៅដល់តុលាការរាជធានីភ្នំពេញនៅម៉ោងជាង ៤ រសៀល ដើម្បីចោទអំពីករណីពាក់ព័ន្ធបញ្ហាផែនទីជាមួយប្រទេសវៀតណាម។
តាមសេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានវិទ្យុស្ដ្រី FM102 រថយន្ដរបស់លោក អ៊ុំ សំអាន ត្រូវបានដឹកតាមរថយន្ដនគរបាល ហើយអមដោយរថយន្ដទំនើបមួយគ្រឿងពីក្រោយ។ ប៉ុន្ដែមកដល់តុលាការ លោកត្រូវបានចាប់បញ្ចូនទៅតុលាការជាបន្ទាន់ ខណៈដែលសន្ដិសុខបានរឹតបន្តឹង និង ហាមអ្នកកាសែតមិនឱ្យបានជួបមុខ លោក អ៊ុំ សំអាន ។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យម្សិលម៉ិញនេះ ខណៈលោកកំពុងស្ថិតនៅខេត្តសៀមរាប បន្ទាប់ពីលោកវិលត្រឡប់មកពីសហរដ្ឋអាមេរិក ក្រោយពេលគេចខ្លួននៅទីនោះជាច្រើនខែ។
លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា បញ្ហារឿងព្រំដែននឹងអាចដោះស្រាយបាន ហើយនិងអាចរកចំណុចរួមគ្នាបាន គឺនៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ ២០១៨ ។
តែបែបនេះក្ដី សមត្ថកិច្ចចាប់ខ្លួនតំណាងរាស្ដ្របក្សប្រឆាំងរូបនេះ ក្រោមបទចោទថ្លែងបន្លំឯកសារផែនទី និងបង្កអសន្ដិសុខសង្គម គឺដូចអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ផងដែរ។
គណបក្សសង្គ្រោះជាតិចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសទាមទារឱ្យរដ្ឋាភិបាលដោះលែង លោក អ៊ុំ សំអាន ជាបន្ទាន់ ព្រោះគណបក្សនេះចាត់ទុកថា បានរំលោភរដ្ឋធម្មនុញ្ញាមាត្រា ៨០ ដែលចែងពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ដ្រ៕