ភ្នំពេញ៖ អ្នកវិភាគថា បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអាមេរិក ជាសញ្ញាមិនល្អសម្រាប់កេរ្ដិ៍ឈ្មោះកម្ពុជាបច្ចុប្បន្នតាមប្រភពព័ត៌មានតាមហ្វេសប៊ុករបស់វិទ្យុ VOA បានឱ្យដឹងកាលពីយប់ថ្ងៃទី ១០ ខែមេសាយប់មិញ មានពលរដ្ឋអាមេរិកកាំងម្នាក់ បានរងរបួសដោយការប៉ះទង្គិចគ្នាមួយជាមួយកងអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត ខណៈពលរដ្ឋអាមេរិករូបនោះព្យាយាមយកដីកាមួយច្បាប់ប្រគល់លោក ហ៊ុន ម៉ាណែត ស្របពេលពលរដ្ឋខ្មែរអាមេរិក ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ។ អ្នកវិភាគយល់ឃើញថា ការធ្វើបាតុកម្មប្រឆាំងវត្តមានកូនប្រុសមេដឹកនាំកម្ពុជាលើទឹកដីអាមេរិកនេះ គឺលោក ហ៊ុន ម៉ាណែត គឺជាសញ្ញាមួយមិនល្អសម្រាប់មេដឹកនាំនៅកម្ពុជាបច្ចប្បន្ន។
ដូចការគ្រោងទុកពលរដ្ឋខែ្មរអាមេរិកកាំង បានធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។ ប៉ុន្តែបាតុកម្មប្រឆាំងវត្តមានកូនប្រុសច្បងលើទឹកដីអាមេរិកនេះ បានឈានដល់ការប៉ះទង្គិច មួយរវាងកងអង្គរក្សលោក ហ៊ុន ម៉ាណែត ដែលបណ្តាលជនជាតិអាមេរិកកាំម្នាក់រងរបួល ខណៈដពលរដ្ឋម្នាក់នោះព្យាយាមយកដីកាទៅប្រគល់ជូនលោក ហ៊ុន ម៉ាណែត។ នេះបើយោងតាមប្រភពព័ត៌មានតាមហ្វេសប៊ុករបស់វិទ្យុ VOA ។
តាមការលើកឡើងរបស់ពលរដ្ឋអាមេរិកនៅក្រុងឡុងប៊ិច បានបន្ថែមថា ក្រោយពីអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត បានច្រានជនជាតិអាមេរិកស្បែកសម្នាក់ឲ្យដួល និងរបួសនោះ ពលរដ្ឋក៏ផ្ទុះកំហឹងនាំគ្នាបាញ់ទឹកត្រី ទឹកម្ទេស ទឹកស៊ីអ៊ីវ និងអំបិល ម្រេចជាដើមទៅលើកងអង្គរក្ស និងអ្នករួមដំណើរហើយខណៈនោះ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានអង្គរក្ស នាំរត់ចូលក្នុង ហាងបាយមួយនៅទីនោះ ។
អំពើហិង្សានេះបាននាំឱ្យលោកសាស្ត្រាចារ្យវិទ្យានយោបាយ លោក សូ ចន្ថា យល់ឃើញថា នេះជាសញ្ញាមិនល្អ ដែលបញ្ជាក់ឱ្យឃើញថា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមានការចងកំហឹងនឹងថ្នាក់ដឹកនាំ មិនពេញចិត្តនឹងការដឹកនាំ និងយល់ថាការដឹកនាំបច្ចុប្បន្ននេះ មានការកៀបសង្កត់សេរីភាពពលរដ្ឋ មិនគោរពលទ្ធិប្រជាធិបតេយ្យជាដើម ។
លោកសាស្ត្រាចារ្យ សូ ចន្ថា បន្តថា ថ្នាក់ដឹកនាំកម្ពុជានឹងមានបញ្ហាប្រឈមបន្តទៀត ប្រសិនបើជនជាតិអាមេរិកដែលរងគ្រោះនោះ ដាក់ពាក្យប្តឹងកងអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត មែននោះ។ លោកជឿថា តុលាការអាមេរិកនឹងស្រាវជ្រាវរឿងនេះ ដើម្បីរកភាពយុត្តិធម៌ជូនជនរងគ្រោះ ដោយមិនបណ្តោយឱ្យរឿងហិង្សាបែបនេះស្ងប់ស្ងាត់ដោយអយុត្តិធម៌ដូចនៅកម្ពុជានោះទេ។
លោក សូ ចន្ថា ៖ «ខ្ញុំគិតថាប្រសិនបើមានការចាត់ការណាមួយនៅសហរដ្ឋអាមេរិក តាមរយៈការប្តឹងទៅតុលាការពីសំណាក់អ្នករងគ្រោះនោះ ខ្ញុំគិតថានេះជាបញ្ហាកាន់តែធ្ងន់ធ្ងរទៀតសម្រាប់ក្រុមមេដឹកនាំកម្ពុជាដែលតែងតែមានបញ្ហារឿងនេះ។ ខ្ញុំគិតថា នៅសហរដ្ឋអាមេរិកតុលាការអាចឯករាជ្យ ហើយនឹងធ្វើការស្រាវជ្រាវបន្តទៀត»។
មុនដំបូង គម្រោងការរបស់លោក ហ៊ុន ម៉ាណែត ត្រូវទៅចូលរួមពិធីហែរក្បួនមួយ ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ហើយចូលរួមអបអរសាទរបុណ្យចូលឆ្នាំខ្មែរនៅក្រុងឡុងប៊ិចនេះដែរ ប៉ុន្តែក្រោយមកលោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមពិធីនេះ គឺលោកមានវត្តមានសួរសុខទុក្ខពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឆាំងគំរាមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត។
ករណីហិង្សានេះ បណ្ដាលមានការចោទសួរថែមទៀតថាតើកេរ្តិ៍កម្ពុជានឹងទៅដល់ណា ឬ មួយជាការសងសឹក របស់ក្រុមប្រឆាំងនៅអាមេរិក មានកំហឹងករណីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីយប់មិញដែរនេះ។
ត្រង់ចំនុចនេះលោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ឃើញថា បាតុកម្មប្រឆាំងកូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីយប់មិញនេះ បានជះឥទ្ធិពលឆ្លើយតបវិញភ្លាមៗទៅលើកតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលយប់នៅខេត្តសៀមរាប។
លោកបន្តថា តំណាងរាស្ត្របក្សប្រឆាំងដែលរងបទចោទដដៃទៀត រឿងបាតុកម្មនៅស្ពាននាគ អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេត្រលប់មកស្រុកវិញ។
លោក មាស នី ៖ «ខ្ញុំគិតថាការចាប់លោក អ៊ុំ សំអាន យប់មិញក៏អាចជាការឆ្លើយតបទៅនឹងអ្វីដែលពលរដ្ឋខ្មែរកំពុងធ្វើតម្រង់រកលោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក។ ហើយវាក៏មិនខុសអីពីបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅទីក្រុងប៉ារីស ហើយមកបណ្ដេញលោក កឹម សុខា ចេញពីអនុប្រធានពីអនុប្រធានសភា… អញ្ចឹងរឿងពីរនេះ វាជាល្ខោនដែលយើងធ្លាប់ឃើញហើយ ល្ខោនដែលមានការរៀបចំទុកជាមុនតែមួយនោះ…» ។
បាតុកម្មប្រឆាំងក្រុមមេដឹកនាំកម្ពុជាមានជារឿយៗកន្លងមក ដូចជាកាលពីពេលថ្មីៗនេះ ពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិកដែលមានលោក ទូច វិបុល ជាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកាំង បានដឹកនាំពលរដ្ឋខ្មែរប្រឆាំងវត្តមានរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ គឺនៅពេលដែលលោកនាយករដ្ឋមន្ត្រីបានដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន-អាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា ។
អ្នកវិភាគព្រមានពីការសងសឹកឥតឈប់ឈរចំពោះខ្មែរដូចគ្នា បើអ្នកនយោបាយខ្មែរ មិនព្រមបោះបង់ចោលគំនិតមួយដែលថាយើងធំយើងមានអំណាច ។ ទីនោះទឹកដីរបស់យើង យើងមានអំណាចគឺខ្មែរមិនអាចផ្សះផ្សាគ្នាបានឡើយ ៕