ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ១១ ខែមេសានេះបានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៏ ខែមេសា ឆ្នាំ ២០១៦ ឱ្យដឹងថានឹងមានភ្លៀងធ្លាក់កក់ខែនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីជូនដំណឹងនេះក្រសួងបានឲ្យដឹងថា បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពរួចមកក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងទៅដល់សាធារណៈជនឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៏ឆ្នាំនេះដូចខាងក្រោម៖
១.តំបន់វាលទំនាប
- សីតុណ្ហភាពអតិបរមា មានចាប់ពី ៣៧ - ៤០ អង្សារ អាចមានភ្លៀងកក់ខែលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឩត្តរមានជ័យ។
២.តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអតិបរមា មានពី ៣៤ - ៣៧ អង្សារ អាចមានភ្លៀងកក់ខែ នៅខេត្តកោះកុង។
៣.តំបន់ខ្ពង់រាប
- សីតុណ្ហភាពអតិបរមា មានពី ៣៦ - ៣៩ អង្សារ មានភ្លៀងកក់ខែ នៅខេត្តមណ្ឌលគីរី។
នៅក្នុងសេចក្ដីជូនដំណឹងនេះក្រសួងធនធានទឹក និងឧតុនិយម ក៏បានទទូចឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់មួយចំនួនដែលក្រសួងបានជូនដំណឹង ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមានមេឃរកកលភ្លៀង៕