ហុងកុង៖ ក្រុមនិស្សិតស្នេហាប្រជាធិបតេយ្យនៃទឹកដីទីក្រុងហុងកុង បានប្រកាសបង្កើតគណបក្សថ្មីមួយ ដើម្បីឲ្យក្លាយជាចលនាមួយស្របច្បាប់ទាមទារសិទ្ធិបោះឆ្នោតរបស់ប្រជាជនទីក្រុងនេះ។ គណបក្សនេះដឹកនាំដោយនិស្សិត Joshua Wong អាយុ ១៩ ឆ្នាំដែលធ្លាប់ត្រូវបានអាជ្ញាធរចិននៅក្រុងហុងកុងចាប់ឃុំខ្លួនអំឡុងពួកគេធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាពរបស់ប្រជាជនកាលពីឆ្នាំទៅម៉ិញ។
គណបក្សនេះមានឈ្មោះថា Demosisto ។ និស្សិតរូបនេះ បានដឹកនាំបដិវត្តន៍ឆ័ត្រកាលពីឆ្នាំ ២០១៤ បានប្រាប់បណ្ដាញផ្សាយព័ត៌មាន BBC ដឹងថា គោលបំណងរបស់គណបក្សលោកគឺជំរុញឲ្យមានការផ្លាស់ប្ដូរនៅទីក្រុងហុងកុង ប្រយោជន៍ឲ្យប្រជាជនមានសិទ្ធិជ្រើសរើសតំណាងរបស់ខ្លួនដោយសេរីនិងត្រឹមត្រូវ។
ទីក្រុងហុងកុងបច្ចុប្បន្នជាតំបន់ស្វ័យ័តរបស់ទីក្រុងប៉េកាំង ចាប់តាំងពីដែនដីមួយនេះ ត្រូវបានអាណានិគមអង់គ្លេសផ្ទេរទៅឲ្យទីក្រុងប៉េងកាំងគ្រប់គ្រងវិញនៅឆ្នាំ ១៩៩៧។
បច្ចុប្បន្នទីក្រុងហុងកុង មានតំណាងរបស់ខ្លួនដែលទីក្រុងប៉េកាំង អ្នកចាត់តាំងគឺតាមរយៈការបោះឆ្នោតដោយប្រជាជនហៅថា មិនធ្វើឡើងតាមលក្ខណៈសេរីនិងត្រឹមត្រូវ៕
ប្រភព:BBC