ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៦ នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងទាមទារឱ្យសមត្ថកិច្ចដោះលែង លោក អ៊ុំ សំអាន ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបជាបន្ទាន់។
សេចក្តីថ្លែងការណ៍របស់គណបក្សនេះ បានឱ្យដឹងថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្ររូបនេះគឺជាការរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រោះលោក អ៊ុំ សំអាន នៅមានអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនៅឡើយ។
គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា បើតាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា តំណាងរាស្ត្ររូបណាក៏ដោយមិនត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីការសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។
គណបក្សប្រឆាំងថាការចោទប្រកាន់ ការចាប់ខ្លួន និង ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មធិការអចិន្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា ។
សូមជម្រាបថា លោក អ៊ុំ សំអាន បានត្រឡប់មកពីបរទេសមកកម្ពុជានៅថ្ងៃទី ១០ ខែមេសា កាលពីយប់រំលង់អាធ្រាតឈានចូលថ្ងៃទី ១១ខែមេសា ឆ្នាំ ២០១៦ អាជ្ញាធរេត្តសៀមរាបបានចាប់លោកខណៈ លោកចុះដកលុយនៅទូរ ATM របស់ធនាគារខេត្តនេះ។
លោក អ៊ុំ សំអាន ត្រូវបាននាំខ្លួនទៅឃុំនៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃដោយរង់ចាំបញ្ចូនទៅតុលាការ។ លោកត្រូវបានចោទ ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី៕