ភ្នំពេញ៖ សួស្ដីប្រិយមិត្តជាទីមេត្រី ! សួស្ដីឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រឹស្គករាជ ២០១៦ !
ជារៀងរាល់ឆ្នាំនៅចំថ្ងៃទី ១៣, ១៤, ១៥ ខែមេសា ត្រូវនឹងខែចេត្រ តាមក្បួនចន្ទគតិគេតែងតែប្រារព្ធពិធីជាតិមួយដែលមហាជនគ្រប់រូបយល់ដឹងគ្រប់គ្នាថាជាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ពិធីបុណ្យនេះធ្វើឡើងរយៈពេលបីថ្ងៃ។ ថ្ងៃទី ១ គឺជាថ្ងៃមហាសង្ក្រាន្ដ មានន័យថា ដំណើរចាកចេញពីឆ្នាំចាស់ផ្លាស់មកឆ្នាំថ្មី។ ថ្ងៃទី ២ គឺជាថ្ងៃវារៈវ័នបតវាគ្រាន់ជាថ្ងៃធម្មតាមួយ គេតែងតែលេងល្បែងប្រជាប្រិយជួបជុំញាតិមិត្តបងប្អូន ព្រមទាំងដើរកម្សាន្តទៅទីជិតទីឆ្ងាយ។ គួរឲ្យកត់សម្គាល់ក្នុងថ្ងៃនេះ គេនិយមទៅវត្តអារាមក្នុងដើម្បីធ្វើបុណ្យ ពូនភ្នំខ្សាច់ផ្សេងៗ។ ចំពោះថ្ងៃទី ៣ ជាថ្ងៃបញ្ចប់នៃពិធីនេះ គឺជាថ្ងៃវារៈឡើងស័កដែលមានន័យថា ចាប់ផ្ដើមយុគសម័យកាលជាថ្ងៃថ្មីនៃឆ្នាំថ្មីពីពេលនេះតទៅ។
ជាទូទៅយុវជន-យុវតីនិយមផ្ចុងផ្ដើមគំនិតរៃអង្គាសប្រាក់កាស ដើម្បីនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយក្នុងភូមិ ឃុំ សាលារៀន និងនៅក្នុងបរិវេណវត្តអារាម កំដរដោយបទចំរៀងប្រជាប្រិយជាតិ មានបទសារ៉ាវាន់ ឡាំលាវ រាំវង់ និងកន្ទ្រឹមជាដើម។
ក្នុងពិធីដ៏សែនសប្បាយនេះ ក៏មានលេងល្បែងប្រជាប្រិយផងដែរ មានដូចជា ល្បែងចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ក្រុងមាន់ សេ្ដចចង់ ចាប់កូនខ្លែងកំលោះក្រមុំ ព្រមទាំងល្បែងប្រជាប្រិយមួយចំនួនទៀត។ ក្នុងថ្ងៃនេះដែរ គេតែងលេងរបាំត្រុដិដែលគេមានជំនឿថានឺងជួយបណ្ដេញព្រាយ បិសាច សំណាងអាក្រក់ ភោគមិនល្អ និងរឿងចង្រៃចេញឲ្យឆ្ងាយហើយនឹងនាំតែរឿងល្អ លាភល្អ សំណាង ចូលផ្ទះហូរដូចទឹកមិនដាច់។
បើនិយាយពីប្រវត្តិនៃ«របាំត្រុដិ»នេះវិញ មានកំណើតពីខេត្តសៀមរាប។ ពាក្យ «ត្រុដិ» នេះមានន័យថាកាត់ផ្ដាច់ ហើយបើកាត់ឲ្យដាច់ដែលគេជឿថានឹងទទួលបានការប្រទានពរសព្ទសាធុការជ័យជំនះ សម្រាប់ឆ្នាំថ្មីដែលគេកំពុងតែឆ្លងចូលនេះឯង។ ម្យ៉ាងទៀតអត្ថន័យមួយទៀតនោះ គឺគេលេងរបាំនេះសម្រាប់ដេញរឿងចង្រៃដែរតែនៅពេលដែលមានសត្វព្រៃដូចជាប្រើស ឈ្លូស ក្ងោកជ្រូកព្រៃជាដើមរត់ចូលក្នុងស្រុក។ ស្រដៀងគ្នានេះដែរ របាំទន្សោងក៏ត្រូវបានគេយកមកសម្ដែងផងដែរ ដែលរបៀបលេងគឺប្រហាក់ប្រហែលគ្នាដោយខុសតែតួអង្គជាទន្សោងញីឈ្មោល ខ្លាធំដំបង និងសំឡេងព្លយដែលខុសពីបាំត្រុដិមានក្ងោកយក្ស ប្រើស ព្រាយស្រីបិសាច។
របាំទាំងពីរនេះ ក៏ដូចជារបាំផ្សេងទៀតសុទ្ធសឹងតែជាអត្តសញ្ញាណជាតិ និង រំលេចនូវសោភ័ណ្ឌភាពយ៉ាងប្រពៃនៃជាតិយើង។
យើងសូមពិពណ៌នាអំពីថ្ងៃទាំងបីនេះម្ដង ដើម្បីជូនប្រិយមិត្តអ្នកស្ដាប់ឲ្យបានជ្រាប។ មុនថ្ងៃចូលឆ្នាំប្រជាពលរដ្ឋខ្មែរនាំគ្នារៀបចំផ្ទះសម្បែងតុបតែងគេហដ្ឋានដាក់ផ្កាភ្ញីនៅខាងមុខទ្វារផ្ទះ ដើម្បីនាំសិរីសួស្ដី ជ័យមង្គល វិបុលសុខដល់ថ្ងៃមហាសង្ក្រាន្ត។ គេរៀបចំផ្លែឈើគ្រឿងសក្ការបូជាទៀនធូបនំចំណី បាយសី ទឹកអប់ផ្កាម្លិះ សង្កេតទៅតាមគ្រឿងលម្អទេពធីតាដោយមើលសម្លៀកបំពាក់ ទីនាំង ក្រយាស្ងោយ អាវុធ និងពណ៌ដែលទេព្ដាសព្វព្រះរាជហឫទ័យ។
គួរបញ្ជាក់ថា នៅឆ្នាំនេះទេពធីតាព្រះនាម មណ្ឌាទេវី ជារាជបុត្រី កបិលមហាព្រហ្ម (ព្រហ្មមុខបួន)។ អម្បររបស់ព្រះនាងពណ៌អន (ខៀវស្រស់) ។ ចំណែកភក្សាហាររបស់ព្រះនាងគឺទឹកដោះស្រស់ ហើយចំពោះអាវុធព្រះហស្ថស្តាំព្រះនាងមានម្ជុល និង ព្រះហស្ថឆ្វេងទ្រង់កាន់ឈើច្រត់ រីឯអភរណៈរបស់ទេពធីតាពាក់កែវពិទូរ្យសៀតផ្កាចម្ប៉ា ពាហនៈជាយានជំនិះរបស់ព្រះនាងគឺសត្វលា។
ឆ្នាំនេះត្រូវជាឆ្នាំវកអដ្ឋស័កព.ស ២៥៦០ ។ ចំពោះថ្ងៃវារៈវ័នបត ជាថ្ងៃកណ្ដាល បុរាណមិនយកជាវេលាមង្គលដែលព្រះអាទិត្យឆ្លងពីរាសីមិនទាន់ដាច់ស្រេចវាជាថ្ងៃចន្លោះនៃឆ្នាំចាស់និងឆ្នាំថ្មីតែប៉ុណ្ណោះ។
ថ្ងៃបញ្ចប់ជាថ្ងៃវារៈឡើងស័ក ពោលគឺជាថ្ងៃដំបូងនៃសករាជថ្មីប្រជាពលរដ្ឋដែលពុទ្ធបរិស័ទនាំគ្នាទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃពូនភ្នំខ្សាច់ និងឩទ្ទិសផលបុណ្យជូនញាតិកាទាំងប្រាំពីរសន្ដានដែលចែកឋានទៅកាន់លោកខាងមុខ។ ពេលរសៀលគេធ្វើពិធីស្រង់ព្រះស្រោចទឺកងូតទឹកដល់ព្រះកន្លោងជាដើម។គេនិយមដើរកំសាន្ដទៅរមណីយដ្ឋានផ្សេងៗ តាមចិត្តចង់ផងដែរ។
បន្ដទៅទៀតនេះ យើងនឹងរៀបរាប់ពីល្បែងចោលឈូងដែលជាល្បែងដ៏ពេញនិយមនាឱកាសបុណ្យចូលឆ្នាំខ្មែរ។ ដំបូងគេចែកពីរក្រុមម្ខាងម្នាក់ គឺក្រុមប្រុស និង ក្រុមស្រី ដែលក្រុមណាមួយត្រូវចេញមុនរួចគប់ឈូង (ក្រមា) កុំឲ្យធ្លាក់ដល់ដីតែបើត្រូវត្រង់ម្នាក់ណាហើយបុគ្គលម្នាក់នោះ ត្រូវតែច្រៀងនិងរាំរហូតដល់កន្លែងដែលក្រុមម្ខាងទៀតរួច ទើបជម្រាបលាទៅក្រុមខ្លួនវិញ។
អ្វីដែលពិសេសក្នុងល្បែងមួយនេះគឺចម្រៀងវោហាស័ព្ទក្នុងការតាក់តែង ព្រមទាំងដៀមដាមចំៗតែម្ដង។ ក្នុងរយៈពេល ៣ ថ្ងៃនេះ គឺគេត្រូវតំណមខ្លះៗដែលត្រូវប្រកាន់ខ្ជាប់ និង អនុវត្តយ៉ាងតឹងរ៉ឹងផងដែរ គឺការជេរប្រទេចបណ្ដាសារកាយវិការព្រហើន ចំពោះគ្នាគេមិនត្រូវបញ្ចេញជាដាច់ខាត សម្បីតែចំពោះសត្វធាតុក្ដីព្រោះវាអាចបណ្ដាលឲ្យកើតគ្រោះកាចអន្ដរាយដល់ខ្លួនក្នុងឆ្នាំថ្មី។
បន្ទាប់ពីថ្ងៃដ៏នក្ខត្តឫក្សទាំងបីថ្ងៃនេះ គឺបុណ្យចូលឆ្នាំថ្មីនេះមិនទាន់កន្លងផុតស្រេចដាច់នោះទេ។ ប្រជាពលរដ្ឋខ្មែរនៅតែបន្តកំសាន្ដរហូតដល់ថ្ងៃចូលបម្រើការងារនិងបន្ដប្រកបមុខរបរប្រចាំថ្ងៃ។ ជាចុងក្រោយនាងខ្ញុំសូមប្រសិទ្ធិពរជ័យមង្គលវិបុលសុខដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ វណ្ណៈ នៅគ្រប់ទីកន្លែងឲ្យជួបតែពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ និងបដិពានៈកុំបីឃ្លៀងឃ្លាតឡើយ៕