en     km
en     km

អង្គ​ការ​តម្លា​ភាព​កម្ពុជា​ (TI)​ ចែក​«កាត​ប្រឆាំង​អំពើ​ពុក​រលួយ​»ដោយ​ឥត​គិត​ថ្លៃ​

Share

នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​ អង្គ​ការ​តម្លា​ភាព​កម្ពុជា​ បាន​រៀប​ចំ​កម្ម​វិធី​ចែក​ «កាត​ប្រឆាំង​អំពើ​ពុក​រលួយ​»​ ជូន​សាធារណ​ជន​ប្រើ​ប្រាស់​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​ -ជប៉ុន​ (CJCC)​។ អង្គ​ការ ​TI​ បាន​ចែក​កាត​ប្រមាណ​ជាង​២០០​កាត​ ដល់​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវ​ជន​មាន​ចំនួន​ជាង​ ៣៥០​នាក់​ ដោយ​ឥត​គិត​ថ្លៃ​។​ អ្នក​ដែល​ទទួល​បាន​កាត​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​អង្គ​ការ​តម្លា​ភាព​កម្ពុជា​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពី​ក្រុម​ហ៊ុន​នា​នា​នៅ​រាជ​ធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ ដែល​ជា​ដៃ​គូ​របស់​អង្គ​ការ​តម្លា​ភាព​កម្ពុជា​។

លោក ព្រាប កុល កំពុងធ្វើបទបង្ហាញពីសារៈសំខាន់នៃកាតប្រឆាំងអំពើពុករលួយដល់អ្នកចូលរួមនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុន។
លោក ព្រាប កុល កំពុងធ្វើបទបង្ហាញពីសារៈសំខាន់នៃកាតប្រឆាំងអំពើពុករលួយដល់អ្នកចូលរួមនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា – ជប៉ុន។

កញ្ញា​ ប៉ូញ​ សុភា​ ជា​និស្សិត​ផ្នែក​សង្គម​វិទ្យា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និយាយ​ថា​ កម្ម​វិធី​ចែក​កាត​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​នេះ​ បាន​ផ្តល់​សារៈ​សំខាន់​ជា​ច្រើន​សម្រាប់​កញ្ញា​។ ​កញ្ញា​ បាន​បន្ថែម​ទៀត​ថា​៖ «កាត​ដែល​បាន​ទទួល​ក្រៅ​មាន​ការ​បញ្ចុះ​តម្លៃ​រាល់​ការ​ទិញ​ទំនិញ​តាម​ហាង​ វា​អាច​រំលឹក​ដល់​រូប​យើង​ថា​ យើង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​បន្ត​ទៀត​ឡើយ​​»។​

និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​ឆ្នាំ​ទី​១​ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ កញ្ញា​ ហៀង​ រដ្ឋា​ កាន់​កាត​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​ ការ​ទទួល​បាន​កាត​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្ងៃ​នេះ​ ជា​ផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​ដោយ​ផ្តើម​ចេញ​ពី​យុវ​ជន​គ្រប់​រូប​។

ក្រុមការងារអង្គការតម្លាភាពកម្ពុជា និង អ្នកចូលរួមក្នុងកម្មវិធីចែកកាតប្រឆាំងអំពើពុករលួយ កំពុងទស្សនាការសម្តែងសិល្បៈដោយក្រុមយុវជនប្រឆាំងអំពើពុករលួយរបស់អង្គការតម្លាភាពកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុន។
ក្រុមការងារអង្គការតម្លាភាពកម្ពុជា និង អ្នកចូលរួមក្នុងកម្មវិធីចែកកាតប្រឆាំងអំពើពុករលួយ កំពុងទស្សនាការសម្តែងសិល្បៈដោយក្រុមយុវជនប្រឆាំងអំពើពុករលួយរបស់អង្គការតម្លាភាពកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា – ជប៉ុន។

លោក​ ព្រាប​ កុល​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាត​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ កាត​ដែល​បាន​ចែក​ជូន​ដល់​អ្នក​ចូល​រួម​ មាន​ការ​បញ្ចុះ​តម្លៃ​ពី​បណ្តា​ហាង​ទំនិញ​និង​ក្រុម​ហ៊ុន​ប្រមាណ​ជាង​ ១០០​ នៅ​កម្ពុជា​។ ​កាត​បញ្ចុះ​តម្លៃ​របស់​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ អាច​បញ្ចុះ​តម្លៃ​ចាប់​ពី​៣​ភារយ​ ដល់​ ៥០​ភាគ​រយ​ទៅ​តាម​ការ​កំណត់​របស់​ក្រុម​ហ៊ុន​នី​មួយ​ៗ​។

ទន្ទឹម​គ្នា​នេះ​ដែរ​ នាយក​ប្រតិ​បត្តិ​នៃ​អង្គ​ការ​តម្លា​ភាព​កម្ពុជា​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​ បុគ្គល​គ្រប់​រូប​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ប្រកាស​មួយ​ចំនួន​រួម​មាន​ ខ្ញុំ​មិន​សូក​ប៉ាន់​ ខ្ញុំ​មិន​ស៊ី​សំណូក​ ខ្ញុំ​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ​ឬ​អង្គ​ការ​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ចូល​រួម​ប្រឆាំង​អំពើ​ពុក​រលួយ​ ខ្ញុំ​ត្រូវ​សម្តែង​មតិ​ និង​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ​ ជា​ពិសេស​យើង​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​លើ​កាត​បញ្ចុះ​តម្លៃ​ទំនិញ​នៃ​អង្គ​ការ​តម្លា​ភាព​មាន​សរសេរ​អក្សរ​ធំៗ​ថា​៖ «រួម​គ្នា​ប្រឆាំង​អំពើ​ពុក​រលួយ​» ​និង​មាន​លេខ​ទូរសព្ទ​ទំនាក់​ទំនង​ដែល​គេ​អាច​រាយ​ការណ៍​បន្ទាន់​អំពី​ករណី​អំពើ​ពុក​រលួយ​។ អ្នក​រាយ​ការណ៍​អាច​ទាក់​ទង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​ពិសេស​ ១២​៨២​ និង​ ៧៧​៧៧​ ជា​លេខ​មជ្ឈ​មណ្ឌល​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​របស់​អង្គ​ការ​តម្លា​ភាព​កម្ពុជា​៕

Share

Image
Image
Image