នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ អង្គការតម្លាភាពកម្ពុជា បានរៀបចំកម្មវិធីចែក «កាតប្រឆាំងអំពើពុករលួយ» ជូនសាធារណជនប្រើប្រាស់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -ជប៉ុន (CJCC)។ អង្គការ TI បានចែកកាតប្រមាណជាង២០០កាត ដល់អ្នកចូលរួមភាគច្រើនជាយុវជនមានចំនួនជាង ៣៥០នាក់ ដោយឥតគិតថ្លៃ។ អ្នកដែលទទួលបានកាតប្រឆាំងអំពើពុករលួយពីអង្គការតម្លាភាពកម្ពុជានឹងទទួលបានការបញ្ចុះតម្លៃពីក្រុមហ៊ុននានានៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ដែលជាដៃគូរបស់អង្គការតម្លាភាពកម្ពុជា។
កញ្ញា ប៉ូញ សុភា ជានិស្សិតផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា កម្មវិធីចែកកាតប្រឆាំងអំពើពុករលួយនៅថ្ងៃនេះ បានផ្តល់សារៈសំខាន់ជាច្រើនសម្រាប់កញ្ញា។ កញ្ញា បានបន្ថែមទៀតថា៖ «កាតដែលបានទទួលក្រៅមានការបញ្ចុះតម្លៃរាល់ការទិញទំនិញតាមហាង វាអាចរំលឹកដល់រូបយើងថា យើងមិនត្រូវប្រព្រឹត្តអំពើពុករលួយបន្តទៀតឡើយ»។
និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ហៀង រដ្ឋា កាន់កាតប្រឆាំងអំពើពុករលួយបាននិយាយថា ការទទួលបានកាតប្រឆាំងអំពើពុករលួយថ្ងៃនេះ ជាផ្នែកមួយក្នុងការចូលរួមប្រឆាំងអំពើពុករលួយនៅក្នុងសង្គមកម្ពុជាដោយផ្តើមចេញពីយុវជនគ្រប់រូប។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់កាតប្រឆាំងអំពើពុករលួយថា កាតដែលបានចែកជូនដល់អ្នកចូលរួម មានការបញ្ចុះតម្លៃពីបណ្តាហាងទំនិញនិងក្រុមហ៊ុនប្រមាណជាង ១០០ នៅកម្ពុជា។ កាតបញ្ចុះតម្លៃរបស់អង្គការតម្លាភាពកម្ពុជា អាចបញ្ចុះតម្លៃចាប់ពី៣ភារយ ដល់ ៥០ភាគរយទៅតាមការកំណត់របស់ក្រុមហ៊ុននីមួយៗ។
ទន្ទឹមគ្នានេះដែរ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជារូបនេះ បានបន្ថែមទៀតថា ដើម្បីប្រឆាំងអំពើពុករលួយ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសមួយចំនួនរួមមាន ខ្ញុំមិនសូកប៉ាន់ ខ្ញុំមិនស៊ីសំណូក ខ្ញុំធ្វើការជាមួយអ្នកដទៃឬអង្គការស្ថាប័នផ្សេងៗដើម្បីចូលរួមប្រឆាំងអំពើពុករលួយ ខ្ញុំត្រូវសម្តែងមតិ និងរាយការណ៍ពីអំពើពុករលួយ ជាពិសេសយើងត្រូវនិយាយថាទេចំពោះអំពើពុករលួយគ្រប់រូបភាព។
គួរបញ្ជាក់ផងដែរថា នៅលើកាតបញ្ចុះតម្លៃទំនិញនៃអង្គការតម្លាភាពមានសរសេរអក្សរធំៗថា៖ «រួមគ្នាប្រឆាំងអំពើពុករលួយ» និងមានលេខទូរសព្ទទំនាក់ទំនងដែលគេអាចរាយការណ៍បន្ទាន់អំពីករណីអំពើពុករលួយ។ អ្នករាយការណ៍អាចទាក់ទងអង្គភាពប្រឆាំងអំពើពុករលួយក៏បានតាមរយៈលេខទូរស័ព្ទពិសេស ១២៨២ និង ៧៧៧៧ ជាលេខមជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកច្បាប់របស់អង្គការតម្លាភាពកម្ពុជា៕