ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃបន្តសាកសួរ លោក អ៊ុំ សំអាន បន្ទាប់ពីបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ចនៅលើទឹកដីខេត្តសៀមរាប នាម៉ោង ជាង១២យប់រំលងអាធ្រាត ហើយបានបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ ៧ ព្រឹកថ្ងៃនេះ ។
សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា Fresh News បានបង្ហោះរូបលោក អ៊ុំ សំអាន នៅក្នុងនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃ ដោយដៃទាំងពីររបស់លោកជាប់ខ្នោះ តែលោកញញឺមពព្រាយមើលទៅដូចជាមិនតក់ស្លុតឡើយ។
តាមប្រភពដដែលនេះ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។
លោក អ៊ុំ សំអាន នាពេលកន្លងទៅបានបង្ហោះផែនទីរបស់កម្ពុជាច្រើនសន្លឹកនៅលើ Facebook ហើយកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្ត្រខេត្តសៀមរាប ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្មវិន័យមួយចំនួន បន្ទាប់ពីសកម្មភាពផ្សាយតាមបណ្តាញព័ត៌មានសង្គម ប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
លោក អ៊ុំ សំអាន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ បន្ទាប់ពីលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ ២០១៥៕