សិង្ហបុរីជាទីក្រុងតូចមួយ ប៉ុន្តែទំនើបឈានមុខ ទាំងសន្តិសុខសុវត្ថិភាព ការរស់នៅមានកម្រិតស្តង់ដារ និងរបស់របប្រើប្រាស់ប្រចាំថ្ងៃ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ត nuTonomy មានគម្រោងដាក់ដំណើរការតាក់ស៊ីគ្មានមនុស្សបើក ឬស្វ័យប្រវត្តិនេះក្នុងទីក្រុង ដើម្បីតេស្ដមើល មុនដាក់លក់ទៅកាន់ទីក្រុងធំៗជុំវិញពិភពលោក។
កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន nuTonomy បានឆ្លងកាត់ឧបសគ្គតេស្ដលើកដំបូងក្នុងទីក្រុង សិង្ហបុរីជាមួយលទ្ធផលយ៉ាងគាប់ប្រសើរ។ ការតេស្តជោគជ័យនេះ បានត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុនស្វែងរកការអនុញ្ញាត ដើម្បីតេស្តក្នុងសង្កាត់តូចៗបន្តទៀត។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុនលោក Karl Lagnemma និយាយថា៖ « nuTonomy នឹងបញ្ចេញរថយន្តស្វ័យប្រវត្តិវ័យឆ្លាតជាងគេបំផុតក្នុង លោកនាពេលឆាប់ៗខាងមុខ។ វានឹងបំពាក់ដោយកាំរស្មី LIDAR ដើម្បីរកមើលរថយន្តផ្សេងទៀតតាមផ្លូវ ព្រមទាំងវត្ថុរារាំងផ្លូវខាងមុខដែរ»។
ប្រជាជនសិង្ហបុរីត្រូវការជិះរថយន្តក្រុងច្រើន ប៉ុន្តែគេមិនអាចរកមនុស្សបើកបរពេលយប់បាន ជាហេតុនាំឲ្យក្រុមហ៊ុនបង្កើតគម្រោងខាងលើឡើង។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថារថយន្តនឹងដាក់ដំណើរការជាសាធារណៈក្នុង ទីក្រុងនៅថ្ងៃណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ www.news.sabay.oc.kh