នៅមិនដល់ប៉ុន្មានថ្ងៃទៀតទេ បុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ បងប្អូនប្រជាជននាំគ្នាទៅស្រុកកំណើត និងខ្លះទៀតទៅកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ។
ដោយឡែកនៅខេត្តសៀមរាបឯនេះវិញ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរឆ្នាំថ្មី បានទាក់ទាញអ្នកទេសចរជាច្រើន។ ម្ចាស់ផ្ទះសំណាក់និងសណ្ឋាគារមួយចំនួនដែល Sabay បានទាក់ទងឲ្យដឹងថា រហូតមកដល់ពេលនេះភ្ញៀវជាតិនិងអន្តរជាតិបានកក់បន្ទប់ស្នាក់នៅ ស្ទើរពេញអស់ទៅហើយ។
“បន្ទប់ជាង ៩០% នៅផ្ទះសំណាក់របស់ខ្ញុំ ពេលនេះមានគេកក់អស់ហើយ”។ នេះបើតាមលោក វ័ន្ត ម្ចាស់ផ្ទះសំណាក់យីហោ Bou Savay មានទីតាំងនៅសៀមរាបបញ្ជាក់ប្រាប់។ លោកថា តម្លៃបន្ទប់មិនឡើងថ្លៃទេ សម្រាប់ផ្ទះសំណាក់របស់លោកគឺរក្សាតម្លៃថេរមិនថាថ្ងៃធម្មតា ឬបុណ្យទាននោះឡើយ ដោយតម្លៃចន្លោះពី ២០ដុល្លារទៅ ៣០ដុល្លារ។
មិនខុសគ្នាប៉ុន្មាន អ្នកគ្រប់គ្រងនៅ Angkor Twinkle Boutique Villa កញ្ញាដា ពោលថា ភ្ញៀវខ្លះបានមកកក់បន្ទប់សម្រាប់ត្រៀមបុណ្យចូលឆ្នាំតាំងពីពាក់ កណ្តាលខែ ៣ មកម៉្លេះ។ កញ្ញាបន្តថា បន្ទប់ត្រូវបានភ្ញៀវកក់ស្ទើរអស់រលីង ដែលពេលនេះសល់ប្រហែល ៤-៥ បន្ទប់ប៉ុណ្ណោះ។ ចំពោះតម្លៃវិញ គឺមានការឡើងបន្តិចបន្តួចប៉ុណ្ណោះ ដែលក្នុង១បន្ទប់មានតម្លៃពី ៣០ ដុល្លាទៅ ៤០ ដុល្លារ។
ព្រឹតិ្តការណ៍អង្គរសង្រ្កាន្តកាលពីឆ្នាំ ២០១៥ បានទាក់ទាញភ្ញៀវទេសចរប្រមាណ១លាននាក់។ ដោយឡែកសម្រាប់ឆ្នាំនេះ អ្នករៀបចំកម្មវិធីក៏រំពឹងថានឹងមានចំនួនមនុស្សចូលរួមច្រើនជាង ឆ្នាំមុនៗ៕
អត្ថបទ៖ លឹម សុនា
ប្រភព៖ www.news.sabay.com.kh