ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី ០៩ ខែមេសា ឆ្នាំ ២០១៦ នេះសម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ខេត្ដព្រះសីហនុ បានប្រែក្លាយទៅជាខេត្ដយុទ្ធសាស្ដ្រពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ដែលបាននឹងកំពុងតែទាក់ទាញទេសចរណ៍ជាតិ និង អន្ដរជាតិយ៉ាងច្រើនឲ្យទៅទស្សនាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ក៏បានភ្ជាប់ជាមួយនូវខ្សែរវីដេអូខ្លីមួយផងដែរ ដែលជាប្រសាសន៍របស់លោក យន្ដ មីន អភិបាលនៃខេត្ដព្រះសីហនុ ដោយវីដេអូនោះបានរៀបរាប់ពីការជឿនលឿននៃការអភិវឌ្ឍន៍។
ក្នុងវីដេអូខ្លីដែលសម្ដេច ហ៊ុន សែន បានបង្ហោះនោះ លោក យន្ដ ម៉ីន អភិបាលខេត្ដព្រះសីហនុ បានមានប្រសាសន៍ថា វិស័យទេសចរណ៍ខេត្ដព្រះសីហនុ គឺជាវិស័យដែលមានសក្ដានុពលធំក្នុងការលើកស្ទួយសេដ្ឋកិច្ចខេត្ដព្រះសីហនុ និង ស្ទួយសេដ្ឋកិច្ចប្រទេសជាតិឲ្យមានកំនើនកើនខ្លាំងនាពេលបច្ចុប្បន្ននេះ។ អភិបាលខេត្ដព្រះសីហនុបន្ថែមថា ប្រសិនជាចង់ឲ្យវិស័យទេសចរណ៍ក្នុងខេត្ដនេះ បន្ដរីកចម្រើនទៅមុខកាន់តែល្អទៀត លុះណាតែមន្ដ្រីទេសចរណ៍ និងពលរដ្ឋទាំងអស់រួមគ្នាគាំទ្រដល់វិស័យនេះ។
បើតាមប្រសាសន៍លោក យន្ដ ម៉ីន បានបង្ហាញការប្ដេជ្ញាចិត្ដថា នឹងបង្កើនការខិតខំបន្ថែមទៀតឲ្យមានការវិនិយោគទុនបង្កើតរោងចក្រ សហគ្រាស ឧស្សាហកម្មឲ្យកាន់តែច្រើន ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋខ្មែរក្នុងខេត្ដ និង ដើម្បីកុំឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅក្រៅប្រទេសជាបន្ដទៀត។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើន ដែលគេចាប់អារម្មណ៍ចង់បណ្ដាក់ទុនវិនិយោគនៅខេត្ដព្រះសីហនុយើងហើយយើងក៏ខិតខំធ្វើយ៉ាងណា ឲ្យឈ្មោះថាតំបន់សេដ្ឋកិច្ចពិសេសដើរទៅមុខ គឺដើម្បីទាក់ទាញអ្នកវិនិយោគទាំងអស់ហ្នឹង គេមកចុះទុនរកទទួលទាននៅខេត្ដព្រះសីហនុ ។ យើងបង្កើតជារោងចក្រ បង្កើតជាសហគ្រាសឲ្យច្រើនផ្សេងៗទៀតដើម្បីលើកកម្ពស់ជីវភាពបងប្អូនយើង ទីមួយគឺអាចចំណេញកំលាំងពលកម្មដែលធ្វើឲ្យបងប្អូនយើង មិនបាច់ធ្វើចំណាកស្រុក បើទោះបីតម្លៃកំលាំងពលកម្មខុសគ្នាតិចតូចក៏វាល្អជាងការធ្វើចំណាកស្រុកក្រៅប្រទេសដែរ»។
សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នាពេលកន្លងទៅ មាននាវាយក្សមួយគ្រឿងដែលមានឈ្មោះថា Queen Mary II បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៤០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕