en     km
en     km

ប្រមុខ​រដ្ឋាភិបាល​​ស្នើ​​តែង​តាំង​​លោក​ ​ឡុ​ង​ ​ឌី​ម៉​ង់​ ​ជា​ឯ​ក​អគ្គរាជ​ទូត​​ជំនួស​​លោក​ ​ស៊ុត​ ​ឌី​ណា​

Share

ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ បាន​ស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជ​ធា​នី​ភ្នំពេញ​ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជំនួស​លោក​ ស៊ុត​ ​​ឌី​ណា​។​ ការ​ស្នើ​នេះ​ បន្ទាប់​លោក​ ស៊ុត​ ឌី​ណា​អតីត​ឯកអគ្គរាជទូត​ប្រចាំ​កូរ៉េ​ខាងត្បូង​ បន្ទាប់​ពី​អង្គ​ភា​ព​​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទប្រកាន់​ពីរ​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​  ជុំវិញ​ការ​តែងតាំង​ លោ​​ក​ ​ឡុ​ង​ ឌី​ម៉​ង់​ ដែល​ជា​កូនប្រុស​លោក​ ឡុ​ង​ វី​សា​លោ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ អ្នកវិភាគ​ស​ង្គ​ម​ បង្ហាញ​ការ​ព្រួយបារម្ភ​ ថា​ថ្ងៃក្រោយ​ក្រសួង​មួយ​នេះ​នឹង​ក្លាយជា​ក្រសួង​គ្រួសារ​។​

Long-Deming-Facebook-wmc
​លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជ​ធា​នី​ភ្នំពេញ​ (រូបភាព៖ ហ្វេសប៊ុកលោក ឡុង​ ឌីម៉ង់)

​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​បង្ហាញ​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ចុះហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ស្នើ​ព្រះមហាក្សត្រ​ឱ្យ​បញ្ចប់​ភារកិច្ច​លោក​ ស៊ុត​ ឌី​ណា​ ពី​ឯកអគ្គរាជទូត​វិសា​ម​ញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ និង​ស្នើ​សុំ​តែងតាំង​លោក​ ឡុ​ង​ ឌី​ម៉​ង់​ ជំនួស​វិញ​ ។​

​លោក​ ឡុ​ង​ ឌី​ម៉​ង់​ បច្ចុប្បន្ន​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​០៩​ មេ​សា​នេះ​ ថា​ លោក​មិន​ទាន់​ទទួល​បាន​សារលិខិត​តែងតាំង​ជា​ផ្លូវការ​នោះ​ទេ​ លោក​បានដឹង​ដំណឹង​ពី​ការ​តែងតាំង​លោក​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ តែ​តាម​រយៈ​សារព័ត៌មាន​តែ​ប៉ុណ្ណោះ​។​

​លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​បញ្ជាក់​ថា​ នេះ​គឺជា​កិត្តិយស​ណាស់​ចំពោះ​រូប​លោក​ ដែល​ប្រមុខ​រដ្ឋាភិបាល​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​។​ លោក​បន្ត​ថា​ ទន្ទឹម​នឹង​នោះ​ដែរ​ ការ​ប្រគល់​តួនាទី​នេះ​ គឺជា​ការ​ចាប់ផ្តើម​ បំពេញការងារ​នៅ​កន្លែង​មួយ​ដែល​ពោ​ពេញ​ទៅ​ដោយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ និង​បញ្ហា​ផ្លូវច្បាប់​ ដែល​ទាមទារ​ឱ្យ​លោក​ត្រូវ​សិក្សា​បន្ថែម​ទៀត​។​

​ទន្ទឹម​នឹង​នេះ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ថ្នាក់​នាំ​ ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ​ និង​ប្រជារាស្ត្រ​៖ «​ការ​ចាត់តាំង​ និង​ការ​ផ្តល់​​នូវ​សេចក្តី​ទុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ មក​លើ​យើងខ្ញុំ​ គឺ​មិនមែន​ឱ្យមក​ធ្វើការ​ប្រកាន់​និន្នាការ​នយោបាយ​បក្សពួក​អ្វី​ទាំងអស់​ អ្វី​ដែល​ធ្វើ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ខាង​ដើម​អ​ញ្ចឹ​ង​ គឺ​ធ្វើ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​»​។​

​ទាក់ទិន​បញ្ហា​នេះ​ លោក​មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួ​តែ​ប្រាកដ​ចិត្តជា​មុន​ថា​ មុន​នឹង​តែងតាំង​មន្ត្រី​ណា​ម្នាក់​ ត្រូវ​ច្បាស់​ថា​មន្ត្រី​នោះ​ ជា​មន្ត្រី​មាន​សមត្ថភាព​ បើ​ទោះជា​កូន​អ្នកធំ​ក៏​ដោយ​  កុំ​យក​តែ​ឈ្មោះ​ឪពុក​មក​ប្រើ​ ប៉ុន្តែ​បែរជា​គ្មាន​សមត្ថភាព​ធ្វើការ​។​

​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​រូប​នេះ​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា​ ថ្ងៃក្រោយ​ក្រសួង​កាបរទេស​ នឹង​ក្លា​​យជា​ក្រសួង​គ្រួសារ​ ដែល​មាន​តែ​កូន​មន្ត្រី​ធំៗ​នៅ​ក្នុង​ក្រសួងការបរទេស​ ទៅ​កាន់​ការងារ​ជា​ឯកអគ្គរាជទូត​រប​ស់​​ខ្មែរ​ប្រចាំ​ប្រទេស​ដទៃ​៖«​អ៊ី​ញ្ចឹ​ង​ប្រសិនបើ​មាន​មន្ត្រី​នៅ​ក្រសួងការបរទេស​តែ​១០​នាក់​ ហើយ​ម្នាក់​មានកូន​ម្នាក់​ បា​ន​ន័យ​ថា​គេ​នឹង​ប​ញ្ចូ​ន​កូន​របស់​គេ​ទៅ​១០​ប្រទេស​។​ នេះ​ជា​រឿង​មួយ​ដែល​ពិបាក​ភ្នែក​មើល​ហើយ​ ខ្ញុំ​មិន​ដឹង​​ថា​​តើ​ប្រពៃណី​បែប​ហ្នឹង​ខ្មែរ​ នឹង​ត្រូវ​ដោះស្រាយ​ យ៉ាងម៉េច​ទៅ​ថ្ងៃ​ខាង​មុខ​ ហើយ​វា​នឹង​មាន​បច្ច័យ​អាក្រក់​អ្វីខ្លះ​ដ​ល់​​យុវជន​ជំនាន់​ក្រោយ​…»​។​

​ជា​ការ​ឆ្លើយ​តប​ លោក​ ឡុ​ង​ ឌី​ម៉​ង​ អះអាង​ថា​ ជុំវិញ​ការ​ស្នើ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ទៅ​ព្រះមហាក្សត្រ​ឱ្យ​លោ​ក​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ មិន​ពាក់ព័ន្ធ​និង​ឪពុក​របស់​លោក​ឡើយ​។​

​សូម​ជម្រាប​ថា​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ ជា​កូនប្រុស​របស់​លោក​ ឡុ​ង​ វិ​សា​លោ​ ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​។​ ហើយ​លោក​ក៏​ជា​កូនប្រសារ​របស់​លោក​ ញឹ​ម​ វណ្ណ​ដា​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហ​ន្ត​រា​យ​​ផង​ដែរ​។​ លោក​ឡុ​ង​ ឌី​ម៉​ង់​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ ៕

Share

Image
Image
Image