ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានស្នើព្រះមហាក្សត្រតែងតាំងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ជំនួសលោក ស៊ុត ឌីណា។ ការស្នើនេះ បន្ទាប់លោក ស៊ុត ឌីណាអតីតឯកអគ្គរាជទូតប្រចាំកូរ៉េខាងត្បូង បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពីរបទចោទថាបានប្រព្រឹត្តអំពើពុករលួយ។ ជុំវិញការតែងតាំង លោក ឡុង ឌីម៉ង់ ដែលជាកូនប្រុសលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេស អ្នកវិភាគសង្គម បង្ហាញការព្រួយបារម្ភ ថាថ្ងៃក្រោយក្រសួងមួយនេះនឹងក្លាយជាក្រសួងគ្រួសារ។
នៅក្នុងលិខិតមួយច្បាប់បង្ហាញថ្ងៃទី ០៨ ខែមេសា ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ថ្វាយព្រះមហាក្សត្រដោយស្នើព្រះមហាក្សត្រឱ្យបញ្ចប់ភារកិច្ចលោក ស៊ុត ឌីណា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងស្នើសុំតែងតាំងលោក ឡុង ឌីម៉ង់ ជំនួសវិញ ។
លោក ឡុង ឌីម៉ង់ បច្ចុប្បន្នជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៩ មេសានេះ ថា លោកមិនទាន់ទទួលបានសារលិខិតតែងតាំងជាផ្លូវការនោះទេ លោកបានដឹងដំណឹងពីការតែងតាំងលោកជាឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូងនេះ តែតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា នេះគឺជាកិត្តិយសណាស់ចំពោះរូបលោក ដែលប្រមុខរដ្ឋាភិបាលតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង។ លោកបន្តថា ទន្ទឹមនឹងនោះដែរ ការប្រគល់តួនាទីនេះ គឺជាការចាប់ផ្តើម បំពេញការងារនៅកន្លែងមួយដែលពោពេញទៅដោយបញ្ហាស្មុគ្រស្មាញ និងបញ្ហាផ្លូវច្បាប់ ដែលទាមទារឱ្យលោកត្រូវសិក្សាបន្ថែមទៀត។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានប្តេជ្ញាចិត្តថានឹងអនុវត្តទៅតាមការណែនាំរបស់ថ្នាក់នាំ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រ៖ «ការចាត់តាំង និងការផ្តល់នូវសេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំ មកលើយើងខ្ញុំ គឺមិនមែនឱ្យមកធ្វើការប្រកាន់និន្នាការនយោបាយបក្សពួកអ្វីទាំងអស់ អ្វីដែលធ្វើដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹង គឺធ្វើដើម្បីឧត្តមប្រយោជន៍ជាតិ»។
ទាក់ទិនបញ្ហានេះ លោកមាស នី អ្នកវិភាគបញ្ហាសង្គម មានប្រសាសន៍ថា រដ្ឋាភិបាលគួតែប្រាកដចិត្តជាមុនថា មុននឹងតែងតាំងមន្ត្រីណាម្នាក់ ត្រូវច្បាស់ថាមន្ត្រីនោះ ជាមន្ត្រីមានសមត្ថភាព បើទោះជាកូនអ្នកធំក៏ដោយ កុំយកតែឈ្មោះឪពុកមកប្រើ ប៉ុន្តែបែរជាគ្មានសមត្ថភាពធ្វើការ។
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បានបង្ហាញការព្រួយបារម្ភផងដែរថា ថ្ងៃក្រោយក្រសួងកាបរទេស នឹងក្លាយជាក្រសួងគ្រួសារ ដែលមានតែកូនមន្ត្រីធំៗនៅក្នុងក្រសួងការបរទេស ទៅកាន់ការងារជាឯកអគ្គរាជទូតរបស់ខ្មែរប្រចាំប្រទេសដទៃ៖«អ៊ីញ្ចឹងប្រសិនបើមានមន្ត្រីនៅក្រសួងការបរទេសតែ១០នាក់ ហើយម្នាក់មានកូនម្នាក់ បានន័យថាគេនឹងបញ្ចូនកូនរបស់គេទៅ១០ប្រទេស។ នេះជារឿងមួយដែលពិបាកភ្នែកមើលហើយ ខ្ញុំមិនដឹងថាតើប្រពៃណីបែបហ្នឹងខ្មែរ នឹងត្រូវដោះស្រាយ យ៉ាងម៉េចទៅថ្ងៃខាងមុខ ហើយវានឹងមានបច្ច័យអាក្រក់អ្វីខ្លះដល់យុវជនជំនាន់ក្រោយ…»។
ជាការឆ្លើយតប លោក ឡុង ឌីម៉ង អះអាងថា ជុំវិញការស្នើរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅព្រះមហាក្សត្រឱ្យលោកធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងនេះ មិនពាក់ព័ន្ធនិងឪពុករបស់លោកឡើយ។
សូមជម្រាបថា លោក ឡុង ឌីម៉ង់ ជាកូនប្រុសរបស់លោក ឡុង វិសាលោ ជារដ្ឋលេខាធិការក្រសួងការបរទេស។ ហើយលោកក៏ជាកូនប្រសាររបស់លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ លោកឡុង ឌីម៉ង់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ៕