ក្រុមហ៊ុនបង្វឹកអាជីវកម្ម (Action Coach) ដែលមានជិត ៦០ ប្រទេសលើពិភពលោក ខណៈនេះមាននៅកម្ពុជាហើយ គឺ Action COACH Cambodia។
ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅសណ្ឋាគារ InterContineltal ល្ងាចមិញនេះ លោក អ៊ីវ គីមសួរ នាយកប្រតិបត្តិនៃក្រុមហ៊ុន ខាងលើនិយាយថា ក្រុមហ៊ុននេះបង្កើតឡើងក្នុងគោលបំណង បង្វឹកដល់ម្ចាស់អាជីវកម្មផ្ទាល់ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរីកចម្រើនរឹងមាំ និងឱ្យពួកគេឈប់ធ្វើការក្នុងអាជីវកម្មរបស់ពួកគេ ដោយក្រុមហ៊ុនរបស់ពួកគេនៅតែអាចបន្តរកប្រាក់ចំណូលបាន។
លោកបន្តថា ៖ “តាមការកត់សម្គាល់របស់ខ្ញុំ ក្រុមហ៊ុនអាជីវកម្មក្នុងស្រុកភាគច្រើនធុនតូច និងធុនមធ្យម។ ម្ចាស់ក្រុមហ៊ុនអត់ទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ អត់មានយុត្តិសាស្ត្រផ្នែកលក់ ឬធ្វើឱ្យស្លាក់យីហោរបស់គាត់រឹងមាំនៅឡើយទេ។ យើងអាចផ្ដល់ឱ្យគាត់ជាដំណោះស្រាយ ឬយុត្តិសាស្ត្រ ដើម្បីឱ្យគាត់កសាងក្រុមហ៊ុនរបស់គាត់រឹងមាំរីកចម្រើន ហើយគាត់មិនបាច់ធ្វើការក្នុងអាជីវកម្មហ្នឹងទៀតទេ។ បានន័យថា គាត់អាចទៅហូលីដេ១អាទិត្យ២អាទិត្យបាន ដោយមានក្រុមការងារធ្វើការឱ្យគាត់ ដើម្បីឱ្យគាត់មានពេលជាមួយគ្រួសារ និងសម្រាប់ជីវិតរបស់ខ្លួន”។
កម្ពុជាបានក្លាយជាសមាជិក នៃសេដ្ឋកិច្ចរបស់អាស៊ាន ហេតុដូច្នេះហើយការប្រកួតប្រជែងផ្នែកអាជីវកម្ម គឺមានភាពខ្លាំងក្លាជាងមុន ហើយអ្នកជំនួញកម្ពុជាជាច្រើន នៅមិនទាន់អាចប្រឈមនឹងបញ្ហានេះបានទេ ជាហេតុធ្វើឱ្យអាជីវកម្មរបស់ពួកគេ មានភាពផុយស្រួយ ងាយនឹងបរាជ័យ។
លោក អ៊ីវ គីមសួរ បានបញ្ជាក់ថា៖ “យើងនឹងផ្ដល់យុត្តិសាស្ត្រច្រើនសម្រាប់ពួកគាត់។ យុត្តិសាស្ត្រក្នុងការប្រកួតប្រជែង ពួកគាត់នៅមិនទាន់បានរៀន ឬដឹងជ្រៅជ្រះទេ ដូច្នេះយើងនឹងផ្ដល់សេវានេះបន្ថែមទៀត ដើម្បីឱ្យពួកគាត់ឈ្នះការប្រកួតប្រជែងលើទីផ្សារសេរី”។
សហគ្រិនរូបនេះ បានបង្ហាញឱ្យដឹងទៀតថា បញ្ហាការលក់ និងកង្វះធនធានមនុស្ស ជាបញ្ហាចម្បងជាងគេ ដែលធ្វើឱ្យក្រុមហ៊ុនភាគច្រើនងាយបរាជ័យ រហូតដល់បិទក្រុមហ៊ុន។
“អាជីវកម្មអាស្រ័យលើការលក់។ បើការលក់មិនគ្រប់ផែនការ ធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុ។ អ៊ីចឹងបញ្ហាចម្បងរបស់ក្រុមហ៊ុនភាគច្រើន គឺការលក់ ហើយបញ្ហាចម្បងបន្ទាប់ គឺធនធានមនុស្សុ។ បុគ្គលិកមិនធ្វើការ មិនបានយូរនៅក្រុមហ៊ុនរបស់គាត់ ឬបុគ្គលិកមិនបានធ្វើការឱ្យពេញសមត្ថភាពរបស់គាត់។ ចឹងយើងនឹងផ្ដល់យុត្តិសាស្ត្រ ដំណោះស្រាយ ទិសដៅ សម្រាប់ជួយគាត់”៕
អត្ថបទ៖ អ៊ុំ សុភក្តិ
ប្រភព៖ www.news.sabay.com.kh