ភ្នំពេញ៖ សហគមន៍ព្រៃទ្បង់ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចូលសមាសភាពពួកគេឱ្យចូលរួមការពារតំបន់ព្រៃទ្បង់ជាមួយនឹងភាគីរដ្ឋាភិបាល បន្ទាប់ពីសម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដាក់ព្រៃទ្បង់ជាតំបន់ព្រៃការពារ។ ការស្នើនេះ ធ្វើនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦ នេះ ។
បណ្តាញសហគមន៍ព្រៃទ្បង់បានលើកទ្បើងថា បច្ចុប្បន្នព្រៃទ្បង់កំពុងតែរងការកាប់បំផ្លាញពីជនទុច្ចរិតមួយចំនួន ដែលមានអំណាច ដូច្នេះពួកគេបានស្នើឱ្យរាជរដ្ឋាភិបាលបញ្ចូលសមាសភាពរបស់ពួកគាត់ ចូលទៅក្នុងតំបន់ការពារព្រៃទ្បង់។
គណៈកម្មាធិការតំរង់ទិសព្រៃទ្បង់ខេត្តកំពង់ធំ លោក ហឿន សុភាព បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា គោលបំណងដែលសហគមន៍ព្រៃទ្បង់ធ្វើសន្និសីទការសែតនេះ គឺដើម្បីរាយការណព៍ពីបញ្ហប្រឈមនានារបស់សកម្មជនព្រៃទ្បង់ ព្រមទាំងស្នើឱ្យរដ្ឋាភិបាលបញ្ចូលពួកគាត់ជាសកម្មជនការពារព្រៃទ្បង់ ជាមួយភាគីរដ្ឋាភិបាល។
លោក ហឿន សុភាព បន្តថា មូលហេតុដែលលោកស្នើសុំ ពីព្រោះនាពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ឱ្យដាក់តំបន់ព្រៃទ្បង់ជាតំបន់ព្រៃការពារ បណ្តាញសហគមន៍ព្រៃទ្បង់សាទរទៅនឹងការលើកទ្បើងនោះ ហើយសុំបញ្ចូលសកម្មជនដែលបានការពារព្រៃទ្បង់កន្លងមក ចូលរួមការពារជាមួយរដ្ឋាភិបាល។
គណៈកម្មាធិការតំរង់ទិសព្រៃទ្បង់ខេត្តកំពង់ធំរូបនេះ បន្ថែមថា ព្រៃឈើមានសារៈសំខាន់ណាស់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាព្រៃឈើវាមានសារៈប្រយោជន៍ខ្លាំងមែនទែន ដោយយើងឃើញថាពីព្រៃឈើពីប្រយោជន៍ឈើគឺវាជួយកាត់បន្ថយនៃការប្រែអាកាសធាតុបានច្រើន ជួយទប់ខ្យល់ព្យុះ ជួយការពារទឹកជំនន់មិនឱ្យមានការទឹកជន់ខ្លាំងធ្វើឱ្យប្រឈមមានការបាត់បង់គ្រោះថ្នាក់ដល់ប្រជាជន..»។
ចំណែកឯគណៈកម្មាធិការតំរង់ទិសខេត្តព្រះវិហារវិញ គឺអ្នកស្រី ភោគ ហុង បានលើកឡើងថា អ្នកស្រីមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីការបាត់បង់ព្រៃទ្បង់។
អ្នកស្រី ភោគ ហុង បានបន្ថែមថា បន្ទាប់ពីបានដឹងថាសម្តេច ហ៊ុន សែន ប្រកាសឱ្យដាក់ព្រៃទ្បង់ជាតំបន់ការពារនោះ អ្នកស្រីស្នើសុំឱ្យរាជរដ្ឋាភិបាលត្រូវបញ្ចូលពួកគាត់ឱ្យមានតួនាទីការពារព្រៃទ្បង់ជាមួយមន្ត្រីរដ្ឋាភិបាលផងដែរ។ ផ្ទុយទៅវិញអ្នកស្រីថា បើរាជរដ្ឋាភិបាលមិនបញ្ចូលក្រុមអ្នកស្រីឱ្យចូលរួមការពារជាមួយភាគីរដ្ឋាភិបាលទេនោះ អ្នកស្រីផ្ទាល់និងក្រុមសហគមន៍ព្រៃទ្បង់ទាំងអស់ នឹងតវ៉ារហូតទាល់តែមានដំណោះស្រាយ។
«សហគមន៍ព្រៃទ្បង់ដែលមានស្រាប់ ឱ្យគាត់បញ្ចូលដើម្បីការពាររួមគ្នា បើសិនថាមិនធ្វើដូច្នោះទេ ពួកខ្ញុំក៏មិនឯកភាពពួកខ្ញុំក៏នឹងនៅតែទាមទារ មានការរកដំណោះស្រាយឱ្យបានយុត្តិធម៌សម្រាប់ការពារព្រៃទ្បង់ សម្រាប់ផលប្រយោជន៍ទាំងអស់គ្នា »។
ឆ្លើយតបនឹងការលើកទ្បើងខាងលើនេះ អ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យក្រសួងបរិស្ថាន លោក សៅ សុភាព មិនទាន់អាចបញ្ជាក់ពីការស្នើសុំរបស់សហគមន៍ព្រទ្បង់នោះទេ ប៉ុន្តែលោកថា នៅចុងខែមេសានេះ ក្រសួងបរិស្ថាននឹងអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការការងារទាំងនោះ ប្រកបដោយសប្រសិទ្ធភាព។
«ពាក់ព័ន្ធនឹងព្រៃទ្បង់ហ្នឹង ជាព្រៃមួយកន្លែងដែលយើងក្នុងចំណោមព្រៃទាំងប្រាំ ដែលយើងទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលត្រូវដាក់បញ្ចូលជាតំបន់ការពារ ឬអភិរក្សហើយយើងកំពុងរៀបចំដំណើរការហ្នឹង ហើយអ៊ីញ្ចឹងទេគឺអ្នកពាក់ព័ន្ធទាំងអស់រួមទាំងអាចថាសហគមន៍នៅមូលដ្ឋានហ្នឹង តំណាងរបស់គាត់អាចត្រូវបានអញ្ចើញឱ្យចូលរួមនៅសិក្ខាសលាដែលយើងពិគ្រោះយោបល់ដែលយើងគ្រោងធ្វើនៅចុងខែនេះឯង..»។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យទីស្តីគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់វិទ្យុស្ត្រីដែរថា លោកគាំទ្រដែលសហគមន៍ព្រៃទ្បង់ស្នើឱ្យរដ្ឋាភិបាលបញ្ចូលពួកគេឱ្យចូលរួមការពារព្រៃឡង់។ លើសពីនេះទៀត លោក ផៃ ស៊ីផាន បញ្ជាក់ថា សកម្មជនព្រៃទ្បង់ត្រូវធ្វើទៅតាមនីតិវិធីជាមុនសិន។ «ការស្នើសុំហ្នឹង អាហ្នឹងវាជាកិច្ចសហប្រតិបត្តិការល្អរវាងរាស្ត្រ និងរដ្ឋ ខ្ញុំគាំទ្រក៏ប៉ុន្តែនីតិវិធីគួរស្នើទៅអាជ្ញាធរអ្នកការពារព្រៃឈើ ដូចជាក្រសួងបរិស្ថានជាដើម»៕