en     km
en     km

សំណើសុំ​បន្ធូរ​បន្ថយទោស​ និង​ លើកលែងទោស​របស់​ទណ្ឌិត​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ត្រូវ​លើក​ពេល​

Share

​ភ្នំពេញ​៖​ យោង​តាម​លិខិត​ជូនដំណឹង​របស់​ក្រសួងយុត្តិធម៌​ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ០៧​ ខែមេសា​ម្សិល​ម៉ិ​ញ​ បានឱ្យ​ដឹង​ថា​ ក្រសួង​សុំ​លើក​ពេល​ពិនិត្យ​និង​សម្រេច​លើ​សំណើសុំ​បន្ធូរ​បន្ថយទោស​ និង​លើក​លែងទោស​ដល់​ទណ្ឌិត​ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​ ២០១៦​ ទៅ​ក្នុង​ឱកាស​ពិ​ធីបុណ្យ​ពិសាខបូជា​ឆ្នាំ​ ២០១៦​ វិញ​ ។​ ការ​លើក​ពេល​នេះ​ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​រឿង​នេះ​ រំពឹង​ថា​ មន្ត្រី​ពន្ធ​ធនាគារ​នឹង​អនុវត្ត​លើ​សំណើ​របស់​ទណ្ឌិត​ប្រកបដោយ​តម្លាភាព​ ព្រោះ​ការ​បន្ធូរ​បន្ថយទោស​ និង​​លើកលែងទោស​ដល់​ទណ្ឌិត​កាលពី​អតីតកាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ពីក្រោយ​។

 

Ministry-of-Jostice
ក្រសួងយុត្តិធម៌ (រូបភាពតំណាង)​

​តាម​លិខិត​ជូនដំណឹង​របស់​ក្រសួងយុត្តិធម៌​ បានឱ្យ​ដឹង​ថា​ក្រសួង​សុំ​លើក​ពេល​ពិនិត្យ​ និង​សម្រេច​លើ​សំណើសុំ​បន្ធូរ​បន្ថយទោស​ និង​ លើកលែងទោស​ដល់​ទណ្ឌិត​វិញ​ ក្រោម​ហេតុផល​ថា​ សំណើ​ដែល​គណកម្មការ​ជាតិ​បាន​ទទួល​ពី​គណកម្មការ​ថ្នាក់​រាជធានី​-​ខេត្ត​ចំនួន​ ១២​ គឺ​ពុំ​ទាន់​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នៅ​ឡើ​យ​​​នោះ​ទេ​ ។​ មិន​ទាន់​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ ក៏​ព្រោះថា​សំណើ​មួយ​ចំនួន​ពុំ​ទាន់​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ និង​ ការ​រៀបចំ​ឯកសារ​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នៅឡើយ​ ក្នុង​នោះ​រួម​ទាំង​កង្វះខាត​ព័ត៌មាន​នៃ​សំណុំ​ឯកសារ​របស់​ទណ្ឌិត​មួយ​ចំនួន​ផង​ដែរ​ ។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​ក៏​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ពន្យា​ពេល​នេះ​ គឺ​ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ និង​ទម្រង់​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​ ។​ ក្រសួង​សម្រេច​លើក​ពេល​លើកលែងទោស​ទណ្ឌិត​នេះ​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ ទៅ​ក្នុង​ឱកាស​បុណ្យពិសាខបូជា​ឆ្នាំ​ ២០១៦​ វិញ​ ។​

​ទាក់ទិន​ក្នុង​រឿង​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ សាទរ​ក្នុង​ការ​លើក​ពេល​នេះ​ ដោយ​លើក​ឡើង​ថា​ ការ​លើក​ពេល​របស់​ក្រសួង​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ឡើង​វិញ​ បន្ទាប់​ពី​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី​ ហាម​មិន​ឱ​ដោះ​លែង​ទណ្ឌិត​ដែល​មានទោស​ពី​បទល្មើស​ឆក់​ប្លន់​រួម​មក​។​ តាម​ការ​សង្កេត​កន្លង​មក​ជុំវិញ​បញ្ហា​បន្ធូរបន្ថយ​ និង​ លើកលែងទោស​ដល់​ទណ្ឌិត​នេះ​ លោក​ សន​ ជ័យ​ បន្ថែម​ថា​ គឺ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​នៅ​ពីក្រោយ​ ដែល​នាំ​ឱ្យ​មាន​ប្រព្រឹត្ត​ទៅ​មិន​តម្លាភាព​នោះ​ទេ​។​

​លោក​ សន​ ជ័យ​ ៖​ «​ខ្ញុំ​ថា​មាន​បញ្ហា​ ជា​ពិសេស​រឿង​តម្លាភាព​នេះ​ ព្រោះ​អី​ព័ត៌មាន​ដែល​យើង​ដឹង​ពី​ អតីត​ទណ្ឌិត​ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា​ លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ទណ្ឌិត​មិន​គួរ​ទទួល​បាន​នូវ​ការ​លើកលែង​ទេ​ ប៉ុន្តែ​បែប​ជា​ត្រូវ​បាន​លើកលែង​វិញ​ ជា​ថ្នូរ​នឹង​ការ​សូកប៉ាន់​ណាមួយ​»​។​

ចំណែក​លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​ លើក​ឡើង​ថា​ ការ​ពន្យា​ពេល​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ គឺ​ខុស​ពី​នីតិវិធី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ពន្ធ​ធនាគារ​និង​រដ្ឋធម្មនុញ្ញ​ផង​ដែរ​ ដែល​បាន​ចែង​ឱ្យ​មានការ​បន្ធូរបន្ថយ​ និង​លើកលែងទោស​ទណ្ឌិត​ក្នុង​មួយ​ឆ្នាំ​បី​ដង​ ។​ លោក​ អំ​ សំអាត​ បន្ត​ថា​ កន្លង​មក​សង្គម​ស៊ី​វិល​ធ្លាប់​ធ្វើ​រិះគន់​ចំពោះ​ប្រសិទ្ធភាព​និង​តម្លាភាព​ក្នុង​ការ​ដោះ​លែង​ទណ្ឌិត​ផង​ដែរ​ ព្រោះ​ការ​លើកលែងទោស​កន្លង​ទៅ​ គឺ​មានការ​សូកប៉ាន់​ជា​ថ្នូរ​នឹង​ដោះ​លែង​ ដោយ​មន្ត្រី​ពន្ធ​ធនាគារ​មិន​បាន​ វាយតំលៃ​ពី​កែប្រែ​អត្ត​ចរិត​របស់​ទណ្ឌិត​នោះ​ទេ​ ។​

​លោក​ អំ​ សំអាត​ ៖​ «​យើង​ជា​សង្គម​ស៊ី​វិល​យើង​តែងតែ​ផ្តល់​ជា​អនុសាសន៍​ ហើយ​ក៏​មានការ​រិះគន់​ជា​យូរហើយ​ថា​ ការ​លើកលែង​ និង​បន្ធូរបន្ថយ​នេះ​គឺ​មាន​ភាព​មិន​ប្រក្រតី​ វា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។​ បាន​ន័យ​ថា​ អ្នក​ដែល​មាន​លុយ​មាន​កាស​ហ្នឹង​អាច​ទទួល​ឈ្មោះ​ទៅ​នឹង​ការ​លើកលែង​ និង​បន្ធូរបន្ថយ​»​។​

​វិទ្យុ​ស្រី្ត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​រឿង​នេះ​បាន​នៅឡើយ​នោះ​ទេ​ថ្ងៃនេះ​។​

​យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ពន្ធ​ធនាគារ​ ច្បាប់រដ្ឋធម្មនុញ្ញ​ បទដ្ឋាន​គតិយុត្តិ​ និង​បទបញ្ជា​ទាក់ទង​ពន្ធ​ធនាគារ​ បាន​ចែង​ពី​លក្ខខណ្ឌ​នៃ​ការ​បន្ធូរបន្ថយ​និង​លើកលែងទោស​ គឺ​លុះត្រាតែ​ទណ្ឌិត​នោះ​មានការ​កែប្រែ​អត្ត​ចរិត​កែប្រែ​ចិត្តគំនិត​ដែល​អាច​ធានា​បាន​ថា​ ពេល​ចេញ​ពន្ធ​ធនាគារ​អាច​រួមរស់​ជាមួយ​ក្រុម​គ្រួសារ​ និង​ សង្គម​ជាតិ​បាន​សុខ​សន្តិភាព​។​

​គួរ​កត់​សំគាល់ថា​ ការ​លើក​ពេល​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​នៅ​ពេល​នេះ​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ហាម​ឃា​ដល់​មន្ត្រី​ពន្ធ​ធនាគារ​មិន​ត្រូវ​បន្ធូរ​បន្ថយទោស​ និង​ លើកលែងទោស​ដល់​ទណ្ឌិត​ណា​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ឆក់​ ប្លន់​ និង​គ្រឿងញៀន​ជាដើម​ ដែល​លោក​បាន​បញ្ជាក់​ថា​ អ្នកទោស​មុខ​ដ​ដែរៗ​ ៕

Share

Image
Image
Image