ភ្នំពេញ៖ ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដែលតែងតែរិះគន់មេដឹកនាំវៀតណាមអំពីមហិច្ឆិតាចង់លេបទឹកដីកម្ពុជា ហើយក៏ធ្លាប់មានទោសករណីដកតម្រុយព្រំដែនកម្ពុជា - វៀតណាម បានអបអរសាទរលោក ង្វៀង ស៊ុង ផុង ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សាររបស់លោក សម រង្ស៊ី បានហៅប្រទេសវៀតណាមថាជារដ្ឋមួយ ដែលមានគោលការណ៍ច្បាស់លាស់ក្នុងការកំណត់អាណត្តិមេដឹកនាំ មិនដូចប្រទេសខ្លះនោះទេ ។ អ្នកវិភាគ បានហៅសាររបស់មេបក្សប្រឆាំងនៅកម្ពុជារូបនេះ ថាវាយបកគូប្រជែងក្នុងប្រទេសដែលគេចង់សម្តៅលើការដឹកនាំនៅកម្ពុជា ហើយក៏បានទទួលស្គាល់លោក សម រង្ស៊ី ជាអ្នកនយោបាយមិនមានចរឹតរើសអើងជាតិសាសន៍ ។
មើលទៅមិនមែនជារឿងចៃដន្យនោះទេ ដែលមេដឹកនាំបក្សប្រឆាំងតែងតែវាយប្រហារមេដឹកនាំវៀតណាម ពីករណីរំលោភបំពានទឹកកម្ពុជា ហើយរិះគន់ថាជាប្រទេសប្រើអំណាចឥទ្ធិពល ៧មករា លើការដឹកនាំកម្ពុជា បែរជានិយាយសរសើរការដឹកនារបស់ប្រទេសនេះទៅវិញ ។ ប្រសាសន៍របស់លោក សម រង្ស៊ី គឺជាសញ្ញាមួយដែលធ្វើឱ្យអ្នកវិភាគនយោបាយវាយតម្លៃថា លោកជាអ្នកនយោបាយឆ្លៀតឱកាស វាយបកគូប្រជែងនយោបាយក្នុងប្រទេសឱ្យយកគំរូតាមប្រទេសវៀតណាម ដែលគេមានឆន្ទៈមិនចង់កាន់អំណាចយូរឆ្នាំ ។
តាមរយៈការបង្ហាញសាររបស់លោក សម រង្ស៊ី នៅពេលនេះ លោក សូ ចន្ថា សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ មើលឃើញថា បើទោះបីជាវៀតណាមជាប្រទេសកុម្មុយនីស ប៉ុន្តែបែរជាការមានផ្លាស់ប្តូរមេដឹកនាំទៀងទាត់រយៈពេល ១០ ម្តង ។ ដោយឡែកកម្ពុជាដែលកាន់លិទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលជាង ៣០ ឆ្នាំហើយ ប៉ុន្តែបែរជាមានតែមេដឹកនាំតែម្នាក់ ។
លោកបន្តថា ម្យ៉ាងវិញទៀត សាររបស់លោក សម រង្ស៊ី ក៏បង្ហាញថា លោកមិនមែនជាបុគ្គលដែលរើសអើងជាតិសាសន៍ ឬចាត់ទុកប្រទេសជិតខាងជាសត្រូវនោះទេ ។
លោកបន្តថា «ខ្ញុំគិតថា មកទល់ពេលកម្ពុជាជាសង្គមប្រជាធិបតេយ្យ មេដឹកនាំខ្មែរតែ គិតអំពីទំនាក់ទំនងអន្តរជាតិ គិតធ្វើមិចឱ្យកម្ពុជាចំណេញជាងការប្រើប្រាស់វោហាសាសន៍រើងអើង ឬ រិះគន់លើប្រទេសជិតខាង ឬ ចាត់ទុកប្រទេសជិតខាងជាសត្រូវរបស់ខ្លួន ពីព្រោះសតវត្សទី ២១ យើងត្រូវប្រើគោលនយោបាយកាបរទេសឆ្លាតវៃ មានន័យថាប្រទេសណាក៏ដោយក៏ជាមិត្ត ក៏ប៉ុន្តែយើងត្រូវធ្វើមិចឱ្យប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ពីប្រទេសនោះ មិនមែនបាត់បង់ឱ្យផលប្រយោជន៍ទៅឱ្យគេនោះទេ» ។
ប្រទេសសង្គមនិយមវៀតណាមស្ថិតនៅក្រោមការដឹកនាំគណបក្សតែមួយ គឺគណបក្សកុម្មុយនីស្ត ។ ប្រទេសនេះ មានរបបដឹកនាំតាមឋានានុក្រមជារបបកុំម្មុយនីស្ត មានការចាត់តាំងតាមអំណាចបក្ស ហើយទៅសុំសេចក្ដីទុកចិត្តពីសមាជិកសភាប្រថាប់ត្រា ។
ប្រទេសនេះ កំណត់អាណត្តិនាយករដ្ឋមន្ត្រីប្រធានាធិបតី និង ប្រធានរដ្ឋសភា ០២ អាណត្តិ ហើយ ផ្លាស់ប្ដូរម្ដង ។ មានន័យថា បុគ្គលនយោបាយមិនអាចតោងអំណាចបានទេ ទោះជាមានប្រជាប្រិយភាពក៏ដោយ ។ ប្រសាសន៍របស់លោក សម រង្ស៊ី ចង់និយាយថា ប្រទេសវៀតណាមមានការរុះរើមេដឹកនាំចាស់ មិនចង់ឱ្យកាន់អំណាចយូរនាំឱ្យមានការកសាងបក្សពួកនិយមគឺមិនដូចប្រទេសដទៃ។
លោក លោក មាស នី អ្នកវិភាគបញ្ហាសង្គមយល់ថា សាររបស់ប្រធានគណបក្សប្រឆាំងជាការពិត មិនមែនចង់អបអរមេដឹកនាំថ្មីវៀតណាមទេ ប៉ុន្តែក្នុងន័យប្រៀបធៀបការដឹកនាំវៀតណាមនិងកម្ពុជា ។
បែបនេះក្ដីកម្ពុជា ជាប្រទេសសេរីពហុបក្ស និងមានព្រះមហាក្សត្រសោយរាជ្យតែមិនកាន់អំណាច ។ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាកម្ពុជា កើតតាមរយៈការបោះឆ្នោតសភាដោយប្រជាជនជាអ្នកជ្រើសរើស ។ ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជា មិនបានចែងពីអាណត្តិនាយករដ្ឋមន្ត្រី ឬ ប្រធានសភាដូចប្រទេសវៀតណាមនោះទេ ។ អ្នកនយោបាយណ អាចកាន់អំណាចបានយូរអាស្រ័យលើបក្សនោះឈ្នះឆ្នោត ។ សម្ដេចហ៊ុនសែន បានតំណែងជានាយករដ្ឋមន្ត្រីជាង ៣០ ឆ្នាំមកហើយ ។ លោកបានកាន់តំណែងនេះ តាមរយៈការបោះឆ្នោតដ៏ចម្រូងចម្រាស ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនយល់ស្របការលើកឡើងណាមួយ ថាសម្ដេចហ៊ុន សែន តោងអំណាចនោះទេ ។ លោក មានប្រសាសន៍ថា ការសារទររបស់លោក សម រង្ស៊ី ចំពោះនាយករដ្ឋមន្ត្រីថ្មីវៀតណាម មិនមែនលោក សម រង្ស៊ី ស្នេហាវៀតណាមនោះទេហើយថា ការលើកឡើងនោះ គ្រាន់ចង់ដៀមដាមដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន តែប៉ុណោះ ។
«ព្រោះវៀតណាមគេដូរឯកឧត្តម វៀង ធានយ៉ុង ហ្នឹង ! គាត់ធ្វើជានាយករដ្ឋមន្ត្រីដប់ឆ្នាំ អ៊ីញ្ចឹងទេលោកសម រង្ស៊ី និយាយចុងក្រោយមានកន្ទុយពាក្យថានាយករដ្ឋមន្ត្រីគេដូរក្នុងរយៈពេលដប់ឆ្នាំ»។
ទំនងមិនមានការភ្ញាក់ផ្អើលអ្វីទេ ចំពោះការចាប់អារម្មណ៍របស់លោក សម រង្ស៊ី ដែលសាទរមេដឹកនាំថ្មីប្រទេសវៀតណាម ។ លោក សម រង្ស៊ី ក៏ធ្លាប់បានសន្យាទទួលស្គាល់គោលនយោបាយចិនតែមួយផងដែរ ខណៈលោកត្រូវត្រឡប់ចូលប្រទេសកម្ពុជាវិញមុនការបោះឆ្នោតសភា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ៕