ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ០៨ មេសានេះថា ទឹកសមុទ្រដែលមានពណ៌បៃតងនៅខេត្តកែប មិនមានសារធាតុគីមីបង្កគ្រោះថា្នក់ដល់ប្រជាពលរដ្ឋនោះទេ។
សេចក្តីប្រកាសនេះ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានចុះអង្កេតតាមដានយ៉ាងល្អិតល្អន់ នៅតាមទីតាំងកើតហេតុនៅក្នុងភូមិសាស្ត្រខេត្តកែប និងតំបន់ជុំវិញ ដោយបានដងយកសំណាកទឹកនៅតាមទីតាំងចំនួន ០៧ កន្លែងទៅធ្វើការវិភាគ ពុំឃើញមានសារធាតុគីមីបង្កការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល មូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រមានលក្ខណៈបៃតង ដោយសារមានប្លង់តុងមួយប្រភេទ ដែលមាននៅពាសពេញតំបន់ទឹកសមុទ្ររាក់ៗ ជាពិសេសមាននៅតាមតំបន់ដែនសមុទ្រ ជិតព្រំប្រទល់កម្ពុជានិងវៀតណាម។ ប្លង់តុង់នេះ ក៏វិវត្តទៅជាសារាយប៉ៃតង់ខ្ចីអណ្តែតពាសពេញផ្ទៃទឹកសមុទ្រ ដែលជាហេតុធ្វើឱ្យទឹកសមុទ្រមានលក្ខណៈខុសប្រក្រតី។
ក្រសួងបរិស្ថានបានឱ្យដឹងថា វត្តមានប្លង់តុងនេះ អាចនឹងកើតមានសារជាថ្មីទៀត ប្រសិនមានកំណើនសីតុណ្ហភាពក្នុងទឹកសមុទ្រកើនឡើងដល់ ៣២ អង្សាសេ៕