បន្ទាប់ពីគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចប្រគល់ច្បាប់ស្តីពី អង្គការក្រៅរដ្ឋាភិបាល (NGO) ទៅឲ្យគណៈកម្មការទី៥ នៃរដ្ឋសភាដើម្បីទទួលភារកិច្ចកាលពីម្សិលមិញរួចមក នៅថ្ងៃទី២៤ ខែមិថុនានេះ អ្នកវិភាគសង្គមយល់ឃើញថា យន្តការក្នុងការពិភាក្សាច្បាប់ស្តីពី NGO រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលមិនទាន់មានតម្លាភាពនៅឡើយនោះទេ។ មូលហេតុនេះបានធ្វើឲ្យមានភាពចម្រូងចម្រាសរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាញឹកញាប់។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា «ដំណើរការតាក់តែងច្បាប់នៅកម្ពុជាមិនថាច្បាប់ស្តីពី NGO និងច្បាប់អ្វីនោះទេ រដ្ឋាភិបាលមិនទាន់មានយន្តការជាក់លាក់ ពីព្រោះមិនមានប្រព័ន្ធឲ្យមានការចូលរួមមិតគ្រប់ជ្រុងជ្រោយនៅឡើយ»។
ស្រដៀងគ្នានេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគសង្គម លោក រស់ រ៉ាវុធ លើកឡើងថា រដ្ឋាភិបាលបានបើកកិច្ចពិភាក្សាជាមួយអង្គការពាក់ព័ន្ធបានបន្តិចបន្តួចនៅឡើយជុំវិញច្បាប់ស្តីពី សមាគមន៍ និង អង្គការមិនមែនរដ្ឋាភិបាលនេះ ដែលជាមូលហេតុធ្វើឲ្យមានភាពចម្រូងចម្រាស់ច្រើនទៅលើច្បាប់នេះ។ «ប្រសិនបើច្បាប់ស្តីពី NGO មួយនេះមានការរឹតត្បឹតសិទ្ធិសេរីភាពសង្គមស៊ីវិលខ្លាំងពេក នោះនឹងធ្វើឲ្យប្រទេសកម្ពុជាមានការចុះខ្សោយ ព្រោះថាប្រទេសកម្ពុជាសព្វថ្ងៃកំពុងរស់ដោយសារជំនួយបរទេសប្រមាណ៦០%»។
ទាក់ទងនឹងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីធ្លាប់បានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា ការបង្កើតឲ្យមានច្បាប់នេះឡើង គឺដើម្បីរៀបចំអង្គការក្រៅរដ្ឋាភិបាលដែលមានប្រមាណ៥ពាន់ស្ថាប័នឲ្យមានរបៀបរៀបរយតែប៉ុណ្ណោះ។ លោកបញ្ជាក់ទៀតថា ច្បាប់នេះបង្កើតឡើងក៏មានការព្រមព្រៀងពីអង្គការសង្គមស៊ីវិលផងដែរ។
ជុំវិញបញ្ហានេះ លោក សុន ឆ័យ និងក្រុមតំណាងរាស្ត្រមួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិ ដែលចេញមកទទួលញត្តិដោយផ្ទាល់ ពីសង្គមស៊ីវិលនៅមុខរដ្ឋសភា កាលពីម្សិលមិញថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីប្រឆាំងការអនុម័តច្បាប់នេះផងដែរ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសមាគមន និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាសម្រេចប្រគល់ភារកិច្ចទៅឲ្យគណៈកម្មការទី៥នៃរដ្ឋសភាទទួលបន្ទុកកិច្ចការបរទេសជាអ្នកធ្វើការសិក្សាស្រាវជ្រាវ និងពិភាក្សាព្រមទាំងរាយការណ៍ទៅកាន់រដ្ឋសភា អំពីសេចក្តីព្រាងច្បាប់នេះ ដោយសហការជាមួយនឹងគណៈកម្មការចំនួន២ទៀត គឺគណៈកម្មការទី៤ និងទី៦នៃរដ្ឋសភា។ ការម្រេចនេះ ត្រូវបានលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតិ ប្រាប់សារព័ត៌មានក្នុងស្រុកបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ។