en     km
en     km

រដ្ឋមន្ត្រីក្រសួង​សា​ធារ​ណការ​ ៖​ រយៈពេល​​ ១០០​​ថ្ងៃ​​គត់​​ក្នុង​​ការ​​ធ្វើ​​កំណែ​ទម្រង់​​វិស័យ​​សាធារ​ណ​ការ​​និង​​ដឹក​​ជញ្ជូន​

Share

ភ្នំពេញ៖ ​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​លើក​ទ្បើ​ង​ថា​ លោក​មាន​រយៈពេល​ ១០០​ ថ្ងៃ​ប៉ុណ្ណោះ​ ក្នុង​ការ​ធ្វើ​កំ​ណែ​​​ទម្រង់​វិ​ស័​យ​​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​មាន​ភាព​លេចធ្លោរ​ទ្បើ​ង​ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូ​ន​​​ប្រជាពលរដ្ឋ​ប្រកបដោយ​ចីរភាព​។​ ការ​លើក​ទ្បើ​ង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ថ្ងៃ​ទី​ ០៦​ មេ​សា​ ។​

cover-Sun-CHanthol-(by-mao-samnang)
លោក​ ស៊ុន​ ចាន់​ថុ​ល​ អតីត​ទេស​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ក្នុងពេលកន្លងទៅ

​អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ដែល​ទើបតែ​ផ្លាស់​ប្តូរ​តំណែង​មក​ធ្វើ​ជា​ ទេ​ស​​​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​លើក​ឡើង​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បា​ន​​​​ទុក​រយៈពេល​តែ​ ១០០​ថ្ងៃ​ប៉ុណ្ណោះ​ សម្រាប់​រូប​លោក​ក្នុង​ការ​កែទម្រង់​វិស័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​មា​ន​​​​ភាព​លេចធ្លោរ​ទ្បើ​ង​ ជា​ពិសេស​ការ​ផ្តល់​សេ​វាស​ធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​។​

​សូម​រម្លឹក​ថា​ បន្ទាប់​ពី​អតីត​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នា​ពេល​កន្លង​មក​ ត្រូវ​បាន​រង​ការ​រិះ​គន់​​យ៉ាង​ចាស់ដៃ​ពី​សាធារណជន​ ជា​ពិសេស​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ថ្នាក់ដឹកនាំ​ក្រសួង​​មួយ​នេះ​ នៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ ចំពោះ​ការ​បម្រើសេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ។​ តាម​រយៈ​ការ​រិះគន់​នេះ​ បាន​ធ្វើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​សម្រេចចិត្ត​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​មួយ​ឱ្យទៅ​កាន់​ក្រសួង​មួយ​ផ្សេង​ទៀត​ ដើម្បី​ធ្វើការ​កែទម្រង់​ឱ្យ​ល្អ​ប្រសើ​ទ្បើ​ង​វិញ​ ក្នុង​ន័យ​បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។​

​ក្រោយ​ពី​ទទួល​បាន​ដំណែង​ថ្មី​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ប្តេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​ឱ្យ​អស់ពី​កំលាំងកាយ​ចិត្ត​ដឹកនាំ​ក្រ​សួ​ង​​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​មានការ​រីក​ចម្រើន​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​ដែរ​លោក​ស្នើរ​ឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

«​ចាប់ពី​ថ្ងៃនេះ​ទៅ​យើង​មាន​តែ​ ១០០​ ថ្ងៃ​គត់​ ដើម្បី​ផ្តល់​សេវា​នេះ​ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់​ នា​យ​កដ្ឋាន​ទាំងអស់​មេត្តា​ពិនិត្យ​លើ​នីតិវិធី​ ដែល​យើង​កំពុង​តែ​ធ្វើ​សព្វ​ថ្ងៃនេះ​ តើ​យើង​ដើរ​ពី​ចំណុច​ក​ ទៅ​ ចំណុច​ខ​ ប្រើ​រយៈពេល​វេលា​ប៉ុន្មាន​នាទី​ទៅ​ ទៅ​ណាខ្លះ​ពី​ចំណុច​ក​ ទៅ​ចំណុច​ខ​ តើ​យើង​អាច​កាត់​នីតិវិធី​បាន​ឬ​មិន​បាន​..​ »​។​

​ទាក់​ទឹង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណ​ន​យ្យេ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ រយៈ​១០០​ ថ្ងៃ​សម្រាប់​លោក​ ស៊ុន​ ចាន់​ថុ​ល​ ប្តេជ្ញា​ចិត្ត​ថា​នឹង​កែទម្រង់​វិស័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​លេចធ្លោរ​នោះ​គឺជា​ពេលវេលា​សម​ស្រប​។​ ពោល​គឺ​ដោយសារ​តែ​ផែនការ​របស់​រដ្ឋាភិបាល​ធ្លាប់​បាន​ដាក់​ជូន​ឱ្យ​ក្រសួង​នីមួយៗ​អនុវត្ត​រួច​ហើយ​ គ្រាន់តែ​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​បាន​តែ​ប៉ុណ្ណោះ​ ដូច្នេះ​រយៈពេល​នេះ​គ្រាន់តែ​ទៅ​បំពេញ​នៅ​ចំណុច​អសកម្ម​ដែល​មាននៅ​ស្ថាប័ន​នោះ​តែ​ប៉ុណ្ណោះ​។​

​លោក​ សន​ ជ័យ​ យល់​ឃើញ​ថា​ ដើម្បី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នោះ​ក្រសួង​សា​ម៉ី​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការណ៍​មួយ​ចំនួន​ដូច​ជា​ «​ទី​០១​ គឺ​កាត់​បន្ថយ​ឱ្យ​មាន​ប្រ​សិទ្ធ​​ទៅ​លើ​ការ​ដឹកនាំ​ ឬ​ក៏​ការ​ផ្តល់​សេវា​មួយ​ដែល​មាន​លក្ខណៈ​ការិយាធិបតេយ្យ​ ហើយ​ត្រូវ​កែ​លម្អ​ឱ្យ​វា​បាន​ល្អ​ ធ្វើ​ម៉េច​ឱ្យ​វិធី​នៃ​ការ​ផ្តល់​សេវា​ហ្នឹង​ ធ្វើ​ទ្បើ​ង​ដោយ​ងាយៗ​ ហើយ​កាត់​បន្ថយ​ការ​រំលោភ​អំណាច​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង​ គឺថា​ត្រូវធ្វើ​ទ្បើ​ង​ដោយ​តម្លាភាព​..»​។​

​ចំណែកឯ​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ បាន​លើក​ទ្បើ​ង​ដែរ​ថា​ ការ​កំណត់​ពេលវេលា​ណា​មួយ​ទៅ​ដល់​មន្ត្រី​ម្នាក់ៗ​ឱ្យ​សម្រេច​ការងារ​រ​នោះ​ គឺជា​ការ​ល្អ​ប្រសើរ​ ប៉ុន្តែ​កត្តា​ចំ​បាច់​ដើម្បី​ឱ្យ​ការ​ដឹកនាំ​ក្រ​សួង​​នោះ​ មាន​ប្រសិទ្ធភាព​ លុះត្រាតែ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​មាន​ឆ​ន្ទះ​ពិតប្រាកដ​ ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួក​គេ​ប្រកបដោយ​ភាព​សុច្ចរិត​ត្រឹម​ត្រូវជា​មុន​សិន​។​

​លោក​ រស់​ រ៉ា​វុ​ធ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ដើម្បី​ឱ្យ​ក្រសួង​មួយ​ដំណើរ​ការងារ​មាន​ប្រសិទ្ធភាព​ និង​ពុំ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នោះ​ថ្នាក់ដឹកនាំ​ក្រសួង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ជា​មុន​សិន​ ដែល​បញ្ហា​ទាំងនោះ​រួម​មា​៖​ «​ទី​០១​ពុក​រលួយ​ក្នុង​ការ​ធ្វើ​ផ្លូវថ្នល់​ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខាតបង់​នូវ​ថវិកាជាតិ​ជា​ច្រើន​ ។​ ទី​០២​ បញ្ហា​ប្រ​ឈ​ម​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​អសកម្ម​ផ្នែក​ការងារ​ ដែល​មានការ​ត្អូញត្អែរ​ច្រើន​ពី​ប្រជាពលរដ្ឋ​ អ​ញ្ចឹ​ង​​កន្លែង​ហ្នឹងហើយ​ដែល​មន្ត្រី​ថ្នាក់​ក្រោម​នោះ​គួរតែ​កែប្រែ​ឥរិយាបថ​ទ្បើ​ង​វិញ​..»​។​

​សូម​បញ្ជាក់​ថា​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ មក​ជា​រដ្ឋមន្ត្រីក្រសួង​សាធា​រ​ណការ​ និង​ដឹក​ជញ្ជូន​ជំនួស​លោក​ ត្រាំ​ អ៊ី​វ​តឹក​ ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ។​ ចំណែ​ក​លោក​ ត្រាំ​ អ៊ី​វ​តឹក​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ទៅ​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណី​នី​យ៍​ និង​ទូរគមនាគមន៍​វិញ​។​

Share

Image
Image
Image