ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល បានលើកទ្បើងថា លោកមានរយៈពេល ១០០ ថ្ងៃប៉ុណ្ណោះ ក្នុងការធ្វើកំណែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យមានភាពលេចធ្លោរទ្បើង ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយចីរភាព។ ការលើកទ្បើងបែបនេះធ្វើទ្បើងនៅក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ០៦ មេសា ។
អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលទើបតែផ្លាស់ប្តូរតំណែងមកធ្វើជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទុករយៈពេលតែ ១០០ថ្ងៃប៉ុណ្ណោះ សម្រាប់រូបលោកក្នុងការកែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យមានភាពលេចធ្លោរទ្បើង ជាពិសេសការផ្តល់សេវាសធារណៈជូនប្រជាពលរដ្ឋ។
សូមរម្លឹកថា បន្ទាប់ពីអតីតថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រសួងមួយនេះ នៅមានភាពយឺតយ៉ាវក្នុងការឆ្លើយតប ចំពោះការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ។ តាមរយៈការរិះគន់នេះ បានធ្វើឱ្យនាយករដ្ឋមន្ត្រីសម្រេចចិត្តផ្លាស់ប្តូររដ្ឋមន្ត្រីពីក្រសួងមួយឱ្យទៅកាន់ក្រសួងមួយផ្សេងទៀត ដើម្បីធ្វើការកែទម្រង់ឱ្យល្អប្រសើទ្បើងវិញ ក្នុងន័យបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។
ក្រោយពីទទួលបានដំណែងថ្មី លោក ស៊ុន ចាន់ថុល ប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់ពីកំលាំងកាយចិត្តដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះដែរលោកស្នើរឱ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព។
«ចាប់ពីថ្ងៃនេះទៅយើងមានតែ ១០០ ថ្ងៃគត់ ដើម្បីផ្តល់សេវានេះ ដូច្នេះខ្ញុំសូមឱ្យមន្ត្រីគ្រប់ស្ថាប័នទាំងអស់ នាយកដ្ឋានទាំងអស់មេត្តាពិនិត្យលើនីតិវិធី ដែលយើងកំពុងតែធ្វើសព្វថ្ងៃនេះ តើយើងដើរពីចំណុចក ទៅ ចំណុចខ ប្រើរយៈពេលវេលាប៉ុន្មាននាទីទៅ ទៅណាខ្លះពីចំណុចក ទៅចំណុចខ តើយើងអាចកាត់នីតិវិធីបានឬមិនបាន.. »។
ទាក់ទឹងនឹងការលើកទ្បើងខាងលើនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនយ្យេភាពសង្គមកម្ពុជា លោក សន ជ័យ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា រយៈ១០០ ថ្ងៃសម្រាប់លោក ស៊ុន ចាន់ថុល ប្តេជ្ញាចិត្តថានឹងកែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យលេចធ្លោរនោះគឺជាពេលវេលាសមស្រប។ ពោលគឺដោយសារតែផែនការរបស់រដ្ឋាភិបាលធ្លាប់បានដាក់ជូនឱ្យក្រសួងនីមួយៗអនុវត្តរួចហើយ គ្រាន់តែថ្នាក់ដឹកនាំក្រសួងមួយចំនួនមិនទាន់អនុវត្តបានតែប៉ុណ្ណោះ ដូច្នេះរយៈពេលនេះគ្រាន់តែទៅបំពេញនៅចំណុចអសកម្មដែលមាននៅស្ថាប័ននោះតែប៉ុណ្ណោះ។
លោក សន ជ័យ យល់ឃើញថា ដើម្បីឱ្យមានភាពល្អប្រសើរទ្បើងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនោះក្រសួងសាម៉ី ក៏ដូចជារាជរដ្ឋាភិបាលត្រូវមានវិធានការណ៍មួយចំនួនដូចជា «ទី០១ គឺកាត់បន្ថយឱ្យមានប្រសិទ្ធទៅលើការដឹកនាំ ឬក៏ការផ្តល់សេវាមួយដែលមានលក្ខណៈការិយាធិបតេយ្យ ហើយត្រូវកែលម្អឱ្យវាបានល្អ ធ្វើម៉េចឱ្យវិធីនៃការផ្តល់សេវាហ្នឹង ធ្វើទ្បើងដោយងាយៗ ហើយកាត់បន្ថយការរំលោភអំណាចនៅក្នុងស្ថាប័នហ្នឹង គឺថាត្រូវធ្វើទ្បើងដោយតម្លាភាព..»។
ចំណែកឯ អ្នកវិភាគព្រឹត្តិការណ៍សង្គម លោកបណ្ឌិត រស់ រ៉ាវុធ បានលើកទ្បើងដែរថា ការកំណត់ពេលវេលាណាមួយទៅដល់មន្ត្រីម្នាក់ៗឱ្យសម្រេចការងាររនោះ គឺជាការល្អប្រសើរ ប៉ុន្តែកត្តាចំបាច់ដើម្បីឱ្យការដឹកនាំក្រសួងនោះ មានប្រសិទ្ធភាព លុះត្រាតែមន្ត្រីដែលពាក់ព័ន្ធទាំងអស់មានឆន្ទះពិតប្រាកដ ក្នុងការអនុវត្តការងាររបស់ពួកគេប្រកបដោយភាពសុច្ចរិតត្រឹមត្រូវជាមុនសិន។
លោក រស់ រ៉ាវុធបានបញ្ជាក់ផងដែរថា ដើម្បីឱ្យក្រសួងមួយដំណើរការងារមានប្រសិទ្ធភាព និងពុំរងការរិះគន់ពីប្រជាពលរដ្ឋនោះថ្នាក់ដឹកនាំក្រសួងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនជាមុនសិន ដែលបញ្ហាទាំងនោះរួមមា៖ «ទី០១ពុករលួយក្នុងការធ្វើផ្លូវថ្នល់ ដែលធ្វើឱ្យប្រទេសជាតិខាតបង់នូវថវិកាជាតិជាច្រើន ។ ទី០២ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាច្រើនដែលធ្វើឱ្យអសកម្មផ្នែកការងារ ដែលមានការត្អូញត្អែរច្រើនពីប្រជាពលរដ្ឋ អញ្ចឹងកន្លែងហ្នឹងហើយដែលមន្ត្រីថ្នាក់ក្រោមនោះគួរតែកែប្រែឥរិយាបថទ្បើងវិញ..»។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ត្រូវបានផ្លាស់ប្តូរពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំនួសលោក ត្រាំ អ៊ីវតឹក ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ ចំណែកលោក ត្រាំ អ៊ីវតឹក ត្រូវបានផ្លាស់ប្តូរពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជារដ្ឋមន្ត្រីក្រសួងប្រៃសណីនីយ៍ និងទូរគមនាគមន៍វិញ។