ភ្នំពេញ៖ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងទៅដល់សាធារណៈជន នៅថ្ងៃទី ០៧ ខែ មេសា អំពីស្ថានភាពអាកាសធាតុនារដូវវស្សាឆ្នាំនេះដូចខាងក្រោម៖
ស្ថានភាពទូទៅ៖ ដើមរដូវដល់ពាក់កណ្ដាលរដូវ របាយទឹកភ្លៀងអាចធ្លាក់ទាបជាងមធ្យមភាគច្រើនឆ្នាំ និងចាប់ពីពាក់កណ្ដាលរដូវ ដល់ចុងរដូវ បរិមាណទឹកភ្លៀងអាចធ្លាក់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
រដូវវស្សាឆ្នាំ ២០១៦ ៖
១.តំបន់មាត់សមុទ្រៈ ខ្យល់មូសុងនីរតី ឫរដូវវស្សា នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី ០២ នៃខែឧសភា
- ចាប់ពីខែឧសាភា ដល់ខែកក្កដា របាយ និងបរិមាណទឹកភ្លៀង ពីធម្យមទៅបង្គួរ ។
- ចាប់ពីខែសីហា ដល់ខែវិច្ឆិកា របាយទឹក និងបរិមាណទឹកភ្លៀង ពីបង្គួរទៅច្រើន ។
២.តំបន់ទំនាបកណ្ដាលៈ ខ្យល់មូសុងនីរតី ឫរដូវវស្សា នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី ០៣ នៃខែឧសភា
- ចាប់ពីខែឧសភា ដល់ខែកក្កដា របាយ និងបរិមាណទឹកភ្លៀង ពីតិចទៅធម្យម។ ដោយឡែក បណ្ដាខេត្តនៅក្រោយជួរភ្នំក្រវ៉ាញ ដូចជា៖ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងភ្នែកខាងលិចនៃខេត្តកណ្ដាល របាយទឹក និងបរិមាណទឹកភ្លៀង មានតិចជាងបណ្ដាខេត្តដទៃ។
- ចាប់ពីខែសីហា ដល់ខែវិច្ឆិកា របាយទឹក និងបរិមាណទឹកភ្លៀង ពីបង្គួរទៅច្រើន ។
៣.តំបន់ខ្ពស់រាបៈ ខ្យល់មូសុងនីរតី ឫរដូវវស្សា នឹងចាប់ផ្ដើមនៅសប្ដាហ៏ទី ០៤ នៃខែឧសភា
- ចាប់ពីខែឧសភា ដល់ខែកក្កដា របាយ និងបរិមាណទឹកភ្លៀង ពីតិចទៅធម្យម ។
- ចាប់ពីខែសីហា ដល់ខែវិច្ឆិកា របាយទឹក និងបរិមាណទឹកភ្លៀង ពីបង្គួរទៅច្រើន ។
៤.ការញ្ចប់រដូវវស្សាៈ រដូវវស្សាឆ្នាំ ២០១៦ នឹងបញ្ចប់នៅពាក់កណ្ដាលខែវិច្ឆិកា
៥.រដូវប្រាំងៈ កូនរដូវប្រាំងអាចនឹងកើតមានរយៈពេលខ្លី ក្នុងសប្ដាហ៍ទី៣ និងទី៤ នៃខែកក្កដា នៅបណ្ដាភាគខាងលិចជួរភ្នំក្រវ៉ាញ មានជាអាទិ៍ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល(ភាគខាងលិច)។
៦.បរិមាណព្យុះ: ក្នុងរដូវវស្សាឆ្នាំ ២០១៦ នេះ នៅមហាសមុទ្រប៉ាស៊ីហ្វីក អាចនឹងមានព្យុះកើតឡើង ពី ២៥-២៧ ព្យុះ ហើយធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូងមានចំនួនច្រើន និងមានឥទ្ធិពលខ្លាំង។
៧.បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ៈ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែមានឥទ្ធិពលខ្លាំងរហូត ដល់ចុង ខែមិថុនា៕