en     km
en     km

លោក សម​ រ​ង្ស៊ី​ ៖​ ច្បាប់​សហជីព​​ជា​ឧបករណ៍​បង្ក្រាប​​កម្មករ​ ​ហើយ​​ភ័យ​​ខ្លាច​ការ​​បាត់​បង់​​អំណាច​​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​ច្បាប់​សហជីព ​​ត្រូវ​បាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​អនុម័ត​រួចរាល់​ក្នុង​​​​ពេល​ថ្មីៗ​នេះ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការ​របស់​កាលពី​ថ្ងៃ​ទី​ ០៦​ មេ​សា​ ថា​ ហេតុផល​ដែល​រដ្ឋាភិបាល​កម្ពុជា​ កៀបសង្កត់​កម្មករ​ តាម​រយៈ​ការ​ធ្វើ​ច្បាប់​សហជីព​។​  លោក​ថា​ គណបក្សកាន់អំណាច​ភ័យ​ខ្លាច​ចលនា​ទាមទារ​របស់​កម្មករ​ ផ្តួល​រលំ​រដ្ឋា​ភិ​បា​ល​​​កម្ពុជា​សព្វថ្ងៃ​ ដែល​ជា​រដ្ឋាភិបាល​ផ្ដាច់​ការ​។​ ការ​លើក​ឡើង​របស់​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រតិកម្ម​ថា​ ទស្សនៈ​របស់​មេ​បក្ស​ប្រឆាំង​នេះ​គឺ​ដើម្បី​កេង​ចំ​ណេ​ញ​នយោបាយ​តែ​ប៉ុណ្ណោះ​។

SAMRAINGSY-WMC
សភាអនុម័តច្បាប់សហជីព និងរូបលោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

​ប្រធាន​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ បាន​ហៅ​ច្បាប់​សហជីព​ ដែល​សភា​បាន​អនុម័ត​កាល​ដើម​ស​ប្ដា​ហ៍​នេះ​ថា​ គឺជា​ឧបករណ៍​គតិយុត្តិ​មួយ​ជួយ​ទប់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​  លោក​ថា​ គណបក្ស​កាន់​អំ​ណា​​ច​​នេះ​ ភ័យ​ខ្លាច​កម្មករ​ប្រើ​សិទ្ធិ​ដើម្បី​ផ្ដួលរំលំ​។​

​លោក​ សម​ រ​ង្ស៊ី​ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បែប​នេះ​ បន្ទាប់​ពី​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​ ០៤​ មេ​សា​ បាន​សម្រេច​អនុ​ម័ត​ច្បាប់​សហជីព​ ដែល​មាន​ភាព​ចម្រូងចម្រាស់​និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​ និង​សហជីព​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​រម្លឹក​ពី​ចលនា​ទាមទារ​របស់​កម្មករ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​ «​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៨០​ ដល់​ ១៩៩០​ ចលនា​កម្មករ​ និង​សហជីព​ឯករាជ្យ​ពី​បក្ស​កុម្មុយនីស្ត​ ឈ្មោះ​ Solidarność​ មាន​ន័យ​ថា​ សាមគ្គីភាព​ (ដឹកនាំ​ដោ​យ​លោក​ Lech​ Wałęsa)​ បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​នៅ​ប្រទេស​ប៉ូ​ឡូញ​ ដែល​ជា​ប្រទេស​កុម្មុយ​នីស្ត​ រណប​សហភាព​សូ​វៀត​នៅ​ពេល​នោះ​»​។​

​ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​រូប​នេះ​ បាន​សរសេរ​បន្ត​ថា​ ចលនា​កម្មករ​ និង​សហ​ជី​ព​សេរី​ ជា​កម្លាំង​នាំមុខ​ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ និង​យុត្តិធម៌​សង្គ​ម​ នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​អំណាច​កុម្មុយនីស្ត​ផ្តាច់​ការ​។​

​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ០៧​ មេ​សា​នេះ​ថា​ ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ គ្រាន់តែ​ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​ ច្បាប់​សហជីព​ដែល​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អនុម័ត​ គឺ​គ្មាន​គោលបំណង​រិ​ត​ត្បិត​សេរីភាព​កម្មករ​នោះ​ទេ​ ច្បាប់​នេះ​ធ្វើ​ឡើ​ដើម្បី​ការពារ​ផលប្រយោជន៍​និង​សិទ្ធិ​របស់​ភាគី​ដែល​ពាក់ព័ន្ធ​រួម​មាន​​កម្មករ​ និង​និយោជក​ ។​

​លោក​សុខ​ ឥ​សាន​បន្ថែម​ថា​ ៖​ «​វា​ជា​រឿង​ធម្មតា​ហើយ​របស់​ឯ​ឧត្តម​ សម​ រ​ង្ស៊ី​ ដែល​តែងតែ​និយាយ​ផ្ទុយ​ពី​ការ​ពិត​​ហើយ​រិះគន់​រដ្ឋាភិបាល​ ច្បាប់​សហជីព​មាន​គោលបំណង​ និង​សំណូមពរ​ល្អ​ណាស់​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ ការ​​ពារ​ផលប្រយោជន៍​កម្មករ​ន​យោ​ជិត​ ក៏​ដូច​ជា​និយោជក​ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ការងារ​នេះ​ដំ​ណើ​​រការ​សុខដុម​រម្យ​​នា​ជា​មួយ​គ្នា​ អាហ្នឹង​ !​ ជា​​គោលបំណង​​រប​ស់​​ច្បាប់​​សហ​ជីព​​នេះ​ មិន​​មាន​​គោល​បំណង​​អ្វី​​ផ្សេង​​ទេ​​»​។​

​ជុំវិញ​​បញ្ហា​នេះ​ដែរ​ លោក​ រស់​ រ៉ា​វុ​ធ​ អ្នកវិភាគ​ព្រឹត្តិការ​សង្គម​ មាន​ប្រសា​ន៍​ថា​ ដើម្បី​ដោះស្រាយ​ភាព​ចម្រូង​ចម្រា​ស​ និង​បញ្ចៀស​ការ​ប្រើប្រាស់​អំពើ​ពុក​ហិង្សា​ គួរតែ​សម្របសម្រួល​គ្នា​ទៅ​វិញ​រក​ផ្លូវ​កណ្តាល​មួយ​។​

​លោក​បន្ថែម​ ប្រសិនបើ​ច្បាប់​សហជីព​ដែល​រដ្ឋសភា​អនុម័ត​រួច​នេះ​ មានការ​ជំទាស់​ច្រើន​ ឬ​មានការ​ធ្វើ​បាតុកម្ម​ពី​កម្មករ​ សហជីព​ជាដើម​ ព្រឹទ្ធសភា​ត្រូវ​ទម្លាក់​មក​វិញ​ដើម្បី​ឱ្យ​រដ្ឋសភា​និង​ក្រុមបច្ចេកទេស​ពិនិត្យ​ និង​សម្រេច​ម្តង​ទៀត​​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​ ០៤​ មេ​សា​ រដ្ឋសភា​បាន​ពិភាក្សា​និង​អនុម័ត​សេច​ក្តីព្រាងច្បាប់​សហជីព​ ដោយ​គ្មាន​សំឡេង​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ សហជីព​មួយ​ចំនួន​បាន​ធ្វើការ​តវ៉ា​ទាមទារ​នៅ​ក្រៅរបង​រដ្ឋសភា​ស្នើ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន​។​ ការ​តវ៉ា​នេះ​ ក៏​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ខណ្ឌដូនពេញ​៕

Share

ព័ត៌មានទាក់ទង

Image