ហាណូយ៖ នាយករដ្ឋមន្ដ្រីវៀតណាម ង្វៀន តាងយ៉ុង ត្រូវបានសភាបញ្ចប់អាណត្តិហើយកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានកាន់តំណែងនេះរយៈពេល ១០ឆ្នាំ ដោយបន្សល់ទុកនូវកេរតំណែលបរាជ័យមួយចំនួនដែលមិនអាចដោះស្រាយបានគឺករណីពុករលួយ។
យោងាតាមទីភ្នាក់ងារសារព័ត៌មាន AP សភាប្រទេសវៀតណាម បានបោះឆ្នោតឲ្យលោក ង្វៀន តាងយ៉ុង ចាកចេញពីតំណែងដោយសំឡេង ៤៣០ លើ ៤៦០ សំឡេង។
ការចាកចេញរបស់ លោក ង្វៀន តាងយ៉ុង គឺបន្ទាប់ពីលោកព្យាយាមកាន់តំណែងអគ្គលេខាធិការបក្សដ៏មានឥទ្ធិពលមិនបានសម្រេច។ លោកបានចាញ់ឆ្នោតលោក Nguyen Phu Trong ដែលត្រូវបានជ្រើសតាំងជាថ្មីម្ដងទៀតឲ្យកាន់តំណែងជាអគ្គលេខាធិការបក្សដ៏មានឥទ្ធិពល រយៈពេល ០៥ ឆ្នាំទៀត។ នៅពេលជាមួយគ្នានេះ សភាប្រថាបត្រាប្រទេសវៀតណាម ក៏លើកបន្ដប់លោក Nguyen Xuan Phuc ឲ្យកាន់តំណែងនាយករដ្ឋមន្ដ្រី។
នៅប្រទេសវៀតណាមមានគណបក្សកាន់អំណាចតែមួយគត់ គឺបក្សកុម្មុយនីស្ដ។ អគ្គលេខាបក្សនិងនាយករដ្ឋមន្ដ្រីមានអំណាចខ្ពស់ជាងគេ បើប្រៀបធៀបនិងប្រធានាធិបតីនិងប្រធានរដ្ឋសភា។
កេរតំណែលរបស់ លោក ង្វៀន តាងយ៉ុង គឺការបន្សល់ទុកអំពើពុករលួយនឹងឆន្ទៈប្រឆាំងចិន
លោក ង្វៀន តាងយ៉ុង ត្រូវបានមើលឃើញថាជាមេដឹកនាំ ដែលមានទំនោរទៅរកលោកខាងលិច ខណៈដែលលោកជាអ្នកជាតិនិយមហ៊ានប្រឈមមុខជាមួយនិងប្រទេសចិន ករណីជំលោះសមុទ្រចិនខាងត្បូង។
អ្នកវិភាគមើលឃើញថាកេរ្ដិ៍ឈ្មោះរបស់លោក ង្វៀន តាងយ៉ុង ទទួលបានការកត់ត្រាទុកពីក្មេងជំនាន់ក្រោយទោះបីជាលោករងការរិះគន់ពីការដឹកនាំប្រទេស បង្កឲ្យមានអំពើពុករលួយកាន់តែកើនឡើងក៏ដោយនោះ។
អ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យក្រុងហុងកុង គឺលោក Jonathan London និយាយថាលោក ង្វៀន តាងយ៉ុង ជាមេដឹកនាំឈរនៅចំណុចកណ្ដាល គឺមានន័យថាលោកមិនមែនជាក្រុមអភិរក្សហើយជាមេដឹកនាំកែទម្រង់តិចតួចដែរ។
អ្នកវិភាគរូបនេះ បានលើកឡើងទៀតថា សម័យកាលគ្រប់គ្រងរបស់លោកធ្វើឲ្យសេដ្ឋកិច្ចវៀតណាមមានកំណើនជាប់ជានិច្ច ខណៈកំលាំងវិនិយោគទុនបរទេសកាន់តែកើនឡើង តែលោកថាអ្វីដែលធ្វើឲ្យលោករងការរិះគន់នោះគឺអំពើពុករលួយនិងការគ្រប់គ្រងសហគ្រិនរបស់រដ្ឋមិនមានប្រសិទ្ធភាព ដែលធ្វើឲ្យបំណុលសាធារណកើនឡើង។ អ្នកវិភាគរូបនេះមើលឃើញទៀតថាអ្នកស្នងតំណែងលោកទំនងជាមានឥទ្ធិពលតិចតួចចំពោះការដឹកនាំប្រទេស។
អ្នកវិភាគម្នាក់ទៀត មកពីវិទ្យាស្ថានសិង្ហបុរីដើម្បីសិក្សាតំបន់អាស៊ីអាគ្នេយ៍ លោក Le Hong Hiep មានទស្សនៈស្របនឹងលោក Jonathan London ដែរ។ លោកបានកត់សំគាល់ថា រយៈពេលនៃការដឹកនាំរបស់លោក ង្វៀន តាងយ៉ុង ដែលគេមើលឃើញថាមិនមានប្រសិទ្ធភាពនោះគឺកំណើននៃអំពើពុករលួយកាន់តែកើនឡើង ប៉ុន្ដែលោក យ៉ុង ទំនងជាម្នាក់គត់ដែលអាចប្រឈមមុខករណីជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយនិងប្រទេសចិន។
អ្នកវិភាគម្នាក់ទៀត ជាអ្នកឯកទេសខាងសេដ្ឋកិច្ចគឺលោក Le Dang Doanh ក៏យល់ស្របដូចដែរ។ លោកថា លោក យ៉ុង ជាមេដឹកនាំដែលធ្វើឲ្យមានសមាហរណកម្មសេដ្ឋកិច្ចវៀតណាម ជាមួយនឹងលំហូនៃវិនិយោគទុនបរទេសដ៏គួរឲ្យកត់សំគាល់។ ប៉ុន្ដែអ្វីដែលធ្វើឲ្យមានការរិះគន់នោះ គឺបំណុលសាធារណៈកាន់តែកើនឡើង ខណៈឱនភាពថវិកានិងអំពើពុករលួយមិនអាចគ្រប់គ្រងបាន៕