ភ្នំពេញ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ដែលសកម្មក្នុងការតស៊ូមតិការពារផលប្រយោជន៍ជូនកម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានប្តេជ្ញាចិត្តធ្វើការងារតំណាងឲ្យកម្មកររហូតដល់អ្នកស្រីចូលនិវត្តន៍។ ភាពស្មោះត្រង់ជាមួយកម្មករ និង ឆន្ទៈមោះមុតក្នុងការពារសិទ្ធិជូនកម្មករ ធ្វើឲ្យអ្នកស្រីទទួលបានការគោរពស្រលាញ់ពីកម្មករ ព្រមទាំងគាំទ្រឲ្យអ្នកស្រីក្លាយជាប្រធានសហជីព។ អ្នកស្រីបន្តថា បើទោះបីជាអ្នកស្រី ធ្លាប់រងការប្រើអំពើហិង្សានិងជាប់ពាក្យបណ្តឹងនៅតុលាការ ក៏អ្នកស្រីនៅតែតស៊ូដោយអហិង្សាទាមទារឲ្យនិយោជកគោរពច្បាប់និងសិទ្ធកម្មករបន្តទៀត។
កាលពីថ្ងៃទី ០៤ ខែមេសា អ្នកស្រីត្រូវបានកងសន្តិសុខវាយដួល ខណៈសភាពិភាក្សាសេចក្ដីព្រាងច្បាប់សហជីព ដែលអ្នកស្រីថាមានលក្ខណៈរឹតបន្តឹងយ៉ាងខ្លាំងលើសេរីភាពរបស់សហជិព និង កម្មករ ។ ពេលនោះអ្នកស្រីទទូចថា សភាគួរបោះបង់ចោលមាត្រាមួយចំនួនដែលគាបសង្កត់ សិទ្ធិកម្មករនិងសហជីព ។ ក្នុងពេលអ្នកស្រី ត្រូវបានកងសន្តិសុខខណ្ឌដូចពេញ វាយឱ្យដួល គឺអ្នកស្រីស្ទុះក្រោមភ្លាមហើយ បានទទូចឱ្យអាជ្ញាធរបញ្ឈប់ហិង្សា និង កុំរារាំងការប្រមូលផ្ដុំរបស់កម្មករ ។ អ្នកស្រីថាសហជីពនិងកម្មករមិនបំណងប្រើហិង្សាអ្វីឡើយ។
នេះជាការកត់សម្គាល់មួយទៀតរបស់អ្នកសារព័ត៌មានចំពោះស្ត្រីម្នាក់ដែលមានការតាំងចិត្តខ្ពស់ ដើម្បីសិទ្ធិសេរីភាពរបស់កម្មករ ។ ភ្នាក់ងារវិទ្យុស្ត្រី FM102 បានចុះជួបសម្ភាសន៍ផ្ទាល់ជាមួយ អ្នកស្រី នៅស្នាក់ការសហជីពរបស់ អ្នកស្រី ដើម្បីចង់ដឹង ថាតើអ្នកស្រីមានការរាថយទេ បើអ្នកស្រីជួបឧបសគ្គ ធ្ងន់ធ្ងរជាងនេះទៀត ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ធូ វិរៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី FM102 ជាមួយអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដូចតទៅ៖