ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ឱវាទដល់ជនរួមជាតិកុំឱ្យប្រព្រឹត្ត នូវអំពើដែលមិនគប្បីមួយចំនួននៅក្នុងរយៈពេល ០៤ ថ្ងៃនៃការប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ ។
ឱវាទរបស់សម្ដេច ហ៊ុន សែន មានដូចនេះ៖
១. សូមយុវជនលេងល្បែងប្រជាប្រីយ៍ដោយថ្លៃថ្នូរ។ កុំលេងជះទឺក ឬ គប់ទឹក ទៅលើអ្នកជិះម៉ូតូ ជិះកង់បណ្តាលឱ្យដួលគ្រោះថ្នាក់ និងមួយទៀតគឺកុំលេង ប៉ាតម្សៅ ដែលមានជនខិលខូចមួយចំនួនបន្លំលួចដោះក្រវឹល ខ្សែក…ធ្វើឱ្យមានគ្រោះថ្នាក់និងបញ្ហាសង្គមកើតឡើង។
២. សូមម្ចាស់ឡានឈ្នួល ឡានតាក់ស៊ីកុំដំឡើងថ្លៃនៅក្នុងពេលបុណ្យចូលឆ្នាំថ្មី នៅពេលដែលតម្លៃប្រេងសាំងចុះថ្លៃ។ សូមរក្សាតម្លៃធម្មតា ។
៣. សូមរំឭកដល់មន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរទូទាំងប្រទេស ថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកំសាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។
៤. សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ លើបញ្ហាមិនគួរកើតឡើង ដូចជា ភ្លើងឆេះផ្ទះ នៅពេលរៀបពិធីអុជធូបទៀនទទួលទេវតាជាដើម សូមកុំអោយកើតមានឡើងអោយសោះ។
សម្ដេចហ៊ុនសែនមានប្រសាសន៍ដូចនេះនៅក្នុងពិធីមួយកាលពីព្រឹកម៉ិញនេះ ខណៈធ្វើជាអធិបតីក្នុងពិធីសម្ពោធមហាកុដិតេជោរ៉ានីរតន: វត្តប្រជុំនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ៕