ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី ០៦ ខែមីនានេះ ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្នក្នុងពិធីថ្វាយព្រះពរសង្គ្រាន្តឆ្នាំថ្មី ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៧ មីនា ស្អែកនេះ។
បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីពិធីថ្វាយព្រះពរសង្គ្រាន្តឆ្នាំថ្មី ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ព្រហស្បត្តិ៍ ស្អែកនេះ គឺចាប់ពីម៉ោង ១២:០០ តទៅ។
ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូត រក្សាបានសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរ នៅតាមតំបន់ជុំវិញកន្លែងប្រារព្ធ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យពលរដ្ឋបញ្ចៀស និងបិទសកម្មភាពចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១:០០នាទី តាមផ្លូវមួយចំនួនដូចខាងក្រោម៖
១. បិទការធ្វើចរាចររួមមាន៖
- កំណាត់ផ្លូវតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ ១៧៨ រហូតដល់ផ្លូវ ២៤០ ។
- កំណាត់ផ្លូវលេខ ១៧៨ ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ ១៩ ។
- កំណាត់ផ្លូវលេខ ២៤០ ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ ១៩។
២. បញ្ចៀសការធ្វើចរាចរ៖ តាមផ្លូវលេខ ១៩ ពីជើងទៅត្បូង និងពីត្បូងមកជើង៕