ភ្នំពេញ៖ មន្ត្រីគ.ជ.ប ៖ អង្គការសហប្រជាជាតិ (UN) ត្រៀមសហការជាមួយ គ.ជ.ប ក្នុងដំណើរការបោះឆ្នោតខាងមុខនេះ គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិ និងកែទំរង់ការបោះឆ្នោតនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានធ្វើការពន្យល់ជាច្រើនទៅកាន់ឧបការីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក នៀរើស្លោ ចេនកា ពីដំណើការនៃការបោះឆ្នោតនៅកម្ពុជា។ ចំណែកអង្គការឃ្លាំមើលការបោះឆ្នោតកម្ពុជាហៅថា Comfrel សម្ដែងការសាទរចំពោះនីតិវិធីនេះ ។
លោក នៀរើស្លោ ចេនកា បាននិយាយថា ប្រសិនបើ គ.ជ.ប កំពុងត្រូវការជំនួយពីអង្គការសហប្រជាជាតិ នឹងត្រៀមសហការជួយដល់ គ.ជ.ប ជានិច្ច។ ការថ្លែងចាប់អារម្មណ៍របស់តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដូចនេះ ត្រូវបានប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃគ.ជ.ប លោក ខន កែវមនោ បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី ០៥ មេសា ឆ្នាំ ២០១៦ ។
លោក ខន កែវមនោ បាននិយាយថា គ.ជ.ប បានធ្វើកំណែទំរង់ទៅលើការបោះឆ្នោតជាច្រើន ហើយ ដែលបច្ចុប្បន្ននេះ គ.ជ.ប បានទទួលយកអ្នកជំនាញចូលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជាផងដែរ។
«មកទល់ពេលបច្ចុប្បន្ននេះ គ.ជ.ប បានទទួលអ្នកជំនាញការ ចូលមកជួយការបោះឆ្នោតយើងនេះ មានជំនាញការមកពីខាង EU មកពីខាងជប៉ុន ហើយយើងក៏ត្រៀមសហការជាមួយអង្គការ UN ដើម្បីទទួលយកសម្ភារៈសម្រាប់ចុះឈ្មោះបោះឆ្នោត…»។
លោកបន្ថែមថា គ.ជ.ប នឹងត្រៀមខ្លួនសរសេរលិខិតផ្លូវការទៅនាយកដ្ឋានកិច្ចការនយោបាយ ដែលមានមូលដ្ឋាននៅ UN តែលោកមិនបានប្រាប់ថា គ.ជ.ប នឹងសុំជំនួយអ្វីខ្លះពី UN នៅឡើយ។
«គ.ជ.ប នឹងត្រៀមខ្លួនសរសេរជាលិខិតផ្លូវការ បញ្ជូនទៅឲ្យនាយកដ្ឋានកិច្ចការនយោបាយ ដែលមានមូលដ្ឋាននៅ UN តាមរយៈការិយាល័យរបស់ UN មួយនៅទីក្រុងភ្នំពេញ។ យើងមិនទាន់ដឹងថានឹងសុំជំនួយអ្វីទេពេលនេះ…»។
ចំណែកនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតកម្ពុជា ហៅថា Comfrel លោក គល់ បញ្ញា បាននិយាយថា គ.ជ.ប ត្រូវការការគាំទ្រទាំងបច្ចេកទេស ទាំងធនធានថវិកានិងសម្ភារៈមួយចំនួន ។ លោកបន្តថា ការចូលរួមរបស់សហគមន៍អន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀបចំដំណើរការគ.ជ.ប ប៉ុន្តែសុំឲ្យការទទួលបានជំនួយនេះ ធ្វើឡើងទាន់ពេលវេលា។
« គ.ជ.ប ត្រូវការកាគាំទ្រទាំងបច្ចេកទេស ទាំងធនធានថវិការ សម្ភារៈ និងឧបករណ៍នានា ហើយការចូលរួមរបស់សហគមន៍អន្តរជាតិមានសារៈសំខាន់ណាស់ តែធ្វើម៉េចឲ្យជំនួយនេះវមនទាន់ពេលវេលា ព្រោះថា គ.ជ.ប ត្រូវការជំនួយខ្លះទាន់ពេលវេលា ដើម្បីរៀបចំកាលវិភាគឲ្យបានច្បាស់លាស់…»។
ជាមួយគ្នានេះ សាស្ត្រចារ្យវិទ្យានយោបាយ លោក ចាន់ វិបុល បានលើកឡើងថា លោកស្វាគមន៍ដែលអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ចូលរួមកិច្ចសហការជាមួយ គ.ជ.ប ដើម្បីជួយដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។ លោកបានបន្ថែមថា ប្រសិនបើ អង្គការសហប្រជាជាតិ យកចិត្តទុកដាក់ខ្ពស់ជួយទាំងបច្ចេកទេស ទាំងធនធាន ទាំងការគាំទ្រគ្រប់រូបភាព និងមានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិទៀតនោះ គ.ជ.ប អាចនិងប្រសើរជាងមុន។
សូមជម្រាបថា អង្គការសហប្រជាជាតិ បានជួយរៀបចំការបោះឆ្នោតដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែនៅគ្រានោះ ប្រទេសកម្ពុជាទើបទទួលបានសន្តិភាព ហើយវត្តមានរបស់អង្គការពិភពលោកនេះ ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ ដោយសារមានការកែទម្រង់ប្រព័ន្ធបោះឆ្នោតឡើងវិញ គេសង្កេតឃើញមានប្រទេសជប៉ុន សហភាពអឺរ៉ុប និងអាមេរិក បានសម្រេចចូលមកជួយស្ថាប័ន គ.ជ.ប នេះដែរ។ កម្ពុជានឹងមានការបោះឆ្នោត សំខាន់ៗចំនួនពីរ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧ និង ការបោះឆ្នោតសភាឆ្នាំ ២០១៨ ៕