en     km
en     km

UN​ ត្រៀម​សហការ​ជាមួយ​ គ​.​ជ​.​ប​ ក្នុង​ដំណើរការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​

Share

​ភ្នំពេញ​៖​ មន្ត្រី​គ​.​ជ​.​ប​ ៖​ អង្គ​ការ​សហប្រជាជាតិ ​(UN​)​ ត្រៀម​សហការ​ជាមួយ​ គ​.​ជ​.​ប​ ក្នុង​ដំណើរការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​​ ​​គោលបំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ និង​កែទំរង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជា​​​។​ ក្នុង​កិច្ចប្រជុំ​នេះ​ប្រធាន​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បាន​ធ្វើការ​ពន្យល់​ជា​ច្រើន​ទៅ​កាន់​ឧបការី​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​  លោក​ នៀ​រើ​ស្លោ​ ចេ​ន​កា​ ពី​ដំណើ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ ចំណែក​អង្គ​ការ​​ឃ្លាំមើល​ការ​បោះ​ឆ្នោត​កម្ពុជា​ហៅ​ថា​ Comfrel​ សម្ដែង​ការ​សាទរ​ចំពោះ​នីតិវិធី​នេះ​ ។​

NEC-UN-CAMBODIA
កិច្ចប្រជុំ​មួយ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ និង​អង្គ​ការ​សហប្រជាជាតិ​ (UN​) ​ថ្ងៃ​ទី​ ០៥​ មេ​សា​នេះ

លោក​ នៀ​រើ​ស្លោ​ ចេ​ន​កា​ បាន​និយាយ​ថា​ ប្រសិនបើ​ គ​.​ជ​.​ប​ កំពុង​ត្រូវការ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ នឹង​ត្រៀម​សហការ​ជួយ​ដល់​ គ​.​ជ​.​ប​ ជា​និច្ច​។​  ការ​ថ្លែង​ចាប់អារម្មណ៍​របស់​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដូចនេះ​ ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ​នៃ​គ​.​ជ​.​ប​ លោក​ ខន​ កែវ​មនោ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន កាលពីថ្ងៃទី ០៥ មេសា ឆ្នាំ ២០១៦​ ។​

លោក​ ខន​ កែវ​មនោ​ បាន​និយាយ​ថា​ គ​.​ជ​.​ប​ បាន​ធ្វើ​កំណែទំរង់​ទៅ​លើ​ការ​បោះ​ឆ្នោត​ជា​ច្រើន​ ហើយ​  ដែល​បច្ចុប្បន្ន​នេះ​ គ​.​ជ​.​ប​ បាន​ទទួលយក​អ្នកជំនាញ​ចូល​មក​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​។​

«​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ គ​.​ជ​.​ប​ បាន​ទទួល​អ្នក​ជំនាញការ​ ចូល​មក​ជួយ​ការ​បោះ​ឆ្នោត​យើង​នេះ​ មាន​ជំនាញការ​មក​ពី​ខាង​ EU​ មក​ពី​ខាង​ជប៉ុន​ ហើយ​យើង​ក៏​ត្រៀម​សហការ​ជាមួយ​អង្គការ​ UN​ ដើម្បី​ទទួលយក​សម្ភារៈ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​…»​។​

​លោក​បន្ថែម​ថា​ គ​.​ជ​.​ប​ នឹង​ត្រៀមខ្លួន​សរសេរ​លិខិតផ្លូវការ​ទៅ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ ដែល​មាន​មូលដ្ឋាន​នៅ​ UN​ តែ​លោក​មិន​បាន​ប្រាប់​ថា​ គ​.​ជ​.​ប​ នឹង​សុំ​ជំនួយ​អ្វីខ្លះ​ពី​ UN​ នៅឡើយ​។​

«​គ​.​ជ​.​ប​ នឹង​ត្រៀមខ្លួន​សរសេរ​ជា​លិខិតផ្លូវការ​ បញ្ជូន​ទៅ​ឲ្យ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ ដែល​មាន​មូលដ្ឋាន​នៅ​ UN​ តាម​រយៈ​ការិយាល័យ​របស់​ UN​ មួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ យើង​មិន​ទាន់​ដឹង​ថា​នឹង​សុំ​ជំនួយ​អ្វី​ទេ​ពេល​នេះ​…»​។​

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​កម្ពុជា​ ហៅ​ថា​ Comfrel​ លោក​ គល់​ បញ្ញា​ បាន​និយាយ​ថា​ គ​.​ជ​.​ប​ ត្រូវ​កា​រ​ការ​គាំទ្រ​ទាំង​បច្ចេកទេស​ ទាំង​ធនធាន​ថវិកា​និង​សម្ភារៈ​មួយ​ចំនួន​ ។​ លោក​បន្ត​ថា​ ការ​ចូលរួម​របស់​សហគមន៍​អន្តរជាតិ​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រៀបចំ​ដំណើរការ​គ​.​ជ​.​ប​ ប៉ុន្តែ​សុំ​ឲ្យ​ការ​ទទួល​បាន​ជំនួយ​នេះ​ ធ្វើ​ឡើង​ទាន់​ពេលវេលា​។​

«​ គ​.​ជ​.​ប​ ត្រូវការ​កា​គាំទ្រ​ទាំង​បច្ចេកទេស​ ទាំង​ធនធាន​ថវិការ​ សម្ភារៈ​ និង​ឧបករណ៍​នានា​ ហើយ​ការ​ចូលរួម​របស់​សហគមន៍​អន្តរជាតិ​មាន​សារៈសំខាន់​ណាស់​ តែ​ធ្វើ​ម៉េច​ឲ្យ​ជំនួយ​នេះ​វ​មន​ទាន់​ពេលវេលា​ ព្រោះថា​ គ​.​ជ​.​ប​ ត្រូវការ​ជំនួយ​ខ្លះ​ទាន់​ពេល​វេ​លា​ ដើម្បី​រៀបចំ​កាលវិភាគ​ឲ្យ​បាន​ច្បាស់លាស់​…»​។​

​ជាមួយ​គ្នា​នេះ​ សាស្ត្រ​ចា​រ្យ​វិទ្យា​នយោបាយ​ លោក​ ចាន់​ វិបុល​ បាន​លើក​ឡើង​ថា​ លោក​ស្វាគមន៍​ដែល​អង្គការសហប្រជាជាតិ​ យកចិត្តទុកដាក់​ចូលរួម​កិច្ចសហការ​ជាមួយ​ គ​.​ជ​.​ប​ ដើម្បី​ជួយ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ លោក​បាន​បន្ថែម​ថា​ ប្រសិនបើ​ អង្គការសហប្រជាជាតិ​ យកចិត្តទុកដាក់​ខ្ពស់​ជួយ​ទាំង​បច្ចេកទេស​ ទាំង​ធនធាន​ ទាំង​ការ​គាំទ្រ​គ្រប់​រូបភាព​ និង​មា​នការ​ចូលរួម​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ទៀត​នោះ​ គ​.​ជ​.​ប​ អាច​និង​ប្រសើរ​ជាង​មុន​។​

​សូម​ជម្រាប​ថា​ អង្គការសហប្រជាជាតិ​ បាន​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩៣​ ប៉ុន្តែ​នៅ​គ្រានោះ​ ប្រទេស​កម្ពុជា​ទើប​ទទួល​បាន​សន្តិភាព​ ហើយ​វត្តមាន​របស់​អង្គការ​ពិភពលោក​នេះ​ ធ្វើ​ឡើង​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារី​ស​​ ២៣​ តុលា​ ១៩៩១​ ។​ ដោយ​សារមា​ន​ការ​កែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត​ឡើង​វិញ គេ​សង្កេត​ឃើញ​​មាន​​ប្រទេស​ជប៉ុន​ សហភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​ បាន​សម្រេច​ចូល​មក​ជួយ​ស្ថាប័ន​ គ​.​ជ​.​ប​ នេះ​ដែរ​​។​ កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ សំខាន់ៗ​ចំនួន​ពីរ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​ ២០១៧​  និង​ ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​ ៕

Share

Image
Image
Image