ភ្នំពេញ៖ អ្នកវិភាគសង្គម និងសង្គមស៊ីវិលដែលធ្វើការលើបញ្ហាសិទ្ធិដីធ្លី និងបញ្ហាចរាចរណ៍បង្ហាញការវិភាគរបស់ពួកគេជាមួយវិទ្យុស្តី FM 102 នៅ ថ្ងៃទី ០៦ ខែមេសានេះថា ការលុបចោលគម្រោងសាងសង់ផ្លូវល្បឿនលឿនពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលមកក្នុងក្រុងភ្នំពេញ អាចជាប់ពាក់ព័ន្ធហេតុផលនយោបាយនៅពីក្រោយ។
ការលើកឡើងរបស់អ្នកវិភាគ និងក្រុមអង្គការសង្គមស៊ីវិលនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលម៉ិញថា គម្រោងសាងសង់ផ្លូវល្បឿនលឿននោះ ត្រូវលុបចោលទៅវិញ។ ការប្រកាសរបស់នាយករដ្ឋមន្ត្រី ធ្វើឱ្យសហគមន៍ផ្លូវរថភ្លើង ខ្លះត្រេកអរ ខ្លះមិនសប្បាយចិត្តផងដែរ។
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលគម្រោងសាងសង់ផ្លូវកាលពីម្សិលមិញរួមមក អ្នកវិភាគព្រឹត្តិការណ៍សង្គម និងអ្នកជំនាញរឿងដីធ្លី និងអ្នកជំនាញចរាចរណ៍ បានលើកឡើងប្រហាក់គ្នាថា ការប្រកាសលុបចោលគម្រោងនេះ អាចពាក់ព័ន្ធនឹងរឿងនយោបាយនៅពីក្រោយ ព្រោះការបោះឆ្នោតក្រុមព្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជាតិជាតិជិតចូលមកដល់។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត មើលឃើញពីមូលហេតុដែលនាំឱ្យលោកនាយករដ្ឋមន្ត្រី ឈានទៅលុបចោលគម្រោងផ្លូវល្បឿនលឿនថា គឺទំនងជារដ្ឋាភិបាលធ្លាប់មានបទពិសោធន៍មិនល្អពីការអភិវឌ្ឍនាពេលកន្លង ព្រោះមានការមិនសុខចិត្តពីសំណាក់ពលរដ្ឋ ចេញតវ៉ាជាមួយក្រុមហ៊ុន និងរដ្ឋាភិបាល។ ហេតុផលទី២លោក ពន្យល់ថា អាចមកពីក្រុមហ៊ុនវិនិយោគគិតថា គម្រោងមួយនេះអាចមិនសូវទទួលបានផលចំណេញទើប ក្រុមមិនព្រមទទួលសាងសង់ក៏ថាបាន។ ជារួមលោក អ៊ី សារ៉ុម ថាហេតុផលខាងនយោបាយច្រើនជាង ។
លោក អ៊ី សារ៉ុម ៖ «ចំពេលដែលការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ ហ្នឹង អញ្ចឹងរដ្ឋាភិបាលចង់មិនចង់គាត់ហ្នឹងផ្អាកជាបណ្តុះអាសន្នសិនសម្រាប់ការយល់ឃើញរបស់ខ្ញុំ។ កត្តាទី២ ប្រហែលជាមើលទៅក្រុមហ៊ុនដែលតម្រូវឱ្យសាងសង់នេះ មើលឃើញថាមិនសូវចំណេញក៏អាចថាបាន ដោយសារប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញនេះតិច ហើយការវិនយោគហ្នឹងអស់លុយច្រើន ហើយមិនសូវចំណេញអ្វីប៉ុន្មានសម្រាប់ស្ថានការណ៍បច្ចុប្បន្ន»។
ចំណែកលោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានលើកឡើងដែលថា គឺទំនងជាបញ្ហាសន្លឹកឆ្នោត ព្រោះថា ប្រសិនបើរដ្ឋាភិបាលសម្រេចសាងសង់ផ្លូវល្បឿនលឿននោះមែន នោះនឹងអាចបង្កផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ ៤ ពាន់គ្រួសារដែលរស់នៅទីនោះ។ លោកថា ប្រសិនប្រជាពលរដ្ឋផ្ទុះការតវ៉ាមែននោះសំឡេងឆ្នោតរបស់រដ្ឋាភិបាលបក្សកាន់អំណាចសព្វថ្ងៃនឹងធ្លាក់ចុះ ស្របពេលព្រឹត្តិការណ៍បោះឆ្នោតកាន់តែខិតជិតចូលមកដល់។
លោក អ៊ា ចរិយា ៖ «ហេតុផលការលុបចោលនេះ ប្រហែលពាក់ព័ន្ធនឹងផលប្រយោជន៍រឿងនយោបាយ ព្រោះការសាងសង់នេះ វាអាចប៉ះពាល់ប្រជាពលរដ្ឋ គាត់មិនពេញចិត្តជាមួយនឹងការដោះស្រាយនូវការសាងសង់នោះ ហើយខ្ញុំគិតថា រដ្ឋាភិបាលពិបាករកដំណោះស្រាយមួយ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងសុខចិត្ត ក្នុងរើចេញពីផ្លូវហ្នឹង»។
តាមការអង្កេតកន្លងមក ឱ្យជិតដល់ឆ្នាំបោះឆ្នោត គឺរដ្ឋាភិបាលគណបក្សកាន់អំណាច តែងតែមានយុទ្ធសាស្ត្រថ្មីៗជាច្រើនចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។ គេឃើញសម្ដេចនាយករដ្ឋមន្ត្រី សម្ពោធអាគារសាលារៀនស្ពាន ថ្នល់ ហើយក្នុងឱកាសនោះ សម្ដេចប្រើវោហាសាស្ត្រនយោបាយ ដែលជាការលើកទឹកចិត្តឱ្យពលរដ្ឋស្គាល់ពីតម្លៃ នូវសមិទ្ធផល របស់រដ្ឋាភិបាល ។ តែក៏មានការបង្កឱ្យពលរដ្ឋផ្ទុះការតវ៉ាដែរ ។
នៅក្នុងពីធីសម្ពោធអាគារថ្មីនៃអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ កាលខែមីនា សម្ដេច ហ៊ុន សែន ថាការពង្រីកព្រលានយន្តហោះក្នុងពេលកន្លងទៅ បានប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាជន ។ សម្ដេចថា នឹងមិនបន្តពង្រីកទៀតទេ ព្រោះមិនចង់ឃើញពលរដ្ឋធ្វើបាតុកម្ម ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លើកឡើងថា មូលហេតុនៅពីក្រោយនៃការលុបចោលគម្រោងសាងសង់នោះ អាចពាក់ព័ន្ធនឹងប្រាក់កម្ចីពីបរទេសមានកម្រិតទាប ដែលមិនអាចទប់ទល់នឹងការចំណាយក្នុងការសាងសងនោះបាន។ មួយវិញទៀតលោកថា រដ្ឋាភិបាលក្នុងស្ថានការណ៍កំណែទម្រង់ថ្មីនេះ គឺត្រូវកែសម្រួលប្រាក់បៀវត្សមន្ត្រីរាជការសាធារណៈ ហើយរដ្ឋាភិបាលប្រហែលជាត្រូវបង្វែរថវិកាសម្រាប់ការសាងសង់នោះ មកទប់ទល់និងការចំណាយលើប្រាក់ខែមន្ត្រីរាជការវិញ ស្របពេលការបោះឆ្នោតជិតចូលមកដល់។
លោក មាស នី ៖ វាអាចពាក់ព័ន្ធនិងប្រាក់កម្ចីពីចិន ហើយរដ្ឋាភិបាលឥឡូវនេះកំពុងតែទទួលសម្ពាធមួយទៀត នៅពេលដែលចាប់ផ្តើមធ្វើការកំណែទម្រង់ប្រាក់បៀវត្សមន្ត្រីរាជការអីហ្នឹង វាធ្វើឱ្យថវិកាជាតិមានការលំបាកក្នុងការប្រមូលដើម្បីទប់ទល់ផ្តល់ឱ្យមន្ត្រីរាជការ។
យ៉ាងណាទាំងអ្នកវិភាគសង្គម និងសង្គមស៊ីវិលដាក់ការសន្និដ្ឋានថា គម្រោងផ្លូវល្បឿនលឿនមួយនេះ នឹងអាចចាប់ផ្តើមសាងសង់វិញនៅក្រោយការបោះឆ្នោតជាតិចាប់សព្វគ្រប់។
មូលហេតុដែលក្រុមសង្គមស៊ីវិល និងអ្នកវិភាគលើកឡើងបែបនេះ ព្រោះរដ្ឋាភិបាលមិនចង់ឱ្យកើតមានស្ថានការណ៍តវ៉ាអូសបន្លាយមុនការបោះឆ្នោត ព្រោះគណបក្សប្រជាជនបានកាន់អំណាចរយៈពេលប្រាំអាណត្តិ បានជ្រុះបាត់អាសនៈជាច្រើនកាលពីបោះឆ្នោតឆ្នាំ ២០១៣ ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពន្យល់ថា ការសម្រេចលុបចោលគម្រោងសង់ផ្លូវល្បឿនលឿនវិញនោះ មិនមានហេតុផលនយោបាយអ្វីនៅពីក្រោយ ដូចការសន្និដ្ឋានរបស់បុគ្គលមួយចំនួនដែលបានចោទនោះទេ។ រដ្ឋាភិបាលធ្វើទៅតាមសំនុំពររបស់ពលរដ្ឋ ស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋ។
លោក សុខ ឥសាន ៖ «ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គឺជាការតម្រូវចិត្តរបស់ប្រជាពលរដ្ឋយើង ដែលលោកតែតែងគិតគូរយកផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយគិតគូរអំពីកង្វល់របស់ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋកង្វល់អី គឺរាជរដ្ឋាភិបាលតំរូវចិត្តរបស់ប្រជាពលរដ្ឋហ្នឹង»។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែមេសាម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញថា មិនចាំបាច់តវ៉ាសុំធ្វើវេទិកាសាធារណៈឱ្យបំភ្លឺពីគម្រោងសាងសង់ផ្លូវល្បឿនលឿនអ្វីនោះទេ ព្រោះរដ្ឋាភិបាលបានសម្រេចលុបចោលគម្រោងមួយនេះហើយ។
ទាក់ទិនបញ្ហានេះ ពលរដ្ឋដែលរស់នៅស្របតាមបណ្តោយផ្លូវរថភ្លើង បានសាទរចំពោះការលុបចោលគម្រោងនេះ ដោយពលរដ្ឋលើកឡើងថា ពួកគាត់ខ្លាចត្រូវប្រឈមការបណ្តេញទាំងបង្ខំដោយមិនមានសំណងសមរម្យ ។ មួយវិញទៀតពលរដ្ឋក៏បានលើកឡើងដែលថា ពលរដ្ឋមិនឃើញរូបភាពឈូសឆាយផ្ទះសម្បែង និងបណ្តេញចេញទាំងបង្ខំដូច សហគមន៍បឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ផ្សេងៗទៅកាលពីអតីតកាល៕