នំប៉័ងសាច់ចំនូន៥០០កំណាត់ ទឹកផ្លែឈើ ថ្នាំពេទ្យ និងសម្ភារៈសិក្សាមួយចំនួន ត្រូវបានសិល្បករ សិល្បការិនីមួយក្រុមយកទៅចែកជូនដល់កុមារក្រីក្រនៅអង្គការមួយ មានទីតាំងនៅលើគំនរសំរាមស្ទឹងមានជ័យ។
បើតាមការដឹងពីលោក ជួន សុវណ្ណវាសនា ដែលដឹកនាំ តារាៗយកអំណោយទៅចែកនោះ បានឲ្យដឹងថា ដោយមើលឃើញថា ភាពខ្វះខាតរបស់កុមារ គ្រាដែលក្រុមរបស់លោកចុះផលិតវីដេអូរឿងខ្លី និង MV មួយ ពួកលោកក៏បានចូលប្រាក់គ្នាទិញសំភារៈដូចបានរៀបរាប់ខាងលើយក ទៅចែកក្មេងទាំងនោះតែម្ដង។ អំណោយទាំងអស់នោះ ត្រូវបានចែកកាលពីល្ងាចម្សិលមិញ នៅអង្គកាលោក Scott Nelson ដែលសរុបជាប្រាក់ប្រហែលជាជិត១ពាន់ដុល្លារ។
លោក ជួន សុវណ្ណវាសនា បានឲ្យដឹងទៀតថា តារាបានចូលរួមជាមួយក្រុមលោក មានដូចជា លោក ណាត់ បូរី លោក អ៊ុល ចំរ៉ុង លោក ស្បាយ សាណាកា ព្រមទាំងតារាសម្តែង គីម ចន្ទ័បរមី និងកញ្ញា ដួង ម៉ានិច ជាដើម ដោយពួកគេបានចូលប្រាក់គ្នាទៅតាមលទ្ធភាព។ បន្ថែមលើការចែកអំណោយនេះ ម្ចាស់ជំនួយខាងលើ ក៏បានច្រៀងឲ្យក្មេងៗប្រមាណជា៥០០នាក់ បានស្ដាប់ផងដែរ៕
អត្ថបទ៖ ខុត សីហា
ប្រភព៖ www.news.sabay.com.kh