អ្នកតំណាងក្រុមហ៊ុន ឡានក្រុងភ្នំពេញ-សូរិយ៉ា ដឹកជញ្ជូនអ្នកដំណើរបានអោយដឹងថា ក្រុមហ៊ុនលោកក៏មានគម្រោងនឹងតំឡើងថ្លៃឈ្នួលឡាន ៨ ០០០ រៀល ចាប់ពីថ្ងៃ ទី ១០ ខែមេសា រហូត ដល់ថ្ងៃទី ២០ ខែ មេសា ពី លើថ្លៃឈ្នួលឡានធម្មតា ដែលមានតម្លៃ ២៥ ០០០រៀល សម្រាប់ការធ្វើដំណើរទៅ ខេត្តបាត់ដំបង និង សៀមរាប និង ២៣ ០០០រៀល សម្រាប់ការធ្វើដំណើរទៅ ក្រុងព្រះសីហនុ។
លោកក៏បានបង្ហើបអោយដឹងពីមូលហេតុនៃការដំឡើងថ្លៃនេះដែរថា ព្រោះថ្ងៃចូលឆ្នាំខ្មែរជាពេលដែលមានតម្រូវការដឹកជញ្ជូនច្រើនជើង តែភាគច្រើនមានតែទៅ មិនមានអ្នកត្រលប់មកឡើយ ដែលធ្វើអោយឡានត្រូវបើកត្រលប់មកភ្នំពេញទាំងមិនដឹកភ្ញៀវ ហើយម្យ៉ាងទៀតក្រុមហ៊ុនត្រូវឧបត្ថម្ភប្រាក់ធ្វើការបន្ថែមម៉ោងដល់ អ្នកបើកឡានក្រុង នៅថ្ងៃចូលឆ្នាំខ្មែរនេះទៀតផង ។
ចំណែក អ្នកលក់សំបុត្រឡានក្រុងនៅក្រុមហ៊ុនឡានក្រុង កាពីតូល វិញ បានអោយដឹងថា រហូតមកដល់ពេលនេះលោកមិនទាន់បានទទួលដំណឹងពីថ្នាក់លើនៅឡើយទេពីការ ដំឡើងថ្លៃសំបុត្រដឹកអ្នកដំណើរ តែឆ្នាំមុនៗតែងមានការដំឡើងថ្លៃបន្តិចបន្តួច ពីលើថ្លៃធម្មតា ២ ឬ ៣ ថ្ងៃមុន នៃថ្ងៃចូលឆ្នាំខ្មែរ ដែលតម្លៃធ្វើដំណើរធម្មតាគឺ ២២ ០០០រៀល សម្រាប់ការធ្វើដំណើរទៅខាងខេត្តសៀមរាម និង បាត់ដំបង និង តម្លៃ ២០ ០០០រៀលទៅ ក្រុងព្រះសីហនុ ។
រីឯអ្នកតំណាងក្រុមហ៊ុនឡានក្រុងដឹកអ្នកដំណើរ ថោងស៊ីង វិញបានឲ្យដឹងថា ក្រុមហ៊ុនលោកស្រីមានគោលការណ៍ច្បាស់លាស់ថា នឹងមិនដំឡើងថ្លៃឈ្នួលឡានក្រុងឡើយទោះក្នុងរដូវបុណ្យភ្ជុំ បុណ្យចូលឆ្នាំចិន ឬ ចូលឆ្នាំខ្មែរក៏ដោយ ដែលទៅខេត្តសៀមរាប គឺ ១៩ ០០០រៀល ហើយទៅខេត្តបាត់ដំបង ១៥ ០០០រៀល និង ទៅក្រុងព្រះសីហនុ គឺ ១២ ០០០រៀល៕
អត្ថបទ៖ ដេត លីដា
ប្រភព៖ www.news.sabay.com.kh