អតីតអ្នកជាប់ពន្ធនាគារទាំង១០រូប រួមទាំងប្រជាពលរដ្ឋសហគមន៍បឹងកក់ សហគមន៍បុរីកីឡា ថ្មគោល និងអ្នកភូមិបឹងឈូក ប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមិថុនានេះ ដើម្បីសម្តែងកំហឹងរបស់ពួកគេទៅលើប្រព័ន្ធតុលាការ ដែលកាត់ក្តីឲ្យពួកគេជាប់ពន្ធនាគាររយៈ៥ខែដោយអយុត្តិធម៌។
សម្រែកផ្ទួនៗ និងបដាដែលបានលើកច្រូងច្រាង ព្រមទាំងប្រាក់ដុល្លារក្លែងក្លាយត្រូវបានបាចនៅពីមុខ ច្រកចូលសាលាដំបូងរាជធានីភ្នំពេញ។ សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញនូវការមិនសុខចិត្តចំពោះការ សម្រេចរបស់តុលាការ
ហើយអ្នកទាំងនោះបានស្រែកថ្កោលទោសប្រព័ន្ធតុលាការថាជាស្ថាប័នមិនឯករាជ្យ។
«វាជារឿងមួយអយុត្តិធម៌សម្រាប់ពួកយើងជាទីបំផុត…យើងទៅរកអាជ្ញាធរដើម្បីផ្តល់ដំណោះស្រាយជូនពួកយើងគឺបង្ហូរទឹកលូរស្អុយពីតំបន់បឹងកក់ប៉ុន្តែពួកយើងបែរជាជាប់គុកទៅវិញ។ ពួកយើងចង់បង្ហាញពិភពលោកឲ្យឃើញថា នៅកម្ពុជាគ្មានតុលាការដែលឯករាជ្យនិងកាត់ក្តីសុក្រឹតសម្រាប់ប្រជាពលរដ្ឋខ្មែរទេ
តុលាការស្រុកខ្មែរជាឈ្នាន់របស់អ្នកមានអំណាច អ្នកមានលុយ និងអ្នកនយោបាយ»។ នេះជាការលើកឡើងរបស់អតីតស្រី្តបឹងកក់ អ្នកស្រី ទេព វណ្ណី។
ចំណែកឯកញ្ញា សុង ស្រីលាប ដែលធ្លាប់បានជាប់ពន្ធនាគារក្នុងចំណោមស្រ្តីទាំង១០រូបនោះដែរបាននិយាយថា កញ្ញាមានការសោកស្តាយ ដែលតុលាការបានសម្រេចដាក់ពន្ធនាគារ ដោយមិនមានការវិនិច្ឆ័យច្បាស់លាស់។ ហើយអ្វីដែលគួរអោយសោកស្តាយបំផុតនោះ គឺអ្នកដឹកនាំ ជាពិសេសលោកនាយករដ្ឋមន្រ្តី ដែលមិនបានចុះទៅពិនិត្យហេតុការណ៍ នៅទីតាំងជំលោះពិតប្រាកដ និងមិនបានជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ។
រីឯអ្នកស្រី ភួង សុភាព មកពីសហគមន៍ថ្មគោលនិងធ្លាប់បានជាប់ពន្ធនាគារផងនោះ បានប្រាប់ថា អ្នកស្រីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅមុខសាលាដំបូង គ្រាដែលអ្នកស្រីនិងអ្នកឯទៀតបានតវ៉ាឲ្យតុលាការដោះលែងសកម្មជនតំបន់បឹងកក់។ អ្នកស្រីបន្តថា អ្នកស្រីរងនូវភាព អយុត្តិធម៌ខ្លាំងណាស់ ដែលត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ព្រោះអ្នកស្រីមិនបានបង្កអសន្តិសុខអ្វីនៅមុខតុលាការនោះទេ។
ពាក់ព័ន្ធក្នុងរឿងនេះ លោក អ៊ុំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលតែង តែតាមដានរឿងនេះលើកឡើងថា «វាជារឿងអយុត្តិធម៌សម្រាប់ស្រ្តីនៅក្នុងតំបន់បឹងកក់មែន ព្រោះពួកគាត់ជាជនរងគ្រោះដោយសារការអភិវឌ្ឈន៍របស់រដ្ឋាភិបាល ហើយនៅពេលដែលគាត់ចេញធ្វើការទាមទាររកដំណោះស្រាយ គាត់បែរជាជាប់ពន្ធធនាគារបន្តបន្ទាប់…។ លោកបន្តទៀតថា រដ្ឋាភិបាលគួរគិតគូរឡើងវិញក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជៀសវាង មានការចេញតវ៉ាពីជនរងគ្រោះកាន់តែច្រើនឡើងៗ។
គួររំលឹកថា សកម្មជនដីធ្លីទាំងចំនួន ១០នាក់ ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃុំខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយចោទប្រកាន់ថា ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ នៅពេលពួកគេតវ៉ាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅពេលផ្ទះរបស់ពួកគេត្រូវទឹកស្អុយជន់លិច។ ការឃុំខ្លួនរយៈពេល ៥ខែនេះ ត្រូវបានសង្គមស៊ីវិល និងសាធារណជនមើលឃើញថា ជាអំពើអយុត្តិធម៌៕