ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រតិកម្មតបទៅនឹងអ្វីដែលជាការរិះគន់របស់អ្នកវិភាគ ដោយលោកបានលើកឡើងថា លោកមិនបានក្តោបអំណាចក្នុងដៃតែម្នាក់ឯងនោះឡើយ ហើយលោកក៏មិនដែលបានបំពានការងាររបស់មន្ត្រីក្រោមឱវាទណាមួយ ដូចជាការរិះគន់ពីអ្នកវិភាគនោះដែរ។ ករណីនេះ អ្នកវិភាគព្រឹត្តិការណ៍សង្គមនៅតែប្រកាន់ជំហររឹងមាំថា អំណាចមួយចំនួននៅតែស្ថិតនៅក្រោមការជ្រៀតជ្រែករបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដដែល ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញនាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៦ នេះ សម្ដេច ហ៊ុន សែន បានថ្លែងថា អំណាចមិនស្ថិតក្រោមដៃរបស់លោកដូចជាការលើកឡើងរបស់អ្នកវិភាគនោះទេ។ លោកថា មិនច្បាស់ក្នុងរឿងនេះ អ្នកវិភាគអាចសាកសួរព័ត៌មានបន្ថែមចំពោះមន្ដ្រីទាំងអស់បាន។
«មានអ្នកនិយាយ ព្រោះស្រុកខ្មែរឥឡូវខ្ញុំអត់ប្រើពាក្យអ្នកវិភាគទៀតទេ ដោះដូរ ឬ មិនដោះដូរ គឺវាមិនសំខាន់ទេ ព្រោះទីបំផុតអំណាចមកប្រមូលផ្ដុំសម្រាប់មនុស្សម្នាក់ គឺសំដៅមកលើខ្ញុំ តែងខ្ញុំអាចនិយាយប្រាប់អស់លោក ហើយមានទាំងរដ្ឋមន្ដ្រីទាំងអស់នៅទីនេះ ខ្ញុំមិនដែលទៅបំពានជាមួយកិច្ចការដ្ឋមន្ដ្រីណាមួយទេ សុំតែរដ្ឋមន្ដ្រីហ្នឹងធ្វើការទៅតាមច្បាប់ កំណត់តែប៉ុណ្ណឹង ឥឡូវអ្នកនិយាយទាំងឡាយ បើចង់ដឹងច្បាស់មកសួររដ្ឋមន្ដ្រីទៅ…»។
សម្ដេច ហ៊ុន សែន បានច្រានចោលការរិះគន់នេះ ដោយលើកឡើងថា លោកមិនដែលបំពានលើការងាររដ្ឋមន្ត្រីនោះទេ ប៉ុន្តែលោកសូមឲ្យតែរដ្ឋមន្ត្រីធ្វើទៅតាមច្បាប់ដែលបានកំណត់។ សម្តេចបន្តថា រដ្ឋមន្ត្រីខ្លះបានបំពានសិទ្ធិរូបលោកក្នុងការស្នើតែងតាំងប្រធាននាយកដ្ឋាននានា។
ជុំវិញរឿងនេះ អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក សូ ចន្ថា មានប្រសាសន៍តបវិញថា ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅពេលនេះ មិនឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែងនោះទេ។ លោកថា ការពិតប្រទេសកម្ពុជា គឺមានអំណាចបីដាច់ដោយឡែកពីគ្នា តែទោះជាអំណាចទាំងអស់ដាច់ដោយឡែកពីគ្នាក៏ដោយ យើងនៅតែឃើញថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅតែមានការជ្រៀតជ្រែកក្នុងការងាររបស់ស្ថាប័នទាំងនោះដដែល។
«ការពិតទៅបើយើងពិនិត្យមើលបទពិសោធន៍កន្លងមក យើងឃើញថា មានការចែងពីអំណាចទាំងបីដាច់ពីគ្នា អំណាចនីតិបញ្ញាត្តិ នីតិប្រតិបត្តិ អំណាចតុលាការ ក៏ប៉ុន្ដែសម្រាប់ការអនុវត្តជាក់ស្ដែង យើងឃើញនៅពេលដែលនាយករដ្ឋមន្ដ្រីលើកឡើងពីបញ្ហាអ្វីមួយមន្ដ្រីតុលការ ឬ តុលាការ ចាប់ផ្ដើមអនុវត្តនូវកិច្ចការនោះ ហើយម្យ៉ាងទៀតខាងនីតិបញ្ញាត្តិ ក៏ចាប់ផ្ដើមធ្វើការកិច្ចការនោះដែរ»។
ជាថ្មីអ្នកវិភាគព្រឹត្តិការណ៍សង្គមរូបនេះ ក៏បានអះអាងពីទឡ្ហីករណ៍មួយចំនួន ដែលលោកបានឃើញថា៖ «ពាក់ព័ន្ធនឹងការរំលោភតួនាទី យើងឃើញហើយករណីមួយដែលខ្ញុំ និងពលរដ្ឋខ្មែរទូទៅតែងតែមើលឃើញ គឺតុលាការនៅប្រទេសកម្ពុជា មិនចាត់ការរឿងមួយចំនួនភ្លាមៗទេ បើសិនជានាយករដ្ឋមន្ដ្រីមិនលើកឡើង ឧទាហរណ៍ករណី លោក សម រង្ស៊ី ជាដើម។ … ហើយយើងថា លោក ហ៊ុន សែន គាត់មានឥទ្ធិពល ជាការជ្រៀតជ្រែកនៅក្នុងកិច្ចការរដ្ឋមន្ដ្រីនិងអំណាចផ្សេងៗទៀតនោះ។
លោក សាស្ដ្រាចារ្យ សូរ ចន្ថា មានប្រសាន៍ដោយសង្ខេបជារួមលើចំនុចនេះថា មិនមែនតែបញ្ហាតុលាការដែលលោកបានសង្កេតឃើញនោះទេ គឺនៅមានបញ្ហាមួយចំនួនទៀត ទាក់ទងនឹងដែនសមត្ថកិច្ចរបស់ក្រសួងនីមួយៗ ។
ការថ្លែងរបស់សម្ដេចហ៊ុនសែន ក៏ផ្ដើមចេញពីការិះគន់មួយចំនួនរបស់អ្នកវិភាគទៅលើការរុះរើគណៈរដ្ឋមន្ត្រី ដែលសភាសំឡេងភាគច្រើនមកពីគណបក្សកាន់អំណាច បានបោះឆ្នោតគាំទ្រកាលពីថ្ងៃម្សិលមិញ ។ អ្នកវិភាគថា គ្រាន់តែដោះដូរក្រសួងគ្នាកាន់តែប៉ុណ្ណោះ គឺគេមិនហៅថាការរុះរើរដ្ឋមន្ត្រីនោះទេ ព្រោះគ្មានរដ្ឋមន្ត្រីណាត្រូវដកហូតតំណែង។ អ្នកវិភាគថា ប្រការនេះ គឺមិនមែនជាការកែទម្រង់ឡើយ។ ត្រង់នេះហើយ ធ្វើឱ្យសម្ដេច ហ៊ុន សែន ប្រតិកម្មហើយមិនទទួលស្គាល់ការវាយតម្លៃរបស់អ្នកវិភាគ ។
លោក មាស នី បានលើកឡើងដែរថា អ្វីដែលសម្ដេច នាយករដ្ឋមន្ត្រី ប្រតិកម្ម គឺមិនមានអ្វីភ្ញាក់ផ្អើល ព្រោះប្រតិកម្មមិនឈរលើមូលដ្ឋានជាក់ស្ដែង ។ លោកបន្តថា ជាការពិតសម្ដេចដាក់ពិន្ទុឱ្យអ្នកប្រឡង ហើយក៏ជាអ្នកចេញវិញ្ញាសារខ្លួនឯងដែរ។
«សម្ដេចនាយកអ្នកឱ្យពិន្ទុខ្លួនឯង ហើយគាត់ក៏នៅទុកក្រុមរដ្ឋមន្ដ្រីទាំងអស់ហ្នឹងខ្លួនឯងដែរ ហើយមួយទៀតបើយើងមើលពីរដ្ឋមន្ដ្រីក្រសួងយុត្ថិធម៌ដែលសាធារណៈជនដាក់ពិន្ទុឱ្យទាបបំផុត ក៏មិនឃើញមានដូរទៅណា ព្រោះគេយល់ថា ប្រព័ន្ធយុត្តិធម៌ជាប្រព័ន្ធមួយដែលត្រូវបានរដ្ឋាភិបាលយកប្រើសម្រាប់ធ្វើជាដៃស្ដាំ ក្នុងការបង្កើតរឿងផ្សេងៗដែលយើងបានឃើញកន្លងមកហើយណាស់»។
យ៉ាងនេះក្ដី ក្រុមអ្នកវិភាគដែលត្រូវបានមជ្ឈដា្ឋនមួយចំនួនអះអាងថា អ្នកវិភាគឯករាជ្យ មិនមានជំនឿចិត្តថា សម្ដេចនាយករដ្ឋមន្ដ្រីធ្វើឱ្យមានតុល្យភាពរវាងអំណាចរដ្ឋទាំងបី ដែលត្រូវបានចែងដោយរដ្ឋធម្មនុញ្ញានោះទេ។
ក្រុមអ្នកវិភាគសង្កេតឃើញថា ប្រព័ន្ធតុលាការមកដល់ពេលនេះនៅតែស្ថិតនៅក្រោមឥទ្ធិពល ស្ថាប័ននីតិប្រត្ដិបត្តិ ហើយសម្ដេចនាយករដ្ឋមន្ដ្រីនៅតែជាបុគ្គលមានអំណាចលើសលប់៕