en     km
en     km

វិភាគ​៖​ ករណី​​របស់​​លោក​ ស៊ុត​ ​ឌី​ណា​ ​នាំ​​ឱ្យ​មា​ន​កា​រ​ភ័​យ​​ខ្លាច​​​ដល់​​អ្នក​​ចុះ​ចូល​​ដទៃ​​ទៀត​ ​

Share

​ភ្នំពេញ​៖​ ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា​ លោ​ក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ឋានៈ​ជា​អ្នកការទូត​។​ លោក​ត្រូវ​បាន​កោះហៅ​មក​សាកសួរ​ពេញ​មួយ​ថ្ងៃ ​កាលពី​ថ្ងៃ​​ម្សិល​ម៉ិ​ញ​ ហើយ​សំណុំរឿង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ​។​ ប្រសិនបើ​រក​កំហុស​ឃើញ​ លោក​ ស៊ុត​ ឌី​ណា​ គឺ​ជា​អ្នកនយោបាយ​ដំបូង​គេ​មក​ពី​បក្ស​ក្រុមប្រឆាំង​ ហើយ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ ត្រូវ​បាន​ដាក់​ឱ្យ​មានទោស​ ។​

អតីត​ប្រធាន​ចលនា​និស្សិត​រូប​នេះ​ ធ្លាប់​វាយប្រហារ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​ បាន​ក្លាយជា​អ្នក​សរសើរ​រដ្ឋាភិបាល​ទៅ​​វិញ​ បន្ទាប់​ពី​បាន​ចុះចូល​និង​កាន់​តំណែង​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​។​ អ្នកវិភាគ​មើលឃើញ​ថា​ លោក​ ស៊ុត​ ឌី​ណា​ មាន​អំនួត​ ភ្លេច​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​នៅ​ពេល​មាន​តំណែង​ធំ​ ។

 

SUN-DINA-WMC-FEACEBOOK
លោក​ ស៊ុត​ ឌី​ណា​ ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​

​លោក​ ស៊ុត​ ឌី​ណា​ កាល​លោក​ជា​ប្រធាន​ចលនា​និស្សិត​ ក្រោយមក​ជា​ប្រធាន​គណបក្ស​នយោបាយ​មួយ​នៅ​កម្ពុជា​  ឈ្មោះ​រប​ស់​​​លោក​បាន​ល្បី​ជា​ខ្លាំង​ ដោយសារ​លោក​ហ៊ាន​ចេញ​មុខ​ប្រឆាំង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។​ នៅ​ក្នុង​​រយៈពេល​លោក​ជា​សកម្មជន​លេចធ្លោ​នេះ​ លោក​មាន​ឧត្តមគតិ​ជាតិនិយម​យ៉ាង​ស៊ីជម្រៅ​  ចេញ​មុខ​ប្រឆាំង​ទ​ង្វើ​ ដែល​លោ​ក​​ហៅ​ថា​ មិន​បំរើ​ផលប្រយោជន៍​ជាតិ​។​ បន្ទាប់​មក​លោក​ចេញ​ទៅ​គណបក្ស​មួយ​របស់​សម្ដេចក្រុមព្រះ​ ហើយ​ត្រូវ​បាន​តែ​តាំង​ជា​អគ្គលេខាធិការ​រង​គណបក្ស​ ហើយ​លោក​នៅ​តែ​ជា​សកម្មជន​ប្រឆាំង​រាជរដ្ឋាភិបាល​ដដែល​ ។​

ប៉ុន្តែ​ទីបំផុត​ លោក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​លោក​ធ្លាប់​បាន​វាយប្រហារ​ឥត​សំចៃមាត់​ ។​

​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នាំ​ឱ្យ​លោក​មានបុណ្យ​ស័ក្តិ​ខ្ពង់ខ្ពស់​

​ការ​ចុះចូល​នេះ​ លោក​ ស៊ុត​ ឌី​ណា​ ទទួល​បាន​ឋានៈ​សម​ល្មម​ដែរ​ គឺ​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​។​ ការ​សម្រេចចិត្ត​ចូល​គណបក្ស​ប្រជាជន​ ត្រូវ​បាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពីព្រោះ​ លោក​ ស៊ុត​ ឌី​ណា​ ធ្លាប់​ជា​តួអង្គ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ស្រួចស្រាល​។​

SUN-DINA-WMC-FEACEBOOK01
លោក​ ស៊ុត​ ឌី​ណា​ ឯកអគ្គរាជទូតកម្ពុជាកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង

នៅ​ពេល​បាន​តំណែង​ដូចនេះ​ លោក​ ស៊ុត​ ឌី​ណា​ បាន​ហៅ​សម្ដេច​ហ៊ុន​សែន​ថា​ជា​វីរៈជន​ ជា​អ្នក​ស្នេហា​ជាតិ​ពិតៗ​ ជា​អ្នក​កសា​ង​​សន្តិភាព​ ។​ ក្រោយ​បន្តិច​ ស្រាប់តែ​លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ គឺ​កូរ៉េ​ខាងត្បូង​ ។​

លោក​ ស៊ុត​ ឌី​ណា​ កាន់តែ​មានមុខមាត់​យ៉ាង​ខ្លាំង​ មាន​អ្នក​ស្គាល់​លោក​កាន់តែ​ច្រើន​ ។​ លោក​ចាប់ផ្ដើម​ល្បីឈ្មោះ​ម្ដងទៀត​ ប៉ុន្តែ​​​ភាព​ល្បី​របស់​លោក​នៅ​ពេល​នេះ​ ត្រូវ​បាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ថា​ លោក​ជា​មនុស្ស​វៃ​អប​ស៊ី​អែប​  ឬ​គេ​ហៅ​ ចេះ​ការពារ​ផ​ល​ប្រយោជន៍​ជូន​មេ​។​  ក្នុង​ឋានៈ​លោក​ជា​អគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ លោក​ទទួល​ការ​រិះគន់​ជា​ច្រើន​ ពី​សំណាក់​ពលករ​ខ្មែរ​​នៅ​ប្រទេស​ជឿនលឿន​មួយ​នេះ​។​ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ ស៊ុត​ ឌី​ណា​ រង​ការ​រិះគន់​នោះ​ គឺ​ករណី​លោក​បញ្ចុះបញ្ចូល​ពលករ​ខ្មែរ​​មិន​ឱ្យ​ចូលរួម​វេទិកា​មួយ​របស់​ លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ កាលពី​ចុងឆ្នាំ​ ២០១៥​។​

លោក​ ស៊ុន​ ឌី​ណា​ ប្រឈម​មុខការ​ចោទប្រកាន់​ករណី​អំពើ​ពុក​រលួយ​

​នៅ​ពេល​នេះ​ លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កំពុង​ស៊ើបសួរ​រឿង​ពុក​រលួយ​ ឋានៈ​លោក​ជា​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​។​

ACU-OM-YENTENG-WMC
​លោក​ ឱម​ យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM១០២​ នៅ​ថ្ងៃនេះ​ថា​ អង្គ​ភា​ព​របស់​លោក​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចោទប្រកាន់​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោ​​​ក​ ស៊ុត​ ឌី​ណា​ ដោយ​សង្ស័យ​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ករណី​ចំណាយ​របស់​លោក​។​

​លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​បញ្ជាក់​ថា​ ការ​សាកសួរ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ មាន​ចំណុច​ជា​ច្រើន​ស៊ីសង្វាក់​គ្នា​ជាមួយ​ភស្តុ​តាង​រប​ស់​​​អង្គភាព​ប្រឆាំង​ពុក​រលួយ​ ប៉ុន្តែ​លោក​ថា​អង្គភាព​លោក​នឹង​ប​ញ្ចូ​ន​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ទៅ​តុលាការ​ ដើម្បី​ធ្វើការ​ចោ​ទ​ប្រកា​ន់​​។​

លោក​ ឱម​ យ៉ិ​ន​ទៀង​ ៖​ «​ យើង​មាន​តែ​ពេល​ ៤៨​ ម៉ោង​ទេ​ ដើម្បី​ធ្វើ​សំណុំ​បែបបទ​ ហើយ​ភស្តុ​តាង​ដែល​យើង​រក​ឃើញ​ ចម្លើយ​ដែល​បាន​ឆ្លើយ​ វា​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ច្រើន​ចំណុច​ពេក​ អ៊ី​ញ្ចឹ​ង​យើងខ្ញុំ​នឹង​ជ្រើសរើស​យក​តែ​ពីរ​ចំណុច​មុន​ទេ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​មុន​ បាទ​ !​ »​។​

​កាលពី​ថ្ងៃ​ទី​ ១៤​ ខែមីនា​ លោក​ ស៊ុត​ ឌី​ណា​ បាន​ផ្ញើ​សារ​មួយ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យ​និង​ផ្តល់​យុត្តិ​ធម៌​ដល់​រូប​លោក​ ដោយ​លោក​ថា​លោក​កំពុង​ត្រូវ​បាន​គេ​មូល​បង្កាច់​ ព្រមទាំង​មាន​ចេតនា​ទម្លាក់​លោក​ចេញពី​តំណែង​។​

លោក​មាន​ប្រសាសន៍​ថា​៖​ «​ហេតុ​អី​ រយៈពេល​ពីរ​ឆ្នាំ​ដែល​ខ្ញុំបាទ​បំពេញ​មុខងារ​ជា​ឯកអគ្គរាជទូត​ នៅ​សាធារណរដ្ឋ​កូរ៉េ​ ដែល​ខ្ញុំ​បាទ​​បាន​លះបង់​គ្រប់យ៉ាង​ ដើម្បី​រាជរដ្ឋាភិបាល​ ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​ បែរជា​ត្រូវ​ទទួល​រង​នូវ​ការ​រៀបចំ​សេណា​រី​យ៉ូ​មូ​ល​​បង្កាច់​ បង្ខូច​និង​មានការ​ចាត់​បញ្ជូន​ក្រុម​មនុស្ស​មក​ធ្វើ​សវន​កម្ម​ពីរ​បី​ដង​។​ ថ្ងៃនេះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ មក​មួយ​ក្រុម​ទៀ​​​ត​ (​មក​ពី​អង្គភាព​ពិសេស​ ) »​។​ ទន្ទឹម​គ្នា​នេះ​ លោក​ ស៊ុត​ ឌី​ណា​ ក៏​បាន​សុំ​ទោស​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​លោ​​​ក​បាន​ស្នើ​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​បែប​នេះ​។​

ការ​យល់​ឃើញ​របស់​អ្នកវិភាគ​សង្គម​ លើ​បុគ្គល​ក្ខ​ណៈ​លោក​ ស៊ុន​ ឌី​ណា​

​អ្នកវិភាគ​ឯករាជ្យ​ លោក​ អ៊ូ​ វី​រៈ​ មាន​ប្រសាសន៍​ថា​ លោក​ ស៊ុត​ ឌី​ណា​ ជា​បុគ្គល​មួយ​រូប​ដែល​ខ្វះ​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​ក្នុង​កា​រ​​​ធ្វើ​អ្វីមួយ​។​ លោក​បន្ត​ថា​ អាច​មក​ពី​លោក​ធ្លាក់​ប្រជាប្រិយភាព​ពី​សំណាក់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ ហើយ​លើស​ពី​នេះ​ទំន​ង​ជា​រដ្ឋាភិបាល​កូរ៉េ​ បាន​លើក​ពី​បញ្ហា​មួយ​ចំនួន​អំពី​ លោក​ ស៊ុត​ ឌី​ណា​ មក​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បា​ប់​​។​

Ou-Virak-WMC
លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគបញ្ហាសង្គម

«​ខ្ញុំ​មើល​​ពី​​អត្ត​​ច​រិ​​ក​​របស់​​គាត់​​ដែល​​ទៅ​​ធ្វើ​​ជា​​អគ្គរ​ដ្ឋទូ​ត​ ​នៅ​​កូរ៉េ​ខា​ង​​ត្បូង​ យើ​ង​​និយាយ​​ឱ្យ​​សាមញ្ញ​​គឺ​​ហាក់​ដូច​ជា​​ភ្លាវ​​ពេក​ ធ្វើ​ជ្រុ​ល​​ពេ​ក​ ​គា​ត់​​​​​ស៊ី​​ជោ​​ពេក​  គា​ត់​​កៀប​​សង្ក​ត់​ប្រជាពលរដ្ឋ​នៅ​កូរ៉េ​ខា​ង​​ត្បូ​ង​​ពេក​ ហើ​យ​​ខ្ញុំ​​ជឿ​ជា​ក់​​ថា​​ពួក​​គាត់​ប្រ​ហែល​ជា​​មាន​រឿង​អំពើ​ពុក​រលួ​យ​ យើង​​​ក៏​​ឃើញ​​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​​មាន​ការ​​សង្ស័យ​ អា​ហ្នឹង​ មិន​​​មាន​អី​ប្លែក​​ទេ​ មន្ត្រី​​ភាគ​ច្រើន​គេ​សង្ស័​យ​ អ៊ី​​ញ្ចឹ​ង​​ហើ​យ​ បើ​​ការ​​​ស៊ើប​​សួរ​​មួយ​​ណា​​ក៏​​ប៉ះ​​ដែរ​​»​​។​ ស្រប​​ជា​មួយ​​គ្នា​​នេះ​ លោ​​ក​ អ៊ូ​ វី​រៈ​ យ​ល់​​​ថា​ ករណី​​លោក​ ​ស៊ុត​ ​ឌី​​ណា​ គឺជា​​មេ​រៀ​ន​រ​បស់​​អ្ន​ក​​ចុះ​ចូល​ជា​​មួយ​​គណ​បក្ស​កាន់​អំ​ណាច​​។​

​លោក​ ស៊ុត​ ឌី​ណា​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ បាន​ប៉ះទង្គិច​ជាមួយ​លោក​ ហោ​ ណាំ​ហុង​ លើ​កិច្ច​ការទូត​ និង​ កិច្ចកា​រដ្ឋបាល​មួយ​ចំនួន​។​ អ្នកវិភាគ​សង្គម​ម្នាក់​ទៀត​ លោក​ សូ​ ច​ន្ថា​ សា​ស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​បក្ស​ប្រឆាំ​ង​​ភាគច្រើន​ដែល​ចុះចូល​នឹង​​បក្ស​កាន់​អំណាច​ មាន​តំណែង​មួយ​ច្បាស់លាស់​ហើយ​តែង​មានការ​កើនឡើង​ទ្រព្យ​ច្រើន​ជាង​មន្ត្រី​​មួយ​ចំនួន​។​

​លោក​បាន​បន្ថែម​ថា​ ការ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ចំណាត់ការ​ដូចនេះ​ ទំនង​ជា​​ចង់​បង្វែរ​ស្ថានការណ៍​ កុំឱ្យ​ពល​រដ្ឋ​​យល់​​ច្រឡំ​ ព្រោះថា​កន្លង​មក​អង្គភាព​នេះ​ តាមដាន់​រឿ​ង​អាស្រូវ​ស្នេហា​របស់​លោក​ កឹ​ម​ សុខា​ ។​ ប៉ុន្តែ​លោក​ពិនិត្យ​ឃើញ​ថា​ លោក​ ​ស៊ុត​ ឌី​ណា​ បា​ន​​គិត​កិច្ចការបក្ស​ច្រើន​ជាង​ការ​បំរើ​ជាតិ​។​

«​ខ្ញុំ​មើលឃើញ​ថា​គាត់​ជា​មន្ត្រី​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​ ជាមួយ​គណបក្ស​ប្រជាជន​ ហើ​យ​​ធ្វើ​កិច្ចការ​ច្រើន​ណា​ស់​​ដែល​ប្រ​ជា​​​​ពល​ករ​​នៅ​​កូរ៉េ​​ខាងត្បូង​មិ​នសូ​វ​​ពេញចិត្ត​ប៉ុន្មាន​ ដោ​យ​​​សារ​​តែ​​យ​ក​​តួនា​ទី​​របស់​​ខ្លួន​​ទៅ​​ប​ម្រើ​​គណ​បក្ស​​ច្រើន​​ជា​ង​​បម្រើ​ផ​ល​​ប្រ​យោ​ជន៍​​ពល​រដ្ឋ​នោះ​​​​»​។​

​ករណី​របស់​លោក​ ស៊ុត​ ឌី​ណា​ នាំ​ឱ្យ​អ្នកវិភាគ​ព្រមាន​ថា​  អ្នក​ចុះចូល​ជាមួយ​បក្ស​កាន់​អំ​ណា​ច​​មិន​ទទួល​បាន​សេចក្ដីសុខ​ច្រើន​ឡើយ​៕​

Share

Image
Image
Image