ភ្នំពេញ៖ ឯកអគ្គរាជទូតខ្មែរនៅកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា លោកបានប្រព្រឹត្តអំពើពុករលួយក្នុងឋានៈជាអ្នកការទូត។ លោកត្រូវបានកោះហៅមកសាកសួរពេញមួយថ្ងៃ កាលពីថ្ងៃម្សិលម៉ិញ ហើយសំណុំរឿងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ ប្រសិនបើរកកំហុសឃើញ លោក ស៊ុត ឌីណា គឺជាអ្នកនយោបាយដំបូងគេមកពីបក្សក្រុមប្រឆាំង ហើយចុះចូលជាមួយបក្សកាន់អំណាច ត្រូវបានដាក់ឱ្យមានទោស ។
អតីតប្រធានចលនានិស្សិតរូបនេះ ធ្លាប់វាយប្រហាររិះគន់រដ្ឋាភិបាលឥតសំចៃ បានក្លាយជាអ្នកសរសើររដ្ឋាភិបាលទៅវិញ បន្ទាប់ពីបានចុះចូលនិងកាន់តំណែងឯកអគ្គរាជទូតខ្មែរនៅកូរ៉េខាងត្បូង។ អ្នកវិភាគមើលឃើញថា លោក ស៊ុត ឌីណា មានអំនួត ភ្លេចប្រវត្តិតស៊ូរបស់ខ្លួននៅពេលមានតំណែងធំ ។
លោក ស៊ុត ឌីណា កាលលោកជាប្រធានចលនានិស្សិត ក្រោយមកជាប្រធានគណបក្សនយោបាយមួយនៅកម្ពុជា ឈ្មោះរបស់លោកបានល្បីជាខ្លាំង ដោយសារលោកហ៊ានចេញមុខប្រឆាំងការគ្រប់គ្រងរបស់រដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នៅក្នុងរយៈពេលលោកជាសកម្មជនលេចធ្លោនេះ លោកមានឧត្តមគតិជាតិនិយមយ៉ាងស៊ីជម្រៅ ចេញមុខប្រឆាំងទង្វើ ដែលលោកហៅថា មិនបំរើផលប្រយោជន៍ជាតិ។ បន្ទាប់មកលោកចេញទៅគណបក្សមួយរបស់សម្ដេចក្រុមព្រះ ហើយត្រូវបានតែតាំងជាអគ្គលេខាធិការរងគណបក្ស ហើយលោកនៅតែជាសកម្មជនប្រឆាំងរាជរដ្ឋាភិបាលដដែល ។
ប៉ុន្តែទីបំផុត លោកបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលលោកធ្លាប់បានវាយប្រហារឥតសំចៃមាត់ ។
ការចុះចូលជាមួយបក្សកាន់អំណាចនាំឱ្យលោកមានបុណ្យស័ក្តិខ្ពង់ខ្ពស់
ការចុះចូលនេះ លោក ស៊ុត ឌីណា ទទួលបានឋានៈសមល្មមដែរ គឺអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តចូលគណបក្សប្រជាជន ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះ លោក ស៊ុត ឌីណា ធ្លាប់ជាតួអង្គប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងស្រួចស្រាល។
នៅពេលបានតំណែងដូចនេះ លោក ស៊ុត ឌីណា បានហៅសម្ដេចហ៊ុនសែនថាជាវីរៈជន ជាអ្នកស្នេហាជាតិពិតៗ ជាអ្នកកសាងសន្តិភាព ។ ក្រោយបន្តិច ស្រាប់តែលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ គឺកូរ៉េខាងត្បូង ។
លោក ស៊ុត ឌីណា កាន់តែមានមុខមាត់យ៉ាងខ្លាំង មានអ្នកស្គាល់លោកកាន់តែច្រើន ។ លោកចាប់ផ្ដើមល្បីឈ្មោះម្ដងទៀត ប៉ុន្តែភាពល្បីរបស់លោកនៅពេលនេះ ត្រូវបានប្រជាជនខ្មែរមួយចំនួនថា លោកជាមនុស្សវៃអបស៊ីអែប ឬគេហៅ ចេះការពារផលប្រយោជន៍ជូនមេ។ ក្នុងឋានៈលោកជាអគ្គរាជទូតខ្មែរនៅកូរ៉េខាងត្បូង លោកទទួលការរិះគន់ជាច្រើន ពីសំណាក់ពលករខ្មែរនៅប្រទេសជឿនលឿនមួយនេះ។ អ្វីដែលធ្វើឱ្យលោក ស៊ុត ឌីណា រងការរិះគន់នោះ គឺករណីលោកបញ្ចុះបញ្ចូលពលករខ្មែរមិនឱ្យចូលរួមវេទិកាមួយរបស់ លោក សម រង្ស៊ី និង លោក កឹម សុខា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីចុងឆ្នាំ ២០១៥។
លោក ស៊ុន ឌីណា ប្រឈមមុខការចោទប្រកាន់ករណីអំពើពុករលួយ
នៅពេលនេះ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កំពុងស៊ើបសួររឿងពុករលួយ ឋានៈលោកជាឯកអគ្គរាជទូតខ្មែរនៅកូរ៉េខាងត្បូង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM១០២ នៅថ្ងៃនេះថា អង្គភាពរបស់លោកកំពុងរៀបចំឯកសារបញ្ជូនទៅតុលាការ ដើម្បីចោទប្រកាន់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដោយសង្ស័យថាបានប្រព្រឹត្តិអំពើពុករលួយករណីចំណាយរបស់លោក។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ការសាកសួរកាលពីម្សិលម៉ិញនេះ មានចំណុចជាច្រើនស៊ីសង្វាក់គ្នាជាមួយភស្តុតាងរបស់អង្គភាពប្រឆាំងពុករលួយ ប៉ុន្តែលោកថាអង្គភាពលោកនឹងបញ្ចូនតែពីរករណីប៉ុណ្ណោះទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់។
លោក ឱម យ៉ិនទៀង ៖ « យើងមានតែពេល ៤៨ ម៉ោងទេ ដើម្បីធ្វើសំណុំបែបបទ ហើយភស្តុតាងដែលយើងរកឃើញ ចម្លើយដែលបានឆ្លើយ វាមានជាប់ពាក់ព័ន្ធគ្នាច្រើនចំណុចពេក អ៊ីញ្ចឹងយើងខ្ញុំនឹងជ្រើសរើសយកតែពីរចំណុចមុនទេ ដើម្បីបញ្ជូនទៅតុលាការមុន បាទ ! »។
កាលពីថ្ងៃទី ១៤ ខែមីនា លោក ស៊ុត ឌីណា បានផ្ញើសារមួយតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់ ព្រមទាំងមានចេតនាទម្លាក់លោកចេញពីតំណែង។
លោកមានប្រសាសន៍ថា៖ «ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត (មកពីអង្គភាពពិសេស ) »។ ទន្ទឹមគ្នានេះ លោក ស៊ុត ឌីណា ក៏បានសុំទោសសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានស្នើសរសេរនៅលើហ្វេសប៊ុកបែបនេះ។
ការយល់ឃើញរបស់អ្នកវិភាគសង្គម លើបុគ្គលក្ខណៈលោក ស៊ុន ឌីណា
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក ស៊ុត ឌីណា ជាបុគ្គលមួយរូបដែលខ្វះភាពម្ចាស់ការលើខ្លួនឯងក្នុងការធ្វើអ្វីមួយ។ លោកបន្តថា អាចមកពីលោកធ្លាក់ប្រជាប្រិយភាពពីសំណាក់ពលករខ្មែរនៅប្រទេសកូរ៉េ ហើយលើសពីនេះទំនងជារដ្ឋាភិបាលកូរ៉េ បានលើកពីបញ្ហាមួយចំនួនអំពី លោក ស៊ុត ឌីណា មករដ្ឋាភិបាលកម្ពុជា ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
«ខ្ញុំមើលពីអត្តចរិករបស់គាត់ដែលទៅធ្វើជាអគ្គរដ្ឋទូត នៅកូរ៉េខាងត្បូង យើងនិយាយឱ្យសាមញ្ញគឺហាក់ដូចជាភ្លាវពេក ធ្វើជ្រុលពេក គាត់ស៊ីជោពេក គាត់កៀបសង្កត់ប្រជាពលរដ្ឋនៅកូរ៉េខាងត្បូងពេក ហើយខ្ញុំជឿជាក់ថាពួកគាត់ប្រហែលជាមានរឿងអំពើពុករលួយ យើងក៏ឃើញប្រជាពលរដ្ឋភាគច្រើនមានការសង្ស័យ អាហ្នឹង មិនមានអីប្លែកទេ មន្ត្រីភាគច្រើនគេសង្ស័យ អ៊ីញ្ចឹងហើយ បើការស៊ើបសួរមួយណាក៏ប៉ះដែរ»។ ស្របជាមួយគ្នានេះ លោក អ៊ូ វីរៈ យល់ថា ករណីលោក ស៊ុត ឌីណា គឺជាមេរៀនរបស់អ្នកចុះចូលជាមួយគណបក្សកាន់អំណាច។
លោក ស៊ុត ឌីណា នៅរយៈពេលចុងក្រោយនេះ បានប៉ះទង្គិចជាមួយលោក ហោ ណាំហុង លើកិច្ចការទូត និង កិច្ចការដ្ឋបាលមួយចំនួន។ អ្នកវិភាគសង្គមម្នាក់ទៀត លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា មន្ត្រីបក្សប្រឆាំងភាគច្រើនដែលចុះចូលនឹងបក្សកាន់អំណាច មានតំណែងមួយច្បាស់លាស់ហើយតែងមានការកើនឡើងទ្រព្យច្រើនជាងមន្ត្រីមួយចំនួន។
លោកបានបន្ថែមថា ការដែលអង្គភាពប្រឆាំងអំពើពុករលួយមានចំណាត់ការដូចនេះ ទំនងជាចង់បង្វែរស្ថានការណ៍ កុំឱ្យពលរដ្ឋយល់ច្រឡំ ព្រោះថាកន្លងមកអង្គភាពនេះ តាមដាន់រឿងអាស្រូវស្នេហារបស់លោក កឹម សុខា ។ ប៉ុន្តែលោកពិនិត្យឃើញថា លោក ស៊ុត ឌីណា បានគិតកិច្ចការបក្សច្រើនជាងការបំរើជាតិ។
«ខ្ញុំមើលឃើញថាគាត់ជាមន្ត្រីស្មោះត្រង់ជាមួយរដ្ឋាភិបាល ជាមួយគណបក្សប្រជាជន ហើយធ្វើកិច្ចការច្រើនណាស់ដែលប្រជាពលករនៅកូរ៉េខាងត្បូងមិនសូវពេញចិត្តប៉ុន្មាន ដោយសារតែយកតួនាទីរបស់ខ្លួនទៅបម្រើគណបក្សច្រើនជាងបម្រើផលប្រយោជន៍ពលរដ្ឋនោះ»។
ករណីរបស់លោក ស៊ុត ឌីណា នាំឱ្យអ្នកវិភាគព្រមានថា អ្នកចុះចូលជាមួយបក្សកាន់អំណាចមិនទទួលបានសេចក្ដីសុខច្រើនឡើយ៕