ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនសំណុំឯកសារករណីឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ទៅតុលាការនៅថ្ងៃអង្គារ៍នេះ បន្ទាប់ពីបញ្ចប់ការសាកសួរកាលម្សិលម៉ិញ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM១០២ នៅថ្ងៃនេះថា អង្គភាពរបស់លោកកំពុងរៀបចំឯកសារបញ្ជូនទៅតុលាការ ដើម្បីចោទប្រកាន់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដោយសង្ស័យថាបានប្រព្រឹត្តិអំពើពុករលួយករណីចំណាយរបស់លោក។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ការសាកសួរកាលពីម្សិលម៉ិញនេះ មានចំណុចជាច្រើនស៊ីសង្វាក់គ្នាជាមួយភស្តុតាងរបស់អង្គភាពប្រឆាំងពុករលួយ ប៉ុន្តែលោកថាអង្គភាពលោកនឹងបញ្ចូនតែពីរករណីប៉ុណ្ណោះទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់។
លោក ឱម យ៉ិនទៀង ៖ « យើងមានតែពេល ៤៨ ម៉ោងទេ ដើម្បីធ្វើសំណុំបែបបទ ហើយភស្តុតាងដែលយើងរកឃើញ ចម្លើយដែលបានឆ្លើយ វាមានជាប់ពាក់ព័ន្ធគ្នាច្រើនចំណុចពេក អ៊ីញ្ចឹងយើងខ្ញុំនឹងជ្រើសរើសយកតែពីរចំណុចមុនទេ ដើម្បីបញ្ជូនទៅតុលាការមុន បាទ ! »។
កាលពីម្សិលម៉ិញអង្គភាពប្រឆាំងអំពើពុករលួយ បានសាកសួរពីការស៊ើបអង្កេតករណីចំណាយរបស់ លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង តាមបណ្តឹងបុគ្គលិកក្រសួងការបរទេស និងពលករចំណាកស្រុកកម្ពុជា៕