en     km
en     km

លោក​ ប៉ែន​ ផាត​ លា​ឈប់​​ពី​​គ្រូបង្វឹក​​វេ​​ស្ទើ​ន​ ​ព្រោះ​​អ្វី​គ្រ​ប់យ៉ាង​​មិន​​តាម​​គម្រោង​

Share

“​គេ​មិន​គិត​ពី​យើង​ផង​ ថ្នាក់ដឹកនាំ​មិន​ខ្វល់​ពី​បាល់ទាត់​ នៅ​ទៀត​ក៏​គ្មាន​ន័យ​ដែរ​ ហត់​ចិត្ត​ ពិបាក​ជាង​ហត់​កាយ​ មា​​ន​តែ​ដើរ​ចេញ​ទៅ​”​។​ សម្ដី​យ៉ាង​មាន​ន័យ​របស់​លោក​ ប៉ែន​ ផាត​ ដែល​សម្រេច​លាឈប់​ពី​គ្រូបង្វឹក​របស់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​តាំងពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​។​

PEN-PHATH-SPORT
​លោក​ ប៉ែន​ ផាត​ កាលជា​គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន

​លោក​ ប៉ែន​ ផាត​ បាន​ប្រកាស​លាឈប់​ពី​តួនាទី​គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ តាំងពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​មក​ម្ល៉េះ​ ហើយ​វត្ត​មាន​របស់​លោក​ក្នុង​ថ្ងៃ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​នោះ​គឺជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​ហើយ​ ក្នុង​នា​ម​ជា​គ្រូបង្វឹក​។​ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ជំនាន់​កីឡាករ​ Pele​ សម្រេច​ដើរ​ចេញ​យ៉ាងនេះ​ គឺ​មក​ពី​មានរឿង​រ៉ាវ​ច្រើន​ដែល​សុទ្ធតែ​ខុស​ពី​អ្វី​ដែល​លោក​រំពឹង​ទុក​។​

​លោក​ ប៉ែន​ ផាត​ និយាយ​ប្រាប់​តាម​ទូរ​សព្ទ​មក​ដល់​ក្រុមការងារ​ Sabay​ ថា​៖​ “​ប្អូន​ដឹង​អត់​ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​កី​​ឡា​ខ្មែរ​ ឱ្យ​ដើរទៅ​មុខ​ដើម្បី​មុខមាត់​ជាតិ​ និង​បណ្ដុះ​ក្មេងៗ​យើង​ឱ្យ​ល្អ​ កុំ​ពឹង​តែ​ពួក​ស្បែក​ខ្មៅ​ពេក​។​ តែ​ធ្វើ​មិច​គេ​​​មិន​យល់​ពី​ខ្ញុំ​ អីចឹង​ខ្ញុំ​មាន​តែ​ដើរ​ចេញ​ ព្រោះ​និយាយ​ទៅ​ក៏​គេ​មិន​យល់​ដដែល​ ព្រោះ​គេ​ដូច​មិនសូវ​ចូល​ចិត្ត​បា​ល់​​ទាត់​ផង​។​ អីចឹង​មាន​តែ​ដើរ​ចេញ​ហើយ​ កុំឱ្យ​ហត់​ចិត្ត​ពេក​ ព្រោះ​មនុស្ស​អាច​ហត់​កាយ​ តែ​មិន​អាច​ហត់​ចិត្ត​បា​ន​​ទេ​។​ យើង​ត្រូវ​គិត​ពី​ចំណាយ​ផង​ កុំ​គិតតែ​ចំណូល​ពេក​”​។​

​ផល​វិបាក​មួយទៀត​ដែល​លោក​ ប៉ែន​ ផាត​ លើក​ឡើង​ដែរ​នោះ​គឺ​ខាង​ថ្នាក់ដឹកនាំ​របស់​ក្លឹ​ប​ មិន​បាន​យក​ចិត្ត​ទុក​ដា​​ក់​ចំពោះ​ថ្នាល​យុវជន​របស់​ក្រុម​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​មាន​គ្រូ​តែ​៤​នាក់​គត់​ ដែល​ត្រូវធ្វើ​ការងារ​ជា​អ្នក​បង្ហាត់​ឈុ​ត​ធំ​ និង​យុវជន​ផង​ អ្នក​ទាក់ទង​រក​ដៃគូ​សហការ​ផង​ អ្នក​ទាក់ទង​ទៅ​ខាង​សហព័ន្ធ​ផង​។​ នេះ​គឺជា​រឿង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​រូប​លោក​ ដើម្បី​ជួយ​ឱ្យ​ក្រុម​មាន​កម្លាំងចិត្ត​ ក៏​ដូច​ជា​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​ដែល​មាន​បច្ចេ​ក​ទេ​ស​ពេញលេញ​។​ “​នៅ​បារាំង​ក៏​គេ​ត្រូវការ​គ្រូ​ច្រើន​ដែរ​ ដើម្បី​មើលថែ​ក្រុម​យុវជន​ មិនមែន​យក​តែ​ប៉ុន្មាន​មក​គ្រាន់​​ទេ​។​ ខ្ញុំ​ចង់បាន​អ្វី​ដែល​ជា​ស្ដង់ដារ​មួយ​សម្រាប់​កូន​ខ្មែរ​ ឱ្យ​ខ្លាំង​ដូច​គេ​ដែរ​”​។​ សម្ដី​ ប៉ែន​ ផាត​ ។​

​ទន្ទឹម​នឹង​ការ​លាឈប់​នេះ​ដែរ​ ឯកឧត្ដម​ តែ​ ឡូ​រិ​ន​ ក៏​បាន​ទូរ​សព្ទ​ទៅ​លោក​ ប៉ែន​ ផាត​ ផ្ទាល់​ដើម្បី​ពិភាក្សា​គ្នា​បន្ត​ទៀត​​ដែរ​ ប៉ុន្តែ​សាមីខ្លួន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​លោក​ឈប់​ហើយ​ មិនបាច់​និយាយ​អ្វី​ទៀត​នោះ​ទេ​ ព្រោះ​​លោក​ត្រូវ​ឡើង​យន្តហោះ​ទៅ​បារាំង​វិញ​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ​ហើយ​ បន្ទាប់​ពី​នៅ​ដើរ​លេង​ចូល​ឆ្នាំ​ខ្មែរ​ជាមួ​យ​បងប្អូន​នៅ​កម្ពុជា​រួច​៕

អត្ថបទ​៖​ មុន្នី​ រម្យ​
​ប្រភព៖ www.news,sabay.com.kh

Share

ព័ត៌មានទាក់ទង

Image