en     km
en     km

​គណៈប្រតិភូ​សភា​អឺរ៉ុប​ថា​ ការ​គ្រប់​គ្រង​​រដ្ឋ​​នៅ​​កម្ពុជា​​ មាន​​ចំណុច​​ច្រើន​​ធ្វើ​​ឱ្យ​​ប៉ះពា​ល​​លទ្ធិ​ប្រជា​ធិបតេ​យ្យ​

Share

​ភ្នំពេញ៖ ​គណៈ​ប្រតិ​ភូ​ស​ភា​​អឺរ៉ុប​​មួយ​​ក្រុម​​ដែ​ល​​បាន​​បញ្ចប់​​​បេ​ស​​កក​​ម្ម​រ​បស់​​ខ្លួន​​នៅ​កម្ពុជា​ រយៈពេល ០​៣​​ ថ្ងៃ​ កា​ល​ពី​​ថ្ងៃ​ទី​ ០​២​ មេ​សា​ ​បាន​​ចា​ត់​​ទុ​ក​កា​រ​គ្រប់គ្រ​ង​រដ្ឋ​នៅ​​កម្ពុជា​​​ ប្រក​ប​ដោ​យ​គ្រោះ​ថ្នាក់ ​ចំពោះ​ក្រុ​ម​​​ប្រឆាំង​ និង​​សក​ម្ម​ជន​សិទ្ធិ​មនុស្ស​ ដោយ​បាន​ទាមទារ​​ឱ្យ​មាន​ភាព​​ប្រសើរ​​ឡើង​វិញ​។ ប៉ុន្តែ​​មន្ត្រី​រដ្ឋា​​ភិ​បា​​ល​​​​​អះ​​​អាង​​ថា​ ​កម្ពុ​​ជា​​​កំ​ពុង​​​ដើរ​​​លើ​​ផ្លូវ​​ត្រូវ​​។​ ទន្ទឹ​ម​គ្នា​នេះ​ដែរ​ ​មេដឹក​​នាំ​​សង្គម​​ស៊ី​​វិល​​ម្នា​ក់​​ថា​ មន្ត្រី​រដ្ឋា​​ភិ​បា​ល​​​​និ​យាយ​​​​ឱ្យ​​តែ​​​​ពិ​រោះ​​​​​ស្ដាប់​​​ប៉ុ​ណ្ណោះ​​ ​។​

 

EU
គណៈប្រតិភូ​សភា​អឺរ៉ុប ធ្វើសិន្និសីទសារព័ត៌មាននៅទីស្នាក់សភា​អឺរ៉ុប បន្ទាប់បញ្ចប់ទស្សនកិច្ច​មក​កម្ពុជា​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការ​ពិត​មួយ​នៅ​កម្ពុជា​ រយៈពេល​៣​ថ្ងៃ​ដែល​ទើបបាន​បញ្ចប់​ កាលពី​ថ្ងៃ​ទី ០​២​ មេ​សា​ ប្រតិភូ​​នៃ​​អនុ​​គណៈ​កម្មាធិ​ការ​​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប​​ បាន​ចេញ​​សេចក្ដី​ថ្លែង​​របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​ក្ដី​ព្រួ​យ​​​បារម្ភ​ពី​​ការ​ធ្លាក់​ចុះ​ល​ទ្ធិ​ប្រ​ជាធិ​ប​តេ​យ្យ​ និង​​ការ​​គោ​រព​​​សិទ្ធិ​មនុ​ស្ស​នៅ​កម្ពុជា​ ។​

សេចក្ដី​ថ្លែង​របស់​ប្រតិភូ​នៃ​​អនុ​គណៈកម្មាធិការ​សិទ្ធិ​​មនុស្ស​សភា​អឺរ៉ុប ​​ត្រូវ​បាន​ចែង​ផ្សាយ​ កាលពី​ថ្ងៃ​ទី ​០​២​ ខែ​មេ​សា​ បាន​បង្ហាញ​​នូវ​ចំណុ​ច​ចា​ប់អារម្មណ៍​​ជា​ច្រើ​ន​ ជុំ​វិញ​ស្ថាន​ភាព​ន​យោបាយ​ និង​ការ​គោ​រព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុ​ជា​។​​

ក្នុង​​សេចក្ដីថ្លែងការណ៍​នេះ​  គណៈប្រតិភូ​អឺរ៉ុប​បាន​​អះអាង​ថា​សហភាព​អឺរ៉ុប​ គឺជា​ទីផ្សារ​នាំ​ចេញ​សម្រាប់​ប្រទេ​ស​​​​កម្ពុ​ជា​ និង​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​  នៃ​ការ​ផ្តល់​ជំនួយ​ឥ​សំណង​ ហើយ​ថា​ គោលបំណង​របស់​ប្រតិភូ​នេះ​ គឺ​ដើ​ម្បី​​​​វាយ​តម្លៃ​នូវ​នូវ​អ្វី​ដែល​ថា​ប៉ះពាល់​ចំពោះ​គោលនយោបាយ​ និង​ កិច្ច​សហប្រតិបត្តិការ​របស់​សហភាព​អឺរ៉ុប​ ដោ​យ​​​សារ​ កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​។​

តាម​សេចក្ដីថ្លែង​ការណ៍​​នេះ​​គណៈប្រតិភូ​សភា​អឺរ៉ុប​ បាន​ធ្វើ​ការ​​ផ្លាស់​​ប្តូរ​​ទស្សនៈ​​ជា​មួយ​​តំណាង​​រដ្ឋា​ភិបាល​​រួម​​ទាំ​ង​​​​ប្រធា​ន​​​គណៈ​​កម្មា​ធិការ​​សិទ្ធិ​​មនុស្ស​ជាតិ​នៃ​រដ្ឋសភា​ រដ្ឋ​មន្ត្រី​​ក្រ​សួង​យុត្តិ​ធម៌​ ​រដ្ឋ​លេ​ខា​ធិការ​​នៃ​​ក្រសួ​ង​ម​ហា​ផ្ទៃ​​និ​ង​​​​តំ​ណាង​​គណ​បក្ស​ប្រឆាំង​​។​

​គណៈប្រតិភូ​សភា​អឺរ៉ុប​ ក៏​បាន​រៀបចំ​កិច្ច​ពិភាក្សា​តុមូល​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ និង​ជួប​ជាមួយ​អ្នករាយ​ការ​ណ៍​​​​ពិ​សេស​​​អង្គ​​ការ​​សហ​​ប្រជា​​ជាតិ​ ​​លោក​​ស្រី​ រ៉ូ​ណា ​​​ស្មី​ត​ ​ដោយ​​​ផ្ដោត​​លើ​​ស្ថាន​ភា​ព​​សិទ្ធិ​​​មនុស្ស​​នៅ​កម្ពុជា​ផង​ដែរ​ ។​

​សមាជិក​នៃ​សភា​អឺរ៉ុប ​បាន​សម្តែង​នូវ​ការ​ដឹងគុណ ​​ចំពោះ​ការ​ពិភាក្សា​បើកចំហ​ក្នុង​ពេល​ដំណើរ​ទស្សន​កិច្ច​​របស់​ពួ​​​ក​​​​​គេ​​​លើ​​កំណែ​ទម្រង់​​ប្រព័ន្ធ​​តុលា​ការ​​និង​ការ​បោះ​ឆ្នោត ​​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ប្រ​យុ​ទ្ធ​​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ ។​

​តែ​​នៅ​ក្នុង​ដំណើរ​ទស្នកិច្ច​នេះ​ សមាជិក​សភា​អឺរ៉ុប​បាន​សម្តែង​ការ​ព្រួយបារម្ភ​មួយ​យ៉ាង​ខ្លាំង​នោះ​គឺ​ធ្វើទុក្ខបុក​ម្នេ​ញ​​​ខាង​​នយោ​បាយ​ទៅ​លើ​បក្ស​ប្រឆាំង​។​ តាម​សេចក្ដីថ្លែងការណ៍​ដដែល​នេះ​គណៈប្រតិភូ​ សភា​អឺរ៉ុប​បាន​ឡើង​ឡើង​​ករណី​សមាជិក​ព្រឹទ្ធសភា​លោក​ហុង​សុខ​ហួរ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​។​ ជាមួយ​គ្នា​នេះ​ គណៈ​ប្រ​តិ​ភូ​​​សភា​អឺរ៉ុប​ក៍​បាន​ទទូច​ឱ្យ​មាន​គោរព​នូវ​ពហុ​និយម​ប្រជាធិបតេយ្យ​ កុំ​ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រ​ឆាំង​ ដែល​ជា​ក្ដី​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​។​

ប្រតិកម្ម​តប​ទៅ​នឹង​អ្វី​ដែល​ជា​ការ​លើក​ឡើង​រ​បស់​សភា​​អឺរ៉ុប​​នេះ​ដែរ​  លោក​ ផៃ​​ ស៊ី​ផា​ន​ អ្នកនាំពា​ក្យ​គណៈ​រដ្ឋ​ម​ន្ដ្រី​ លើ​ក​ឡើ​ង​ថា​ ខាង​​សភា​អឺរ៉ុប​មា​ន​សិទ្ធិ​​គ្រប់​គ្រាន់​​ក្នុង​កា​រ​ព្រួយ​បារម្ភ​ជំនួស​​ខ្មែរ​  ក៏​ប៉ុ​ន្ដែ​ការ​​ទទួល​ខុស​ត្រូ​វ​រ​បស់​សភា​​​ខ្មែរ​ របស់​រាជ​រដ្ឋាភិបា​ល​ខ្មែរ​  ដែល​ទទួល​​បាន​សិទ្ធិ​ផ្ដាច់មុខ​ចេញពី​ប្រជា​ពលរដ្ឋ​ គឺ​ធ្វើ​ទៅ​តាមតែ​លទ្ធភាព​ និង​​សមត្ថភាព​ដែ​លរ​ដ្ឋា​ភិ​បា​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ​។​ លោក​បន្ដ​ថា​ ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ រដ្ឋា​ភិ​បា​ល​​​​តែង​​អនុវត្ត​និង​រក្សា​គោល​ជំហរ​ស​ន្ថិ​ភាព​តាម​នីតិរដ្ឋ​។​

លោក ​ផៃ​ ស៊ី​ផា​ន​ ថា​ ៖«​ ដើម្បី​តម្រូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​ខ្មែរ​  គឺ​ ទី​មួយ​ ស្ថេ​រ​ភាព​នយោបាយ​ ទី​ពីរ​ ​គឺ​ ស​ន្ថិ​ភាព​ និងទី​​បី​​គឺ​ ដែល​យើង​ហៅ​ថា​​ នីតិរដ្ឋ​។​ ដូចនេះ​មិនមែន​បាន​ន័យ​ថា​ បក្ស​ប្រឆាំង​រំលោភ​នីតិរដ្ឋ​យើង​ឈ​រ​​​មើល​នោះ​ទេ​ ​​យើង​ក៏​មិន​ចង់​ឃើញ​ស្រុក​ខ្មែរ​ខ្លាច​ខ្លួន​ទៅ​ជា​ប្រទេស​ស៊ី​រី​ ដែល​តម្រូវ​ឱ្យ​អង្គ​កា​រ​​​សហ​ប្រជា​ជាតិ​ ម​ក​​​ចែ​ក​​អំណោយ​ ចែក​បាយ​ ចែក​ទឹក​ឱ្យ​​យើ​ង​ដែរ​ គឺ​យើង​មិន​ចង់​ចឹ​ង​ទេ​»​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បន្ដ​ទៀត​ថា​ រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ លើ​ផ្លូវ​ត្រឹមត្រូវ​ ដែល​ធ្វើ​​ឱ្យ​​ពលរដ្ឋ​សប្បាយចិត្ត​ មាន​ស្ថេ​រ​ភាព​ សន្តិ​​ភាព​ និង​កំណើនសេដ្ឋកិច្ច​ ។​

លោក​ ផៃ​ ស៊ី​ផា​ន​ ថា​ ៖​ ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ ហើយ​មាន​អធិបតេយ្យភាព​ កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ជំនួយ​របស់​អ្នក​ណា​ទេ​ ​គេ​មិន​ចង់អោយ​ហី​ទៅ​ នេះ​ជា​រឿង​ដទៃ​ទៀត​។​ អធិបតេយ្យភាព​របស់​កម្ពុជា​ និង​មោទនភាព​រប​ស់​កម្ពុជា​ មិន​អាច​ទិញ​ដូរ​តាម​រយៈ​​ជំនួយ​ទេ​ ព្រោះ​ប្រទេស​​យើង​ ​ជា​ប្រទេស​ឯករាជ្យ​»​។​

ចំ​​ណែ​ក​លោក​ គល់​ បញ្ញា​ នាយក​ប្រ​តិ​ប​​​​តិ្ត​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជា ហៅកាត់ថា ​​ខុ​ម​ហ្វ្រេ​ល​ មាន​ប្រសា​ស​ន៍​ថា​ អ្វី​ដែល​សភា​អ៊ឺ​រ៉ុ​ប​បាន​លើក​ឡើង​មកនេះ​  គឺ​លោក​យល់​ស្រប​ ហើយ​សង្ឃឹមថា​ រដ្ឋាភិបាល​និង​​យក​ចិត្ត​ទុក​ដាក់​​ស្ដាប់​តាម​ការ​ទទូច​របស់​សភា​អ៊ឺ​រ៉ុ​ប​។​

លោក គល់​ បញ្ញា ​មានប្រសាសន៍ថា​ ៖«​ចាប់អារម្មណ៍​មែនទែន​ចំពោះ​រឿង​នេះ​ ហើយ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​​ដាក់​​ខិតខំ​ស្ដាប់​ មតិយោ​បល់​​​របស់​ខាង​សភា​សហភាព​អឺរ៉ុប​ ព្រោះថា​ គេ​អាច​ធ្វើការ​ណែនាំ​ទៅ​រដ្ឋាភិបាល​របស់​សហភាព​អ៊ឺ​រ៉ុ​ប​ ឬ​គណៈ​កម្មា​ធិ​ការ​​សភា​​អឺរ៉ុប​ ក្នុង​ការ​ពិនិត្យ​មើល​គោលនយោបាយ​ គោល​ជំហរ​ថ្មី​ ដើម្បី​​លើ​ក​​ស្ទួយ​​ប្រ​ជា​ធិបតេយ្យ​ និង​ដំណោះស្រាយ​ដែល​យើង​កំពុង​ជួប​ប្រទះ​…»​។​

​ជា​ថ្មី​លោក​ គល់​ បញ្ញា​ ជឿ​ថា​ បើ​រដ្ឋាភិបាល​កម្ពុជា​ ព្រម​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ប្រសើរ​ឡើង​វិញ​​​ទៅ​តាម​ការ​ស្នើ​សុំ​របស់​សភា​អឺរ៉ុប​ កម្ពុជា​​អាច​គេច​ផុត​ពី​ការ​​ដាក់​​ទណ្ឌកម្ម​ផ្សេង​ពី​ម្ចាស់​ជំនួយ​ដ៏​ធំ​នេះ​។​

លោក​ គល់​ បញ្ញា​ បញ្ជាក់​ថា​ ៖​ «​ហើយ​រឿង​នេះ​ គេ​អាច​ គេ​អាន​នៅ​បន្ដ​ឃ្លាំមើល​ទៀត​ ហើយ​បើសិនជា​ទៅ​ដល់​ដៃ​​រដ្ឋាភិបាល​សហភាពអឺរ៉ុប​ ហើយ​គណៈកម្មាធិការ​សហភាព​អ៊ឺ​រ៉ុ​ប​ គេ​និង​មានការ​កែប្រែ​ជំហរ​ ឬ​គោលន​យោ​​បាយ​​​ថ្មី​មួយ​ ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ដោះស្រាយ​បញ្ហា​ហ្នឹង​ រហូត​ដល់​មាន​ដាក់​ទណ្ឌកម្ម​អី​ ។​ នេះ​ខ្ញុំ​​យ​ល់​​​ថា​ ជា​ផល​ប៉ះពាល់​ធំ​ណាស់​ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​អំពី​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប​»​។​

​កាលពី​ចុងឆ្នាំ​ ២០១៥​សភា​ អឺ់រ៉ុប​ បាន​អនុម័ត​ដោយ​សំឡេង​ លើសលុប​ថ្កោលទោស​ ការ​ធ្វើទុក្ខបុកម្នេញ​ ខាង​នយោ​បាយ​ លើ​​ក្រុម​សំឡេង​​ភាគ​តិច​នៅ​រដ្ឋសភា​ ជា​ពិស​ស​ បានថ្កោល​​ទោស​ចំពោះ​ការ​ចេញ​ដីការ​ចាប់ខ្លួន​ លោ​ក​ សម រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ ​សូម​រលឹក​ថា​សហភាព​ អឺរ៉ុប​មាន​ ២៨​ ប្រទេស​ ។​ បច្ចុប្បន្ន​នេះ​ សហភាព​អឺរ៉ុប​ គឺស្ថាប័ន​ផ្ដល់​ជំនួយ​ដ៏​ធំ​ជាងគេ​​សម្រាប់​ការ​អភិវឌ្ឍន៍​​ប្រទេស​កម្ពុជា​ ​៕​

 

Share

ព័ត៌មានទាក់ទង

Image