ភ្នំពេញ៖ រដ្ឋសភាបានអនុម័តសមាភាពគណៈរដ្ឋមន្ត្រីថ្មី និងសេចក្ដីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស តាមសំណើររបស់នាយករដ្ឋមន្ត្រី ខណៈដែលគណបក្សសង្រោះជាតិភាគច្រើនមិនគាំទ្រការអនុម័តសមាភាពគណៈរដ្ឋមន្ត្រីថ្មីនេះ។ ចំណែកមន្ត្រីសង្គមស៊ីវិលថាការអនុម័តកែសម្រួលសមាសភាពគណៈរដ្ឋមន្ដ្រីគឺជាខ្ចះខ្ចាយថវិការរដ្ឋ។
នៅក្នុងសម័យប្រជុំពេញអង្គព្រឹកម៉ិញនេះ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ៦៨ រូបនិងមកពីគណបក្សសង្គ្រោះជាតិចំនួន ៤០ រូបបានចូលកិច្ចប្រជុំនេះ។ រដ្ឋសភាបានអនុម័តកែសម្រួលសមាសភាពគណៈរដ្ឋមន្ដ្រីចំនួន ២៦ រូប តាមសំណើរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយសំឡេងគាំទ្រ ៧០ សំឡេង មិនគាំទ្រ ២៤ សំឡេង និងអនុប្បវាទ ០៣ សំឡេងក្នុងចំណោមតំណាងរាស្ត្រទាំងអស់ ១០៧ រូបដែលបានចូលប្រជុំសភានៅព្រឹកថ្ងៃទី ០៤ ខែមេសានេះ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំសភាពេញអង្គ ដោយឆ្លើយតបទៅនិងគណបក្សសង្គ្រោះជាតិ មិនបោះឆ្នោតគាំទ្រការុះរើគណៈរដ្ឋមន្ត្រីថ្មីនេះ។ សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា មិនមានក្ដីព្រួយបារម្ភនោះទេ បើទោះជាគណបក្សប្រឆាំងមិនគាំទ្រការបោះឆ្នោតអនុម័តសមាសភាពរដ្ឋមន្ដ្រីថ្មីក៏ដោយ។ សម្ដេចបន្ថែមថា សម្ដេចមិនចង់ជំពាក់គុណគណបក្សសង្គ្រោះជាតិ ចំពោះការចូលរួមអនុម័តគាំទ្រការអនុម័តរុះរើគណៈរដ្ឋមន្ដ្រីនេះដែរ។
«គណបក្សប្រជាជនកម្ពុជាមានសំឡេងគ្រប់គ្រាន់ហើយ បើគណបក្សសង្គ្រោះជាតិមិនគាំទ្រ គឺជាសិទ្ធិរបស់គណបក្សនេះ ដែលសម្ដេចថា សម្ដេចក៏មិនចង់ឱ្យគណបក្សសង្គ្រោះជាតិមានគុណលើគណបក្សប្រជាជននោះដែរ»។
ជុំវិញបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ COMFREL យល់ថា ការអនុម័តកែសម្រួលសមាសភាពគណៈរដ្ឋមន្ដ្រីថ្មីនេះ គឺជាបន្ថែមបន្ទុកទៅលើប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ព្រោះរដ្ឋត្រូវចាយវាយថវិការដ្ឋដោយខ្ចះខ្ចាយ ដោយសារចំនួនគណរដ្ឋមន្ត្រីមានការកើនឡើងបន្ថែមទៀត។
លោក គល់ បញ្ញា បានហៅការអនុម័តកែសម្រួលសមាសភាពគណៈរដ្ឋមន្ដ្រីថ្មីនេះ គឺមិនមែនជាកែទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាលឡើយ។ កំណែទម្រង់នេះ គឺគ្រាន់តែជំនួសកន្លែងរដ្ឋមន្ត្រីប៉ុណ្ណោះ។ លោកបន្តថា ការជំនួសកន្លែងរដ្ឋមន្ត្រីនេះ កំពុងធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងាររបស់រដ្ឋទៅវិញទេ។
«បញ្ហាគឺការកើនឡើងនៃចំនួនសមាជិកគណៈរដ្ឋមន្ត្រី ដែលធ្វើឲ្យប៉ះពាល់ ប្រសិទ្ធភាពរបស់សមាជិកគណៈរដ្ឋមន្ត្រីនៅពេលដែលបន្ថែមធំពេករហូតដល់ជាង ២០០ ទៅ ៣០០ សមាជិកគណរដ្ឋមន្ត្រី អាចជាបន្ទុកថវិកាជាតិ បន្ទុករបស់ប្រជាពលរដ្ឋតាមរយៈការបង់ព័ន្ធ»។
ក្នុងពេលតែមួយគ្នានេះសភាបានអនុម័តសេចក្ដីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស
នៅក្នុងកិច្ចប្រជុំសម័យពេញអង្គរដ្ឋសភាព្រឹកម៉ិញនេះដែរ សភាពេញអង្គក៏បានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សហជីព កំពុងមានភាពចម្រូងចម្រាស ខណៈដែលសហជីពមួយចំនួនបានធ្វើការតវ៉ាទាមទារនៅក្រៅរបងរដ្ឋសភាឲ្យកែប្រែមាត្រាមួយចំនួន ក៏មានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរខណ្ឌដូចពេញ បង្កឲ្យមន្ត្រីសម្ព័ន្ធសហជីពលចលនាកម្មករ (CCW) ម្នាក់រងរបួលបែកត្រង់ចិញ្ចើមឆ្វេង។
ចំណែកនៅក្នុងរដ្ឋសភាវិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆ័យ មានប្រសាសន៍ថានៅក្នុងកិច្ចប្រជុំពេញអង្គព្រឹកមិញនេះថា គណៈកម្មាការចំពោះកិច្ច មិនបានកែសម្រួលចំនុចមួយចំនួននៅក្នុង ច្បាប់ស្តីពីសហជីពដែលមានចំនួន ១៧ ជំពូក និង ១០០ មាត្រា តាមកិច្ចព្រមព្រៀងគ្នាឡើយ។
«ចំណុចមួយចំនួនដែលក្រុមការងារចំពោះកិច្ចព្រមព្រៀងគ្នានោះ ក៏មិនឃើញបានយកទៅកែលម្អសេចក្តីព្រាងច្បាប់ទាំងអស់ដែរ នេះជាចំនុចមួយត្រូវការឲ្យមានការបញ្ជាក់ឲ្យបានច្បាស់លាស់ដែរ»។
ឆ្លើយតបបញ្ញានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារមានប្រសាសន៍ថា ក្រសួងបានកែប្រែចំនួន ៣៧ ចំណុចស្មើប្រមាណ ២២ មាត្រា។ លោកបន្តថា ច្បាប់ស្តីពីសហជីពនេះ បានធានាពីសិទ្ធិសេរីភាពរបស់សហជីពនិងកម្មករ។
លោក អ៊ិត សំហេង និយាយថា៖ «បានកែសម្រួលចំណុចមួយចំនួនសរុបទំាងអស់ ៣៧ ចំណុចលើ ២២ មាត្រា ដូចរបាយការណ៍ឯកឧត្តមបានពិនិត្យ ប៉ែន បញ្ញា បានរាយការណ៍ជូនរដ្ឋសភា»។
ផ្ទុយពីនេះ គណបក្សសង្គ្រោះជាតិដែលថា ច្បាប់ស្តីពីសហជីពមានការរឹតត្បិតសេរីភាពរបស់កម្មករ និងសហជីពយ៉ាងខ្លាំង ដែលមានមាត្រាមួយចំនួនមានភាពស្មុកស្មាញ ដោយស្នើឲ្យរដ្ឋសភាចែកឲ្យបានច្បាសលាស់អំពីការគោរពសិទ្ធិកម្មករក្រៅប្រព័ន្ធ និងការកំណត់ប្រាក់ខែឲ្យច្បាស់លាស់។ ច្បាប់ស្តីពីសហជីពនេះ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិមិនបានបោះឆ្នោតគាំទ្រនោះទេ៕