ភ្នំពេញ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក ស៊ុន ឆ័យ ទាមទារឲ្យរដ្ឋសភាពន្យល់ករណីហិង្សាលើមន្ត្រីសហជីពមួយរូបនៅក្រៅរបងរដ្ឋសភា។ លោក ស៊ុន ឆ័យ ទាមទារបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់សហជីព នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦។
លោក ស៊ុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន ពន្យល់ពីមូលហេតុករណីអំពើហិង្សានៅក្បែររដ្ឋសភាកាលពីព្រឹកមិញមិញនេះ បានបណ្តាលឲ្យមន្ត្រីម្នាក់នៃសម្ព័ន្ធសហជីពលចលនាកម្មករ (CCW) ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញវាយឲ្យរងរបួលខណៈកម្មករជាង ១០០ នាក់មកពីសហជីពផ្សេងៗគ្នា បានជួបជុំនៅក្បែរ រដ្ឋសភា ដើម្បីទាមទារឱ្យសភាជាតិធ្វើការកែប្រែមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីព។
ចំណែក អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ណៃ វង់ដា ដែលស្ថិតក្នុងហេតុការណ៍នោះ បានថ្កោលទោសចំពោះការបង្រាបនេះ ហើយបានទទូចឱ្យសហគមន៍អន្តរជាតិពិនិត្យឡើងវិញនូវជំនួយនានា។ លោក ណៃ វង់ដា បានបន្តទៀតថា មិនត្រឹមតែមន្ត្រីសហជីពត្រូវរងការបង្រាបនោះទេ សូម្បីតែមន្ត្រីសិទ្ធិមនុស្សក៏រងការគំរាមពីអាជ្ញាធរផងដែរ។
បើទោះជាយ៉ាងណា គេមិនបានឃើញសម្ដេចហេងសំរិន ប្រធានរដ្ឋសភាឆ្លើយតបភ្លាមៗ ចំពោះការ ទាមទាររបស់លោក ស៊ុន ឆ័យ ទេនៅការប្រជុំសភាកាលពីព្រឹកមិញនេះ ៕